ឃាត់ខ្លួន​បុគ្គលិក​អង្គការ​អភិរក្ស​ការពារ​ធនធាន​ជលផល​ និង​ព្រៃឈើ​២​នាក់​​

ឃាត់ខ្លួន​បុគ្គលិក​អង្គការ​អភិរក្ស​ការពារ​ធនធាន​ជលផល​ និង​ព្រៃឈើ​២​នាក់​​



កំពង់ឆ្នាំង ៖ បុគ្គលិក​២​នាក់ របស់​អង្គការ​អភិរក្ស​ការពារ​ធនធាន​ជលផល និង​ព្រៃឈើ ត្រូវ​បាន​សមត្ថកិច្ច និង​អាជ្ញាធរ​ឃុំ ស្រុក ឃាត់ខ្លួន​សាកសួរ និង​អប់រំ បន្ទាប់ពី​បុគ្គលិក​អង្គការ​២​នាក់​នេះ បាន​ទៅ​គំរាម​យក​ប្រាក់​ពី​ម្ចាស់​ត្រាក់ទ័រ​ឈូស​ពង្រាប​ដីស្រែ​ប្រាំ​បាន​ចំនួន​១៤​ម៉ឺន​រៀល នៅ​ចំណុច​ថ្នល់​ដាច់ ក្នុង​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ នៅ​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែ ឧសភា ឆ្នាំ​២០១៦។

លោក រ៉ែ​ម ដេ​ត អភិបាលរង​ស្រុក​បរិបូណ៌​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០១ ខែ​ឧសភា​នេះ លោក​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​មន្ត្រី​បរិស្ថាន​២​នាក់ បាន​ដើរ​ជំរិត​ទារ​ប្រាក់​ពី​ម្ចាស់​ត្រាក់ទ័រ​ឈូស​ពង្រាប​ដី​ស្រែប្រាំង​នៅ​ចំណុច​ខាងលើ ពេលនោះ​លោក​បាន​សុំ​ការ​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​មេលំ ឃុំ​ខុន​រ៉ង សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​មន្ត្រី​ការិយាល័យ​បរិស្ថាន​ស្រុក ចុះ​ទៅ​ពិនិត្យ ក៏​បាន​ឃើញ​បុគ្គលិក​២​នាក់​របស់​អង្គការ​អភិរក្ស ការពារ​ធនធាន​ជល​ផល និង​ព្រៃឈើ គឺ​ពួកគេ​បាន​ជំរិត​ទារ​ប្រាក់​ចំនួន​១៤​ម៉ឺន​រៀល​ពី​ម្ចាស់​អាត្រាក់​ឈូស​ពង្រាប​ដីស្រែ​ពិតប្រាកដ​មែន។

ក្នុង​ពេល​ឃាត់ខ្លួន​បុគ្គលិក​ទាំង​២​នាក់​នេះ គ្មាន​ឯកសារ​អ្វី​ទេ ​តែ​ម្នាក់​ឈ្មោះ ឃុន សុជា អាយុ​៣៦​ឆ្នាំ មាន​កាត​សម្គាល់​ខ្លួន និង​ម្នាក់ទៀត​ឈ្មោះ សៀង ឌឿ​ន អាយុ​៣៧​ឆ្នាំ មិន​ទាន់​មាន​កាត ហើយ​សមត្ថកិច្ច និង​អាជ្ញាធរ ក៏បាន​នាំ​ខ្លួន​មក​សាលាឃុំ​មេលំ ដើម្បី​សួរនាំ និង​ហៅ​ប្រធាន​អង្គការ​នោះ​មក​ពិនិត្យ​ និង​ដោះស្រាយ។​ បន្ទាប់មក ​មាន​លោក លី ប៊ុន​លៀង អនុប្រធាន​តំបន់​២ ចំណុះ​លើ​៤​ខេត្ត​របស់​អង្គការ បាន​មក​អង្វរ​សុំ​យក​បុគ្គលិក​ទាំង​២​របស់​ខ្លួន​វិញ ដោយ​បាន​ធ្វើ​លិខិត​ស្នាម និង​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ និង​សមត្ថកិច្ច ថា​មិន​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ប្រព្រឹត្ត​ខុស​បែបនេះ​ទៀត​ឡើយ ហើយ​នៅ​ក្នុង​ពេល​នោះ​ដែរ ​សមត្ថ​កិច្ច​ក៏បាន​ដកហូត​ប្រាក់​ចំនួន​១៤​ម៉ឺន​រៀល ដែល​ជំរិត​បាន​ទៅ​ប្រគល់ឲ្យ​ម្ចាស់​ត្រាក់ទ័រ​វិញ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​អង្គការ​ទាំង​២​នាក់​នេះ​បាន​ទៅ​ជំរិត​ទារ​ប្រាក់​ពី​ម្ចាស់ ត្រាក់ទ័រ​ឈូស​ពង្រាប​ដី​ស្រែប្រាំង​ឈ្មោះ ជួន សេ​លី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ទួល​រកា ឃុំ​មេលំ និង​ម្នាក់ទៀត ឈ្មោះ ប្រុស នៅ​ភូមិ​ឃុំ​ជាមួយគ្នា គឺ​យក​ប្រាក់​ច្រើនជាង​នេះ ​តែ​បាន​ត្រូវ​គ្នា​ត្រឹម​អាត្រាក់ ទ័​រ​២​គ្រឿង បង់​ឲ្យ​១៤​ម៉ឺន​រៀល ទើប​ផ្ទុះ​រឿង​នេះ​ដល់​សមត្ថកិច្ច។ ប៉ុន្តែ​អ្នកខ្លះ​និយាយ​ថា បើ​ម្ចាស់​អាត្រា​ក់​ទ័​រ​ឈូស​ពង្រាប​តែ​ដីស្រែ ​រឿង​អី​ក៏​ត្រូវ​ខ្លាច​គេ​ចាប់​បង់លុយ​ឲ្យ​គេ រឿង​នេះ​មានតែ​អា​ត្រាក់​ឈូស​ដី​ប៉ះពាល់​ដី​ព្រៃ​លិច​ទឹក​ហើយ​ ទើប​ខ្លាច​បង់លុយ​ឲ្យ​គេ។

