លោក ភួង ស្រៀវ កំពុង​ប្រឹង​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​ក្នុង​តំបន់​ជាប់​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និង​ពោធិ៍សាត់

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា លោក ភួង ស្រៀវ ដែលជា​មន្ត្រី​បរិស្ថាន ជាប់កិច្ចសន្យា​កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ក្រុម​អ្នកប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​ចំណុច​អូរ​ត្រាវ ជាប់​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និង​តំបន់​ឃុំ​ព្រ​ងឹល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ បញ្ហា​នេះ​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នោះបាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទៅលើ​មន្ត្រី​បរិស្ថាន​ជាប់កិច្ចសន្យា​ឈ្មោះ ភួង ស្រៀវ និង​បក្ខពួក ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។ បើ​មិន​ដូច្នេះ​ទេ​ព្រៃ​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់ ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​អន្តរាយ​ចៀស​មិន​ផុត​ឡើយ​។

​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ មួយរូប​បាន​បង្ហើប​ឲ្យ​ដឹងថា​លោក ភួង ស្រៀវ ជា​មន្ត្រី​ជាប់កិច្ចសន្យា​មាន​តួនាទី​ជា​ប្រធាន​ក្រុម​ល្បាត​នៅ​ចំណុច​ខាងលើ ហើយ​លោក ភួង ស្រៀវ កំពុង​ប្រមូល​លុយ​ពី​ក្រុម​អ្នក​កាប់​ឈើ​និង​អ្នក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​តាម​អំពើ​ចិត្ត​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក ប៉ាន់ មរកត ប្រធានស្ដីទី​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង ទំនងជា​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទើប​បណ្ដោយ​ឲ្យ​លោក ភួង ស្រៀវ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​ប្រធានស្ដីទី​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ ក៏ដូចជា​ខេត្តកំពង់ឆ្នាំង​ទេនោះ គឺ​លោក ភួង ស្រៀវ ប្រហែលជា​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះឡើយ​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា​នៅ​ចំណុច​អូរ​ត្រាវ បច្ចុប្បន្ន​មាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​យ៉ាង​អនាធិបតេយ្យ ហើយ​លោក ភួង ស្រៀវ និង​បក្ខពួក គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​ក្រអឺតក្រទម​បំផុត​។ ប្រជាពលរដ្ឋ​ដែល​ចូល​ព្រៃ​កាប់​ឈើ​បាន​ឲ្យ​ដឹងថា ពួកគាត់​ដឹកឈើ​ធម្មតា​ត្រូវ​បង់លុយ​ក្នុង​១​គោយន្ត​១០​ម៉ឺន​រៀល ហើយ​បើ​ដឹកឈើ​ប្រណីត​ត្រូវ​បង់លុយ​ក្នុង​១​គោយន្ត​៣០​ម៉ឺន​រៀល​ទៅ​ឲ្យ​ក្រុម​លោក ភួង ស្រៀវ​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ពិនិត្យ​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ននេះ​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់ នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​៕

Sam-Al-1លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន abc-36លោក ភួង ស្រៀវ