ពៅ ពេជ្រ តប​ទៅ​ អែនឌី​ រឿង​យក​បទ​ “នឹក​បង​៥០%​ផង” មក​ច្រៀងអត់​សុំ​​ការ​អនុញ្ញាត

តារា​ចម្រៀង​ពន្លក​ថ្មី​ ពៅ​ ពេជ្រ​ ថ្លែង​មក​កាន់​ Sabay ថាការ​យក​បទ​​លោក​ អែន​ ឌី​ មក​ផលិតជា​ MV ព្រោះ​តែ​ការ​ស្រលាញ់​ និង​ចង់​គាស់​រំលើង​ឡើង​វិញ​នូវ​បទ​ចម្រៀង​ចាស់​ៗហើយ​មុន​នឹង​ចេញ​ MV បទ​នេះ​លោក​បាន​ដាក់​ថា​ Cover Song  រួច​ហើយ​។

 

“មុន​​នឹង​ខ្ញុំ​ច្រៀង​ ខ្ញុំ​បាន​ដាក់​ពាក្យ​ថា​ Cover ​រួច​ហើយ​ ចឹង​ខ្ញុំ​មិន​បាន​ធ្វើ​ ឬ​លួច​មក​ទេ” ។​ នេះ​ជា​ការ​លើក​ឡើង​របស់​ ពៅ​ ពេជ្រ អ្នក​ Cover​ បទ​ អែន​ ឌី ក្រោយ​ពី​លោក​ ត្រូវម្ចាស់​ទំនុក​(អេនឌី)រូប​នេះ ប្រតិកម្មថា ហេតុ​អ្វី​យក​បទ​លោក​មក​ច្រៀង​ និង​ថត​ MV គ្មាន​ការ​អនុញ្ញាត។

 

ពៅ ពេជ្រ តប​ទៅ​ អែនឌី​ រឿង​យក​បទ​ “នឹក​បង​៥០%​ផង” មក​ច្រៀងអត់​សុំ​​ការ​អនុញ្ញាត

 

បទ”​​នឹក​បង​៥០%” របស់ ​អែន​ឌី

 

អេនឌី ខឹង​​អ្នក​ជំនាន់​ក្រោយ យក​បទ​លោក​មក​ច្រៀង​គ្មាន​សុំ​ការ​អនុញ្ញាត

 

ក្នុង​នាម​ជា​តារា​ចម្រៀង​ជំនាន់​ក្រោយ​​ម្នាក់​ ពិធី​ករ​ ទីណា ហៅ​ ពៅ​ពេជ្រ​​ ​បញ្ជាក់​ថា​ ទាំង​អស់​នេះ​ គឺ​​​ដោយសារ​តែ​​​ស្រលាញ់​ ហើយ​បទ​នេះ​មិន​ទាន់​មាន​វីដេអូ និង​មិន​មែន​ជា​បទ​ Original ទើប​លោក​​​យកមក​ Cover​ ផលិត​ជា​ MV​ ដូច្នេះ។​​

 

ពៅ ពេជ្រ តប​ទៅ​ អែនឌី​ រឿង​យក​បទ​ “នឹក​បង​៥០%​ផង” មក​ច្រៀងអត់​សុំ​​ការ​អនុញ្ញាត

 

បទ​ “នឹក​បង​៥០%” Cover ដោយ​លោក​ ពៅ ពេជ្រ

 

ពៅ​ពេជ្រ ថ្លែង ៖”​មក​ពី​ខ្ញុំ​ស្រលាញ់​បទ​នឹង ​ហើយ​ដោយ​មិន​ទាន់​មាន ​MV​ ម្យ៉ាង​​ក៏​​មិន​មែន​ជា​បទ​ ​Original នៅ​ពេល​ខ្ញុំ​​ធ្វើ​​ ខ្ញុំ​បាន​ដាក់​ពាក្យ​ថា ​Cover រួច​​ហើយ។ សម្រាប់​អ្នក​សិល្បៈ​គេ​យល់​គ្រប់​តែ​គ្នា​ហ្នឹង​​ ចុះ​បទ ​អាណែត​មាស​បង ​គេ​ក៏​យក​មក​ធ្វើ​ជា ​MV ​ថ្មី​ ដូច​គ្នា​សួរ​ថា​តើ​លោក​ពូ​ ហួ ឡាវី គាត់​និយាយ​អត់​? នោះ​គឺ​មក​ពី​​គាត់​យល់​ពាក្យ​ថា​ Cover”​។

 

ទន្ទឹម​នឹង​ការ​ស្រលាញ់​ និង​​គាំ​ទ្រ​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​ ពៅ​ ពេជ្រ លើក​ឡើង​ថា​​ ការ ​Cover និង​ ផលិត​ MV​ ​បទ​នេះ​ លោក​មិន​បាន​យក​ទៅ​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​ឡើយ​ ទាំង​អស់ គឺ​​ដោយសារ​តែ​ការ​ស្រលាញ់ប៉ុណ្ណោះ​​ ទើប​លោក​ធ្វើ។

 

បន្ថែម​លើស​នេះ​ លោក​ សុភ័ក្រ ទីណា អ្នក​គ្រប់​គ្រង​នៅ​ក្នុង​ផលិត​កម្ម​​នេត្រា​ បាន​ឲ្យ​ដឹង​​ថា​ ​ម្ចាស់​បទ​​នេះ​ គួរ​តែ​សប្បាយ​ចិត្ត ពេល​មាន​អ្នក​ជំនាន់​ក្រោយ​បាន​​គាស់​កកាយ​យក​មក​ផលិត​សារ​ជា​ថ្មីដូច្នេះ។

 

“ខ្ញុំ​ចង់​ជម្រាប​ដែរ​ថា​ បើសិន​ករណី​ខ្ញុំ​ជា​គាត់​ (អែន ឌី) ខ្ញុំ​មាន​តែ​សប្បាយ​ចិត្ត​ ដែល​មាន​អ្នក​ជំនាន់​ក្រោយ​លើក​យក​បទ​​ខ្លួន​ដែល​បាន​កប់​​យូ​រហើយ​ មក​​កកាយ​ឡើង​វិញ​ ហើយ​វា​រិត​តែ​ធ្វើ​ឲ្យ​ម្ចាស់​បទ​ កាន់​តែ​ល្បី​ជាង​មុន​។ខាង​ពួក​ខ្ញុំ ​ក៏​រង់​ចាំ​​ជួប​ខាង​ លោក អែន​ ឌី​ ដើម្បី​ពិភាក្សា​ និង​វែក​ញែក​រឿង​នេះ​ដែរ​”។

 

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ លោក អេនឌី ដែល​បច្ចុប្បន្ន​កំពុង​លំហែ​កាយ​នៅ​ប្រទេស​ជប៉ុន​នោះ មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បន្ថែម​បាន​ទេ៕

 


អត្ថបទ៖ ថា ម៉ាលីដា

​​