សកម្មភាព​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​នៅ​ស្រុក​បរិបូរណ៍ មាន​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ខុន​រ៉ង និង​ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣​ជាច្រើន​ហិកតា កំពុង​ត្រូវគេ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ជីកដី​លក់​ឈ្មោះ សរ ប៊ុនធឿន បាន​យក​គ្រឿងចក្រ​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ដែលជា​តំបន់​៣​ចំនួន​៥០​កន្លែង នៅ​ខាងលិច​កំពង់​អួរ និង​ដំបូក​ក្រហម រៀបចំ​ធ្វើស្រែ​ប្រាំង​។ ក្នុងការ​ឈូសឆាយ​ព្រៃ​លិច​ទឹក​ខុសច្បាប់​នោះ ទាំង​លោក សរ ប៊ុនធឿន និង​ឈ្មួញ​ដទៃទៀត​មាន​លិខិតអនុញ្ញាត​ដែលមាន​ត្រា និង​ចំណារ​ឯកភាព​ពី​អភិបាលខេត្ត លោក ឈួ​រ ច័ន្ទ​ឌឿ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត លោក សោម ភា​រុណ និង​អភិបាលស្រុក​បរិបូរណ៍ លោក ឃួន សៅរ៍​រ៉ុ​ម ផងដែរ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ដោយមាន​ការឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បែបនេះហើយ ទើប​លោក សរ ប៊ុនធឿន និង​ឈ្មួញ​ដទៃទៀត​អាចធ្វើ​សកម្មភាព​ឈូសឆាយ​រំលោភ​យក​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៅ​ឃុំ​ខុន​រ៉ង និង​ឃុំ​ផ្សារ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ អ្វី​ដែលជា​ភាពមិនប្រក្រតី​នៅក្នុង​លិខិតអនុញ្ញាត​នោះ គឺ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បានដឹងថា ផ្ទុយទៅនឹង​ឋានានុក្រម ច្បាប់រដ្ឋបាល ឬ​ច្បាប់​ស្ដីពី​ការងារ ដោយ​ត្រា​របស់លោក ចាន់ អាន មេឃុំ​ខុន​រ៉ង បែរជា​នៅ​ខាងក្រោម​ត្រា​របស់​អភិបាលខេត្ត​ទៅវិញ​។ ករណីនេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរពិនិត្យមើល​ជាបន្ទាន់ ព្រោះ​បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅក្នុង​ឃុំ​ទាំង​២​ខាងលើ​បន្ត​កើតមាន​ឥតឈប់ឈរ​។

តាម​ការអះអាង​របស់​មន្ត្រី​អាជ្ញាធរ​ភូមិ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា កន្លែង​ដែល​កើតមាន​បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​នោះ គឺជា​តំបន់​៣ ជា​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​ដូចជា ព្រៃ​លិច​ទឹក​នៅ​ខាងលិច​តំបន់​ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ​ផងដែរ មិនមែនជា​ដីស្រែប្រាំង​ចាស់​នោះទេ​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏ដូចជា​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរ​ពិនិត្យ​ចំពោះ​ភាពមិនប្រក្រតី​ខាងលើ​ជាបន្ទាន់ ព្រោះ​ព្រៃ​លិច​ទឹកជា​ច្រើន​ហិកតា​នៅ​ឃុំ​ខុន​រ៉ង និង​ឃុំ​ផ្សារ ត្រូវ​ក្រុម​ជនល្មើស​ទន្ទ្រាន​កាន់កាប់​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​ទេនោះ គឺ​ឈ្មួញ​ដឹក​ដី​លក់​ឈ្មោះ សរ ប៊ុនធឿន និង​ឈ្មួញ​ដទៃទៀត​បំផ្លាញ​ព្រៃ​លិច​ទឹក និង​ទន្ទ្រាន​កាន់កាប់​ធ្វើជា​កម្មសិទ្ធិ ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

k-trac1 k-tractorT-0324លោក​ ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង