លោក​ កឹម សុខា​ ៖ បក្ស​​ប្រឆាំង​កាន់តែ​ខ្លាំង​​ ពេល​រងការវាយប្រហារ​

ពេល​ថ្លែង​ជាសាធារណៈ​ជាលើក​ដំបូង​នៅក្នុង​រយៈ​ពេល​ជាង​មួយ​ខែមក​នេះ​ លោក​ ​កឹម​ សុខា​ ​​អនុប្រធាន​គណ​បក្ស​​សង្គ្រោះ​ជាតិ​​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ពេល​ប្រជា​ពលរដ្ឋ​កំពុងចោម​រោមថា​ ការ​គាំទ្រ​ចំពោះ​គណបក្ស​ប្រឆាំង​​ មានតែ​​កាន់តែ​ខ្លាំង​ទៅ​វិញ​ទេ​ ពេល​មាន​ការ​ផ្តន្ទាទោស​ទ្រង់ទ្រាយធំ​​​​ពី​សំណាក់រដ្ឋាភិបាលចំពោះ​ការ​អះអាង​ដែល​ថា លោក​មាន​ស្រីកំណាន់។​

លោក កឹម សុខា​ បាន​ប្រកាន់​ខ្ជាប់នូវ​គោល​​ការណ៍​ “មិន​ឆ្លើយ​ ​មិន​ឆ្លង​ មិនឈ្លោះ​” ចំពោះការ​អះអាង​​​នេះ​ ចាប់តាំងពីវាបាន​លេច​ឡើង​ជាលើក​ដំបូង​កាល​ពី​ពីរ​ខែ​កន្លង​មកនេះ​ ប៉ុន្តែ​​ការ​នៅស្ងាត​់ស្ងៀម​របស់លោក​​មាន​ភាព​​កាន់តែគួរ​ឲ្យ​កត់​សម្គាល់​ ពេល​មន្ត្រី​រដ្ឋាភិបាល​បានចាប់ខ្លួន​មន្ត្រីសិទ្ធិមនុស្ស​ និង​មន្ត្រី​គណបក្សប្រឆាំង​​នៅក្នុង​ករណីនេះ​កាល​​​ពី​សប្តាហ៍មុន។​

អំឡុង​ពិធីជួបជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​នៅទីស្នាក់ការ​របស់ខ្លួន​ក្នុងខេត្ត​ស្វាយ​រៀង​កាលពីម្សិលមិញ​ លោក កឹម សុខា ​បាន​លើកឡើងថា​ លោក​រីករាយ​នឹង​ឈរមើល​ ​​ពេល​ការ​វាយប្រហារ​ពីសំណាក់រដ្ឋាភិបាល​មានតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​គាំទ្រ​​គណបក្ស​ប្រឆាំ​ងទៅវិញ​នោះ​។​​​​​

លោក​បាន​មាន​ប្រសាសន៍ថា​ “យើង​ឃើញ​​​ប្រជាពលរដ្ឋ​ ជាមហាជន​ទូទៅ​ មិនមែន​តែ​អ្នក​ក្នុង​រចនា​សម្ព័ន្ធ​គណ​បក្ស​សង្គ្រោះ​ជាតិ​ទេ​ មហា​ជន​ទូទៅ​ ប្រជា​ពលរដ្ឋ​ សូម្បី​តែ​ប្រជា​ពលរដ្ឋ​ខ្លះ​ ដែល​មិន​ធ្លាប់គាំ​ទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​នុះ​ ​ក៏ចាប់​ផ្តើម​​បង្ហាញ​នូវ​ភាព​កក់​ក្តៅ​ គំាទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់​តែ​ច្រើន​ទៅ​”។

cam-photo-sokha_WEB-ONLYលោកបាន​មានប្រសាសន៍បន្ថែមថា​”បង​ប្អូន​ឃើញ​ហើយ ហើយ​បងប្អួន​នៅ​មូលដ្ឋាន​ដឹង​ជាង​ខ្ញុំ​ទៅ​ទៀត​។​ តើ​ប្រជា​ពលរដ្ឋ​​​ធម្មតា​គាត់​ផ្តាំមក​ម៉េច​ខ្លះ​? គាត់ថា “ឱ្យ​ប្រាប់​មេ​ទៅ​ ចាំតាថ្ងៃ​ទៅ​ បោះឆ្នោត​ឈ្នះ​ហើយ​”។

