​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ជាថ្មី កុំ​ឲ្យ​បរទេស​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​

ភ្នំពេញ:
សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ជាថ្មី​ថា សូម​ឲ្យ​ប្រទេស​ដទៃ​កុំមក​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឲ្យ​សោះ ព្រោះ​កម្ពុជា​មិនបាន​លូកលាន់​ចូល​កិច្ចផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ​ឡើយ​។ ការអំពាវនាវ​ជាថ្មី​នេះ បានធ្វើ​ឡើង​គ្រា​ដែល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ដ្រី បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្ម​ការ​នី និង​បុគ្គលិក​ទាំង​អស់នៃ​កំពង់ផែ​ស្វយ័ត​ខេត្ដ​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​

​សម្ដេច​តេ​ជោ នាយករដ្ឋមន្ដ្រី បាន​មានប្រសាសន៍​ដោយ​ស្នើ​ឲ្យ​ប្រទេស ដែលមាន​បំណង​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា សូម​គោរព​នូវ​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ប្រទេស​កម្ពុជា ដោយ​កុំ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឲ្យ​សោះ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ដថា ពីមុនមក​មាន​ប្រទេស​មួយចំនួន​បានស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បែងចែក​ឲ្យ​ដាច់ពីគ្នា នូវ​អំណាច​នីតិ​ប​ញ្ញ​ប្ប​, អំណាច​នីតិ​ប្រតិ​ប​ត្ដិ​, និង​អំណាចតុលាការ តែ​ពេលនេះ​បែរជា​ប្រទេស​ទាំងនោះ មក​ដាក់​សម្ភា​ធ​ខ្លះ​ដល់​កម្ពុជា ដើម្បី​បំពាន​លើ​អំណាចតុលាការ​ទៅវិញ ដែល​នេះ​ជា​ទង្វើ​ខុសឆ្គង​មួយ​របស់​បរទេស​។​

​ជាមួយគ្នានេះ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ប្រទេស​កម្ពុជា​មិនមាន​ជួប​វិបត្ដិ​អ្វី​ឡើយ ហើយ​ប្រសិនបើ​មាន​ជនបរទេស​ណា​ម្នាក់​និយាយថា ប្រទេស​កម្ពុ​ជាមាន​វិបត្ដិ​នោះ សូម​មើល​ប្រទេស​ខ្លួនឯង​វិញ​ផង​ថា​តើ​ជួប​បញ្ហា​អ្វី​ដែរ ដូចជា​ប្រទេស​នៅក្នុង​តំបន់​អឺរ៉ុប ដែល​រង​ការវាយប្រហារ​ដោយ​ភេ​វរ​កម្ម គឺ​បាន​ជួប​វិបត្ដិ​ជនភៀសខ្លួន ហើយ​នៅពេល​ជួប​បញ្ហា​វិបត្ដិ​នេះហើយ គឺ​សិទ្ធិ​ជនភៀសខ្លួន​ត្រូវបាន​បាត់បង់​ជាក់​ជាមិនខាន​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា គ្រាន់តែ​ប្រឆាំង​ពួក​អាណាធិបតេយ្យ​ប៉ុណ្ណោះ ព្រោះ​កាលណា​មិនមែន​នីតិរដ្ឋ គឺ​អាណាធិបតេយ្យ​ហើយ​។ សម្ដេច​តេ​ជោ បានលើកឡើង​ទៀតថា ប្រជាធិបតេយ្យ​គឺ​ត្រូវ​អមដោយ​នីតិរដ្ឋ ហើយ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​មាន​ព្រំដែន ជាមួយនឹង​សេរីភាព​របស់​អ្នកដទៃ​។ ប្រសិនបើ​ជនណាម្នាក់​រំលោភ​សេរីភាព​អ្នកដទៃ គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ហើយ​ត្រូវ​ចាត់វិធានការ​ដាច់ខាត ដើម្បី​ការពារ​កិ​ត្ដិ​យស និង​សេចក្ដីថ្លៃថ្នូរ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឆ្លើយតប​ទៅកាន់​ក្រុមតំណាងរាស្ដ្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សរសេរ​លិខិត​ទួល​ថ្វាយ​ព្រះមហាក្សត្រ​អំពី​ស្ថាន​នយោបាយ​នៅ​កម្ពុជា ដោយ​ក្រុមតំណាងរាស្ដ្រ​គណបក្សប្រឆាំង បាន​លើកឡើងថា ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្ដិនយោបាយ ហើយ​ស្នើសុំ​ព្រះមហាក្សត្រ​ជួយ​អន្ដរាគមន៍​។ សម្ដេច​តេ​ជោ បាន​គូសបញ្ជាក់ ថា ប្រទេស​កម្ពុជា​កំពុងមាន​សុខសន្ដិភាព និង​ស្ថិរភាព​នយោបាយ ហើយ​គ្មាន​វិបត្ដិនយោបាយ​នោះទេ ហើយ​អ្នក​ដែល​លើកឡើង​ពី​វិបត្ដិនយោបាយ​នោះ គឺ​ពួកគេ​កំពុងតែ​ដើរលេង​យ៉ាង​សប្បាយ​ទាំង​នៅក្នុង​ប្រ​ទេ និង​ក្រៅប្រទេស​៕

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ជាថ្មី កុំ​ឲ្យ​បរទេស​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​