២ ចំណុច​ ​ជា​ប្រភពទ្រព្យ​​មិន​ចេះ​រីងស្ងួត

សេចក្ដី​​ទៀងទាត់ និង​សេចក្ដី​​​ស្មោះ​ត្រង់ ​គឺ​ជាប្រភពទុនមិន​ចេះ​រីងស្ងួត ដែល​​លោក សោម សម្បត្តិ នាយក​ប្រតិបត្តិ នៃ​​សហគ្រាស​ផលិត​ថ្នាំ​ពណ៌​ជាតិ Cam-Paint បាន​លើក​ឡើង និង​បកស្រាយ​ នៅ​​​ក្នុង​សិក្ខា​សាលា​មួយ​ស្ដី​ពី “សិល្បៈ​នៃ​ការ​ដឹក​នាំ” កាល​ពី​ ខែ​មករា ​ឆ្នាំ​ ២០១៦​ កន្លង​មក។

 

២ ចំណុច​ ​ជា​ប្រភពទ្រព្យ​​មិន​ចេះ​រីងស្ងួត

 

 

នេះ​ជា​សម្ដី​របស់លោក សោម សម្បត្តិ​៖ “ភាព​ទៀងទាត់ ដែល​ខ្ញុំ​​លើក​ឡើង​​ថ្ងៃ​នេះ ​ចង់​​សំដៅ​ទៅ​លើ​ការ​គោរព​ពេលវេលា។ អម្បាញ់មិញ​ ខ្ញុំ​មក​យឺត ២ នាទី ខ្ញុំ​​ស្ដាយ​ណាស់។ ​​ពេល​បើក​ឡាន​មក ខ្ញុំ​សុខចិត្ត​​ឈប់នៅ​​​មុខ ចុះ​ដើរ​មក (ខ្លាច​ខក​ពេល​កាន់​តែ​ច្រើន)។ ទី២ សេចក្ដី​​​ស្មោះ​ត្រង់។ ខ្ញុំ​ឃើញ​ថា អ្នក​ខ្លះ​គេ​ឱ្យ​ប្រាក់​ខែ​តិច គាត់​ពិបាក​រស់​ពេក​ទៅ គាត់​ចាប់​ផ្ដើម​រកកន្លែង​ស៊ី។ គេ​ឱ្យ​ទិញ​ទឹក​សុទ្ធ​មួយ​យួរ ៤ ពាន់ គាត់​ដាក់ ៤ ពាន់ ៥ រយ​។ គេ​ឱ្យ​ទៅ​ទិញ​វីស ១០ គ្រាប់ ៧ រយ គាត់​ដាក់ ១ ពាន់ ៣ រយ”។

 

មិន​បកស្រាយ​ច្រើន​លើ​ចំណុច​ទី​មួយ ប៉ុន្តែ​បុរស​ចូលចិត្ត​រឿង​ថ្មី និង​ប្លែក​រូប​នេះ​ បាន​សង្កត់​ធ្ងន់​ត្រង់​ចំណុច​ទី​ពីរ​ថា ៖ “បើ​ចរិត​នេះ​កំពុង​​​មាន​នៅ​ក្នុង​ខ្លួន ក្រវាត់​វា​ចោល​ទៅ ព្រោះ​នៅ​ពេល​​យើង​ចង់​មាន ចង់​បាន​ ចង់​ធ្វើ​ការ​ធំដុំ យើង​ជា​អ្នក​​​សម្រេច​ចិត្ត​ជាមួយ​លុយ​រាប់​ម៉ឺន រាប់​សែន ​រាប់​លាន។ អ៊ីចឹង​យើង​ត្រូវ​សួរ​ខ្លួន​ឯង​ថា គេ​ទុក​ចិត្ត​យើង​បាន​អត់ បើ​គ្រាន់​តែ​លុយ​​តែ ៥០០៛, ១ ០០០៛​ លុយ​ខ្មែរ ចាប់​ផ្ដើម​ស៊ី​បាត់​ទៅ​ហើយ​ហ្នឹង ចុះ​ទម្រាំ​ឃើញ​លុយ​ពាន់​លុយ​​ម៉ឺន ដឹង​​ខ្វារ​ករ​ប៉ុណ្ណា​ទៅ”។

 

វិនិយោគិនមាន​កម្រិត​វប្បធម៌ ត្រឹម​ថ្នាក់​ទី ៦ ​រូប​នេះ បញ្ជាក់​ថា ភាព​ស្មោះត្រង់​មិន​​​ស្ថិត​នៅ​លើ​បបូរ​មាត់​ទេ គឺ​នៅ​លើ​ទង្វើ ហើយ​ក៏​គ្មាន​មនុស្សអាក្រក់ណា មក​ប្រាប់​អ្នក​ថា គេ​ជា​មនុស្ស​មិន​ត្រង់​ដែរ។

 

ក្នុង​នាម​ជា​ម្ចាស់ក្រុមហ៊ុន ​មាន​បទពិសោធន៍​យូរ​​ឆ្នាំ ក្នុង​វិស័យ​ជំនួញ លោក ​សោម សម្បត្តិ សូម​ឱ្យ​មនុស្ស​គ្រប់រូប​ មាន​ភាព​ស្មោះត្រង់ និង​​​សេចក្ដី​ទៀងទាត់ ដើម្បី​ឱ្យ​​ជីវិត​មាន​សេចក្ដី​ថ្លៃ​ថ្នូរ​ និង​រីកចម្រើន៕

 

 

ធ្វើ​ការ​ជាមួយ​អ្នក​សុំ​ យើង​ជា​អ្នក​ក្រ ធ្វើ​ការ​ជាមួយ​អ្នក​ឱ្យ ​យើង​ជា​អ្នកមាន

លោក សោម សម្បត្តិ បង្ហាញ ៧ ចំណុចបញ្ជាក់​​​ពី​គុណភាព​​​នៃភាព​ជា​អ្នក​ដឹកនាំ

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