លោក កឹម សុខា ​បាន​មានប្រសាសន៍​​បន្ថែម​​​ទៀតថា​ “បើគ្មាន​​រចនា​សម្ព័ន្ធ​រឹងមំា​ បើគ្មាន​ប្រជា​ពល​រដ្ឋ​ទូទៅ​ បង្ហាញ​ភាព​កក​់​ក្តៅ​ឱ្យ​យើង​​​​ទេ​ ក៏យើង​អត់​អាច​បោះជំហាន​បាន​ប៉ុណ្ណឹង​​​​ដែរ។​ តាម​ខ្យល់​ព្យុះ​​នេះ​ គឺធ្ងន់​ណាស់​បង​ប្អូន​”។​

បន្ទាប់មក​​ លោក​បាន​លើកឡើង​ម្តង​ទៀត​​​ថា លោក​មិនចាំបាច់​ឆ្លើយតប​​ចំពោះការ​វាយ ​ប្រហារ​ដ៏ជាក់លាក់នេះឡើយ។​ កាលពីពីរ​ខែ​កន្លង​មក​នេះ​ រដ្ឋាភិបាល​បាន​ដាក់​សម្ពាធ​មក​លើគាត់​គ្រប់ទិស​ជុំ​វិញការ​ចោទ​ប្រកាន់​ដែល​ថា​ គាត់​មាន​រឿង​សហា​​យ​ស្មន់​ជាមួយ​អ្នក​ធ្វើ​សក់​​អាយុ​២៥ឆ្នាំម្នាក់​ឈ្មោះ​ ខុម ចាន់តារ៉ាទី ដែល​​​​បដិសេធ​រឿងសហាយស្មន់​នេះ មុន​ពេល​ក្រែប្រែការ​បដិសេធ​របស់នាង​កាល​ពីខែមុន​ អំឡុងការសាកសួរ​ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​ពីបទ​ “ពេស្យាចារ”។​

បន្ទាប់​ពីទទួលស្គាល់​រឿង​សហាយ​ស្មន់​នេះ​ នាង​ ខុម ចាន់តារ៉ាទី​ បាន​ចោទប្រកាន់​បុគ្គលិក​​​មួយ​ចំនួន​មកពី​សមាគមសិទ្ធិមនុស្ស​អាដហុក​ មេឃុំគណបក្សប្រឆាំងមួយរូប​ និង​មន្ត្រី​​អង្គការ​​​សហប្រជាជាតិមួយរូបថា បាន​បញ្ចុះបញ្ចូល​ឲ្យ​នាង​និយាយកុហក ដើម្បីការ​ពារ​លោក​ កឹម ​​សុខា​។ ចាប់តាំងពីពេល​នោះ​មក​ អាជ្ញាធរ​បាន​​​ចាប់ខ្លួនអ្នកទាំងនេះ។​

លោក កឹម សុខា មានថ្លែង​កាលពី​ម្សិល​មិញថា​ “​មិន​បាច់​ឆ្លើយ​។​ ពលរដ្ឋ​ឆ្លើយ​ជំនួស​យើង​។​ ហេតុអ្វីបាន​ជា​ប្រជា​ពលរដ្ឋ​ឆ្លើយ​ជំនួស​យើង​? ប្រជាពលរដ្ឋ​ច្រើន​ជាង​យើង​ទៀត​ ហើយគេឈឺចាប់​ជាង​យើង​​អស់លោក​​​អ្នក​ដឹក​នាំ​ទៀត​។​អ៊ីចឹង​បាន​ខ្ញុំ​ឈរនៅ​បាន​​ហ្នឹង”។​

ប៉ុន្តែ​ លោក​ ផៃ សីុផាន អ្នកនាំពាក្យ​ទីស្តី​ការ​​​គណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា លោក ​កឹម សុខា គ្រាន់តែ​ព្យាយាម​បង្វែរ​​ការ​ចាប់​អារម្មណ៍របស់​ប្រជា​ពល​រដ្ឋពី​​រឿង​អាស្រូវ​ផ្លូវ​​​ភេទ​របស់​​គាត់​ប៉ុណ្ណោះ​ ហើយ​បាន​បន្ថែម​ថា វា​គួរឱ្យ​អស់​សំណើច​​ក្នុង​ការ​និយាយ​ថា គណ​​បក្ស​សង្គ្រោះ​ជាតិ​​កាន់តែខ្លាំង​ទៅ​ៗនោះ​​។

លោក ផៃ ស៊ីផាន​​ បាន​មាន​ប្រសាសន៍​ថា “​គាត់​ចេះ​តែ​បង្កើត​រឿង​តែ​ប៉ុណ្ណោះ​។ សម្រាប់​​ពេល​នេះ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​​ហាក់ដូច​ជា​មាន​ការ​បែក​បាក់​ ហើយ​ដូច​ជា​ពួកគេ​​កំពុង​ប្រយុទ្ធគ្នា​​ដើម្បីធ្វើ​ធំ​អ៊ីចឹង​។ មាន​ការ​បែក​បាក់​​ខ្លាំង​​ណាស”។

