មាន​ភាពមិនប្រក្រតី​រឿង​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ស្រីស្នំ ចាប់​រថយន្ត​ដឹកឈើ​យកលុយ​

​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ មាន​រថយន្ត​កូរ៉េ ពណ៌​ស​១​គ្រឿង ធុន​១​តោន​កន្លះ​បាន​ដឹក​ជំនៀរ​ឈើ​ប្រភេទ​ធ្នង់ និង​សុ​ក្រំ ចេញពី​តំបន់​ព្រៃ​ការពារ​របស់​រដ្ឋ ហើយ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្រីស្នំ ស្ទាក់​ឃាត់​មួយ​យប់​ក៏​ដោះលែង​វិញ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦​។ ទាក់ទង​នឹង​បញ្ហា​នេះ​មាន​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ម្ចាស់​រថយន្ត​ដឹកឈើ​ឈ្មោះ ឆាង រស់នៅ​ភូមិ​រោង ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បង់លុយ​២២០០​ដុល្លារ​ទើប​គេ​ដោះលែង​រថយន្ត​ដឹកឈើ​វិញ​។ បញ្ហា​នេះ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ គួរពិនិត្យមើល​ផងដែរ​ចំពោះ​សកម្មភាព​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ស្រីស្នំ ដែល​ប្រើប្រាស់​តួនាទី​ដើម្បី​ស្វែងរក​ផលប្រយោជន៍​យ៉ាង​គឃ្លើន​។

អ្នកសារព័ត៌មាន​បាន​សួរ​បញ្ជាក់​តាម​ទូរស័ព្ទ​ទៅកាន់​លោក សំរិទ្ធ មុនី មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ស្រីស្នំ អំពី​ករណី​ចាប់​រថយន្ត​ដឹកឈើ​នោះ ប៉ុន្តែ​លោក​មេបញ្ជាការ​ឆ្លើយថា​ជាប់រវល់​ហើយ​បិទ​ទូរស័ព្ទ​។ ទោះជា​យ៉ាងណា​ប្រព​ភព​ខ្លះ​បាន​ឲ្យ​ដឹងថា ពិតជា​មាន​ករណី​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ស្រីស្នំ ចាប់​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​ឈ្មោះ ឆាង ពិតមែន​កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៧ ខែមេសា ប៉ុន្តែ​រឿង​ឈ្មួញ​បង់លុយ​២២០០​ដុល្លារ​នោះ​ពុំមាន​ឯកសារ​បញ្ជាក់​ឡើយ​។ ចំណែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​ក្រឡាញ់ និង​ស្រុក​ស្រីស្នំ មិនបាន​ដឹង​ពី​រឿង​មន្ត្រី​កងរាជអាវុធហត្ថ ចាប់​រថយន្ត​ដឹកឈើ​នៅក្នុង​ស្រុក​ស្រីស្នំ​នោះទេ ដែល​មានន័យថា មន្ត្រី​អាវុធហត្ថ​ស៊ីដាច់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​។

កន្លងមក​រឿង​មន្ត្រី​កងរាជអាវុធហត្ថ​ក្នុង​ខេត្តសៀមរាប បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​ជំរិត​យកលុយ​បានកើត​ឡើងជា​បន្តបន្ទាប់ រហូត​មាន​ករណី​ទារលុយ​ពី​ជនល្មើស​ដល់​ទៅ​៨០០០​ដុល្លារ​ទៀតផង​។ ភាពមិនប្រក្រតី​ទាំងនេះ​ត្រូវបាន​គេ​ដឹងថា មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ក៏ដូចជា​ឈើ​ប្រភេទ​លេខ​១ លេខ​២ ឆ្លងកាត់​ខេត្តសៀមរាប នៅតែ​កើតឡើង​ឥតឈប់ឈរ​។ ប្រជាពលរដ្ឋ​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តសៀមរាប ជាពិសេស​នៅ​ស្រុក​ស្រីស្នំ ស្រុក​ក្រឡាញ់ និង​ស្រុក​វ៉ារិន បាន​រិះគន់​ចំៗ​ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត មិន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​តាម​តួនាទី​របស់ខ្លួន​នោះទេ ហើយ​ចាត់ទុក​បទល្មើស​ព្រៃឈើ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន​ទៀតផង​។ មានការ​រិះគន់ថា បើ​ឈ្មួញ​រកស៊ី​ឈើ​ណា​បង់លុយ​ប្រចាំខែ​ជូន​សមត្ថកិច្ច​នោះ គឺអាច​ធ្វើ​សកម្មភាព​យ៉ាង​រលូន ហើយ​បើ​ឈ្មួញ​ណា​មិន​បង់លុយ​តាម​ការកំណត់​ទេ ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ចៀស​មិន​ផុត​ឡើយ​៕

b-channa-1-500x300