សមត្ថកិច្ច​ស្រុក​បាទី​ ចុះ​ចាប់​ជនសង្ស័យ​ចែកចាយ​ និង​ប្រើ​ប្រាប់​គ្រឿងញៀន​បាន​១​សំបុក​

សមត្ថកិច្ច​ស្រុក​បាទី​ ចុះ​ចាប់​ជនសង្ស័យ​ចែកចាយ​ និង​ប្រើ​ប្រាប់​គ្រឿងញៀន​បាន​១​សំបុក​



តាកែវ ៖ កាលពី​ម៉ោង​១៦​និង​០០​ល្ងាច​ ថ្ងៃ​ទី​០១​ ខែ​ឧសភា ឆ្នាំ​២០១៦ លោក​ អ៊ុក រី ប្រធាន​គណៈ​បញ្ជាការ​រដ្ឋបាល​ឯកភាព​ស្រុក លោក ង៉ាន់ សារី អធិការ​នគរបាល​ស្រុក ដោយ​អនុវត្ត​តាម​ដីកា​សាលាដំបូង​ខេត្ត បាន​ដឹកនាំ​កម្លាំង​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចុះទៅ​បង្ក្រាប ​និង​ចាប់ខ្លួន​មុខសញ្ញា​ជន​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ភូមិ​ត្រាំ​ខ្នារ ឃុំ​សូរ​ភី ស្រុក​បាទី ខេត្ត​តាកែវ។​ ក្រោយពេល​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ ង៉ែត មករា អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម​។

និង​ឈ្មោះ​ កេ​ត ពិត ជន​ជាតិ​ខ្មែរឥស្លាម​ដូចគ្នា រស់នៅ​ភូមិ​ត្រាំខ្នារ ឃុំ​សូរ​ភី ស្រុក​បាទី បាន​សារភាព​ថា ពួក​ខ្លួន​ទាំងពីរ​នាក់​បាន​ចែកចាយ​គ្រឿងញៀន​បន្ត​ទៅ​ឲ្យ​មនុស្ស​ចំនួន​១៦​នាក់​ផ្សេងទៀត​។ បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ស្តាប់​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ​រួច​ហើយ ទើប​ឈាន​ដល់​ការ​ចាប់​ខ្លួន​បាន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​បាន​០៥​នាក់​បន្ថែម​ទៀត។

ជនសង្ស័យ​ទាំង​០៥​នាក់​ ដែល​កម្លាំង​សមត្ថកិច្ច​ចាប់​បាន​តាម​ការ​ឆ្លើយ​សារភាព​ពី​បក្សពួក​ទាំងពីរ​នាក់​ខាងលើ​នោះ​មាន ១-ឈ្មោះ ជុន សុខ​ឡា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ត្រាំខ្នារ ឃុំ​សូ​ភី ស្រុក​បាទី។ ២-ឈ្មោះ ហេង ដា​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ/ឃុំ ជាមួយគ្នា​នឹង​ជន​ទី​មួយ។ ៣-ឈ្មោះ កង ចាន់ធូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​ខ្នារ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។

៤-ឈ្មោះ ខា សុខ​ស៊ិ​ញ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។ ៥-ឈ្មោះ ខា សុខុម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុក​គង​ពិសី ខេត្ត​កំពង់ស្ពឺ។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​០៧​នាក់ ដែល​ធ្វើការ​ចាប់​ខ្លួន​នោះ ​ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​សាកសួរ​រក​បក្សពួក​ផ្សេងទៀត​ និង​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ឡើង​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