ជុំវិញ​រឿង​អាត្រា​ក់ទ័រ​ឈូស​ដី​ពង្រាប​ស្រែប្រាំង​នេះ កន្លងមក​ពេលខ្លះ​គឺ​គេ​គ្រាន់តែ​យក​លេស​ប៉ុណ្ណោះ ព្រោះថា​កន្លែង​ខ្លះ​ពេល​ឈូស​ដីស្រែ គឺ​គេ​ឈូស​រំលោភ​យក​ទាំង​​ដី​ព្រៃ​លិច​ទឹក​ដែល​នៅ​ជាប់​ក្បាល​ស្រែ​​ទៀត​ផង និង​អ្នកខ្លះ​បាន​កាប់​ព្រៃ​លិច​ទឹក​ទុក​ឲ្យ​ងាប់ ​រួច​ដុត​ចោល ហើយ​១​ឆ្នាំ​២​ឆ្នាំ​ក្រោយមក ក៏​ឈូស​ដី​នោះ​យក​ធ្វើ​ដី​កម្មសិទ្ធិ​តែម្ដង​។ រឿងនេះ​បានកើត​មាន​ជា​រៀងរាល់ឆ្នាំ​ និង​មាន​ពេល​ខ្លះ​ក៏មាន​ការឲ្យ​ដៃ​ពី​មន្ត្រី​ពាក់ព័ន្ធ​ផង​ដែរ ករណី​នេះ​អាជ្ញាធរ​ស្រុក និង​ខេត្ត ពិសេស​មន្ទីរ​ពាក់​ព័ន្ធ​មាន​បរិស្ថាន​ ជលផល និង​មេព្រៃ គួរ​តែ​មាន​វិធានការណ៍​ឲ្យ​បាន​ម៉ឺងម៉ាត់ ទើប​អាច​រក្សា​ និង​គ្រប់​គ្រង​ព្រៃ​លិច​ទឹក​បាន​គង់វង្ស​ល្អ​ទៅ​អនាគត។ កុំ​ភ្លេច​ថា « អស់​ព្រៃ​(​លិច​ទឹក​)​គឺ​អត់​ត្រី អស់​ព្រៃឈើ ​គឺ​អត់​សត្វ មានតែ​ដី​អត់​ព្រៃឈើ​ក៏ ​មនុស្ស​សត្វ​មិន​អាច​រស់នៅ​បាន​ដែរ»៕ ឃាត់ខ្លួន​បុគ្គលិក​អង្គការ​អភិរក្ស​ការពារ​ធនធាន​ជលផល​ និង​ព្រៃឈើ​២​នាក់​​

ឃាត់ខ្លួន​បុគ្គលិក​អង្គការ​អភិរក្ស​ការពារ​ធនធាន​ជលផល​ និង​ព្រៃឈើ​២​នាក់​​

ឃាត់ខ្លួន​បុគ្គលិក​អង្គការ​អភិរក្ស​ការពារ​ធនធាន​ជលផល​ និង​ព្រៃឈើ​២​នាក់​​
ឃាត់ខ្លួន​បុគ្គលិក​អង្គការ​អភិរក្ស​ការពារ​ធនធាន​ជលផល​ និង​ព្រៃឈើ​២​នាក់​​