នាយករដ្ឋមន្ត្រី​ថា ការ​ចំណាយជិត​៥០ភាគរយ​ក្នុងវិស័យ​ដឹក​ជញ្ជូន​​ជា​អំពើពុករលួយ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យនេះបានថ្លែងថា យោងតាមរបាយការណ៍សម្ងាត់មួយដែលលោកទទួលបានបានបង្ហាញថា ៤៨ភាគរយនៃការចំណាយក្នុងវិស័យដឹកជញ្ជូននៅកម្ពុជាជាការចំណាយក្រៅផ្លូវការដែលគ្មានវិក្កយបត្រ ឬដែលលោកហៅថាជាការ “សូកប៉ាន់” និងជាអំពើពុករលួយ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងបែបនេះនៅក្នុងពិធីសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មករនៅក្រុងព្រះសីហនុ ដើម្បីអបអរសាទរក្នុងទិវាពលកម្មអន្តរជាតិ១ ខែឧសភា។ លោក ហ៊ុន សែន បានថ្លែងថា “យោងតាមរបាយការណ៍សម្ងាត់មួយបានឲ្យដឹងថា ចំណាយផ្លូវការដែលមានវិក្កយបត្រ (មាន) ៤៩ភាគរយ។ ចំណាយក្រៅផ្លូវការ អត់មានវិក្កយបត្រ ព្រោះតែ តែក្រៅផ្លូវការមិនដែលមានវិក្កយបត្រទេ កុំឆ្ងល់! អាហ្នឹងសូកប៉ាន់ហើយ (មាន) ៤៨ភាគរយ ។ តម្លៃសេវាដឹកជញ្ជូន សេវាបញ្ជូនទំនិញ (មាន)៣ភាគរយ… ខ្ញុំមិនច្បាស់ថាមាន (របាយការណ៍)ប្រាកដប៉ុណ្ណាទេ តែជើងលេខនេះអាចទុកចិត្តបាន”

ទោះយ៉ាងណា លោក ហ៊ុន សែន មិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលបានខាតបង់តាមរយៈការចំណាយក្រៅផ្លូវការនោះទេ។ លោកក៏មិនបានបញ្ជាក់ថា របាយការណ៍ដែលបង្ហាញថាមានការចំណាយក្រៅផ្លូវការ៤៨ភាគរយនេះ គិតចាប់ពីឆ្នាំណា និងក្នុងរយៈពេលប៉ុន្មានឆ្នាំនោះទេ។

នាយករដ្ឋមន្ត្រី​ថា ការ​ចំណាយជិត​៥០ភាគរយ​ក្នុងវិស័យ​ដឹក​ជញ្ជូន​​ជា​អំពើពុករលួយ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មករនៅក្រុងព្រះសីហនុ

លោកនាយករដ្ឋមន្ត្រីបានបញ្ជារដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល និងស្ថាប័នពាក់ព័ន្ធទាំងអស់ដោះស្រាយបញ្ហាចំណាយក្រៅផ្លូវការនេះឲ្យបាន ដោយលោកបញ្ជាក់ថា ដើម្បីនាំឲ្យមានបញ្ចុះថ្លៃក្នុងការដឹកជញ្ជូន ជំរុញឲ្យមានការប្រកួតប្រជែងជាមួយប្រទេសជិតខាង។ លោក ហ៊ុន សែន បានបញ្ជាក់ថា៖ “អញ្ចឹង ឯកឧត្ដម ស៊ុន ចាន់ថុល ត្រូវរួម ព្រោះឯកសារហ្នឹងខ្ញុំទុក គេដាក់ confidential (សម្ងាត់) នៅហ្នឹងយ៉ាងច្បាស់ ត្រូវធ្វើការជាមួយផ្នែកពាក់ព័ន្ធ ដើម្បីតាមដានមើលអាហ្នឹង (ការចំណាយក្រៅផ្លូវការ)ហើយរាយការណ៍ឲ្យខ្ញុំ… ព្រោះអារឿង(ចំណាយ)ក្រៅផ្លូវការនេះ យើងខិតខំបំបាត់ ព្រោះវាជាអំពើពុករលួយមួយ ដែលនាំទៅដល់បាត់បង់ភាពប្រកួតប្រជែង ហើយការបាត់បង់ភាពប្រកួតប្រជែងគ្រាន់តែ បញ្ហាក្រុមហ៊ុនទេ រឿងក្រុមហ៊ុនវាទាក់ទងជាមួយកម្មករ រឿងក្រុមហ៊ុនវាទាក់ទងជាមួយកសិករ”

គួរបញ្ជាក់ថា កាលពីចុងខែកុម្ភៈ លោកបានរិះគន់រដ្ឋមន្រ្តីក្រសួងសាធារណការ និងរដ្ឋមន្រ្តីក្រសួងកសិកម្មថាជារដ្ឋមន្រ្តីធ្វើការយឺតយ៉ាវ និងថាក្រសួងទាំងពីរស្ថិតនៅលំដាប់ថ្នាក់ក្រោមគេបង្អស់នៃប្រសិទ្ធភាពការងារ។ ។ លោកបានថ្លែងចំៗថា ក្រសួងសាធារណមិនបានធ្វើការងារឲ្យបានលឿនជូនប្រជាពលរដ្ឋ។

នៅក្នុងខែមីនា រដ្ឋាភិបាលបានធ្វើការរុះរើគណៈរដ្ឋមន្ត្រីរបស់លោក ដោយក្នុងនោះ ក៏មានការផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក  ទៅជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ហើយលោក ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទៅជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនវិញ។

របាយការណ៍ឆ្នាំ២០១៥របស់អង្គការតម្លាភាពអន្តរជាតិស្តីពីអំពើពុករលួយបង្ហាញថាប្រទេសកម្ពុជានៅតែ ស្ថិតនៅក្នុងចំណោមបណ្តាប្រទេសដែលមានស្ថានភាពអំពើពុករលួយធ្ងន់ធ្ងរ។ បើតាមរបាយការណ៍នោះក្នុងចំណោមប្រទេស១៦៨ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៥០ ដោយទទួលបានពិន្ទុ២១លើ១០០ ដែលយោងតាមសន្ទស្សន៍នៃការសិក្សាមានន័យថាកម្ពុជានៅតែស្ថិតក្នុងក្រុមប្រទេសដែលមានអំពើពុករលួយធ្ងន់ធ្ងរ៕

ប្រភពៈ VOD