វៀតណាម​ធ្វើ​បាតុកម្ម ប្រឆាំង​​​ក្រុមហ៊ុន​តៃវ៉ាន់ដែល​បញ្ចេញ​ជាតិ​ពុលងាប់​ត្រី

នៅថ្ងៃអាទិត្យទី ១ ឧសភានេះ ពលរដ្ឋវៀតណាមរាប់រយនាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅទីក្រុងហាណូយ ដើម្បីប្រឆាំងនឹងក្រុមហ៊ុនសហគ្រាសតែវ៉ាន់មួយ ដែលពួកគេសង្ស័យថាបានបញ្ចេញជាតិគីមីពុល បំផ្លាញឧស្សាហកម្មនេសាទ តាមឆ្នេរសមុទ្ទនៅភាគកណ្តាលប្រទេស។

សមុទ្ទពុល យើងក៏ស្លាប់ ! ត្រូវតែសង្គ្រោះសមុទ្ទ ! នេះសុទ្ធសឹងជាបដានិងសម្រែករបស់បាតុករវៀតណាម ដែលតក់ស្លុតយ៉ាងខ្លាំងនឹងឃើញ ត្រី ខ្ចៅខ្សងគ្រឿងសមុទ្ទ រាប់តោន បានងាប់រពុយជាបន្តបន្ទាប់ ! ឧស្សាហកម្មនេសាទ ដែលជាដណ្តើមរស់របស់ពួកគេ រងការគំរាមកំហែងយ៉ាងខ្លាំង។

បាតុករសង្ស័យថា ដើមហេតុ គឺបណ្តាលមកពីរោងចក្រតៃវ៉ាន់ Formosa ដែលជារោងចក្រផលិតដែក ដែកថែប នៅក្បែរនោះ បានបញ្ចេញជាតិពុលបំផ្លាញបរិស្ថាន។ ក្រុមហ៊ុនFormosa នេះល្បីឈ្មោះ ពេញពិភពលោក និងជាប់រឿងអាស្រូវខ្លាំងបំផុតខាងបំពុលបរិស្ថាន។

វៀតណាម​ធ្វើ​បាតុកម្ម ប្រឆាំង​​​ក្រុមហ៊ុន​តៃវ៉ាន់ដែល​បញ្ចេញ​ជាតិ​ពុលងាប់​ត្រី

បាតុករវៀតណាមប្រឆាំងនឹងការបំពុលបរិស្ថានសម្លាប់ត្រី នៅក្រុងហាណូយ ថ្ងៃទី ១ ឧសភា ២០១៦

អាជ្ញាធរវៀតណាម មិនទាន់ចេញសេចក្តីសន្និដ្ឋានអ្វីភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងឧស្សាហកម្មផលិតដែកថែប ទៅនឹងការងាប់ត្រីនិងគ្រឿងសមុទ្ទរាប់តោននេះឡើយ។ដំណើរការអង្កេតផ្លូវការ បាននិងកំពុងចាប់ផ្តើមហើយ។ ប៉ុន្តែបើតាមសារព័ត៌មានផ្លូវការវៀតណាម ក្រុមហ៊ុនផលិតដែកថែបតៃវ៉ាន់ ជាអ្នកទទួលខុសត្រូវ ព្រោះរោងចក្រមានប្រព័ន្ធបង្ហូរទឹកស្អុយ ចេញពីរោងចក្រFormosa ប្រវែង១គីឡូម៉ែត្រកន្លះ  ចាក់ចូលទៅសមុទ្ទតែម្តង។

សូមបញ្ជាក់ថា គ្រាន់តែរឿងអាស្រូវងាប់ត្រីនិងខ្ចៅខ្យងបានផ្ទុះឡើងភ្លាម ក្រុមហ៊ុនតៃវ៉ាន់បាន សម្តែងការសុំទោស និងបានដកអ្នកទទួលខុសត្រូវរោងចក្រចេញពីតំណែង ដែលបានប្រើពាក្យមិនសមរម្យ “អ្នកត្រូវជ្រើសរើសរវាងត្រី បង្គាបង្កង និងរោងចក្រដែកថែបដ៏ទំនើប”។ ក្រុមហ៊ុនក៏បានប្រកាសបើកអង្កេតមួយដែរ។

សម្រាប់បាតុករវៀតណាម ក្រុមហ៊ុនតៃវ៉ាន់នេះត្រូវតែបិទ ព្រោះក្រុមហ៊ុនដឹងខ្លួនយ៉ាងច្បាស់ថាជាអ្នកបំពុលបរិស្ថាន។ នាយករដ្ឋមន្ត្រីវៀតណាម ក៏បានសន្យាតបវិញដែរថានឹងដាក់ទណ្ឌកម្មចាស់ដៃលើជនជាប់ចោទ។

មានរោងចក្រឧស្សាហកម្មច្រើនណាស់បានតាំងទីនៅភាគកណ្តាលវៀតណាមនេះ ប៉ុន្តែ ដោយសារអំណោយផលភូមិសាស្ត្រ មានឆ្នេរជាង៣ពាន់គីឡូម៉ែត្រ ឧស្សាហកម្មនេសាទនិងការនាំចេញត្រី បង្គារមឹក ព្រមទាំងគ្រឿងសមុទ្ទផ្សេង នៅតែមានសកម្មភាពខ្លាំង និងនាំចំនូលបានប្រមាណ៥៨០០លានអឺរ៉ូ នៅឆ្នាំ២០១៥កន្លងទៅ៕

ប្រភពៈ RFI