លោក​បាន​មាន​ប្រសាសន៍​ថា ”​​ឧទាហរណ៍ ពួកគេ​កំពុង​ផ្តោត​លើ​បញ្ហា​ផ្ទាល់​ខ្លួន​របស់​លោក ​​កឹម សុខា​ ហើយ​ពួកគេ​​មិនមាន​ពេលវេលា​​ច្រើន​​សម្រាប់​បញ្ហា​ដទៃឡើយ។ ពួកគេ​ស្ថិត​ក្នុងការ​គ្រប់គ្រង​ស្ថាន​ការ​ណ៍​​ការ​បែក​បាក់​ធ្ងន់​ធ្ងរ​ ហើយខ្ញុំ​​មិន​ឃើញ​ពួកគេ​​មាន​ការ​គាំទ្រ​កើន​ឡើង​ទេ”។

លោក ផៃ ស៊ីផាន បាន​បន្ថែម​ថា លោក​មានការ​ជឿ​ជាក់​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​ ប្រសិន​បើ​ការ​បោះ​ឆ្នោត​ធ្វើ​ឡើង​នៅ​ថ្ងៃនេះ ហើយ​លោក​បាន​លើក​ឡើង​​ថា លោក​មិន​បារម្ភថា ការ​បោះ​ឆ្នាត​ជាតិ​ឆ្នាំ​២០១៨អាច​ធ្វើ​ឲ្យ​​មាន​ការ​តក់​ស្លុត​ដូច​ក្នុង​ឆ្នាំ​២០១៣ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “​ទេ វា​មិន​ដូច​គ្នាទេ។ ក្នុង​ឆ្នាំ​២០១៣ មាន​បញ្ហា​មួយ​ចំនួន​​​ដែលពួកគេ​និយាយ​កុហក​ប្រជាពលរដ្ឋដូច​ជា​ការ​ដំឡើង​ប្រាក់​ខែ​ ការ​កែទម្រង់​​ប្រព័ន្ធ​អប់រំ និង​បញ្ហា​នៅតាម​​មូលដ្ឋាន​ដូច​ជា​ការ​ផ្តល់សេវាជាដើម ហើយ​យើងមាន​ភាព​សកម្ម​​​​ណាស់​ក្នុងការ​កែ​ទម្រង់”។

លោក កែម ឡី ប្រធាន​ក្រុម​តស៊ូ​មតិ​នយោ​​​បាយ​មូលដ្ឋាន​​ “ខ្មែរ​ដើម្បី​ខ្មែរ” មាន​ប្រសា​សន៍​​​ថា បើ​ទោះ​ជា​លោក​ជឿ​ថា លោក​ ផៃ ស៊ីផាន​ ​​​ត្រឹមត្រូវ​ក្នុងការ​និយាយ​ថា គណបក្ស​សង្គ្រោះ​​​​ជាតិ​​មាន​បញ្ហា​ផ្ទៃក្នុង​​ក៏ដោយ តែវា​ហាក់ដូច​ជា​​​មិន​​​អ៊ីចឹង​​ទេ​។

លោក កែម ឡី មាន​ប្រសាសន៍​ថា “​ពួកគេ​បានចាក់​​​ចំបេះដូង​ប្រជាពលរដ្ឋ​ហើយ​។ គ្មាន​​​​​​​ការ​ស្ទង់​មតិ​​ទេ ប៉ុន្តែ​​ផ្អែក​តាម​ការ​សង្កេត​របស់​​​​​​​​​ខ្ញុំ បើ​ទោះ​ជា​​ផ្ទៃក្នុង​គណ​បក្ស​សង្គ្រោះ​ជាតិ​មាន​បញ្ហា​ក៏ដោយ ក៏​ប្រជា​ពលរដ្ឋ​នៅពី​ក្រោយ​​​ពួកគេ​ដែរ​ ហើយ​ពួក​គេ​កំពុង​តែរក្សា​នូវ​សម្ទុះ​​​​​ដ៏​ខ្លាំង​ដដែល”។

លោក​បាន​បន្ថែម​ថា “​ពួកគេ​បន្ត​សកម្ម​ភាព​​​របស់ខ្លួន​ដដែល​ បើ​ទោះ​ជា​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ ហើយ​អ្នក​ផ្សេង​ទៀត​​ស្ថិត​ក្នុងតុលាការ​។ វា​គ្មាន​បញ្ហា​ទេ។ អ្នក​អាច​ឃើញ​តាម​ទំព័រ​ហេ្វស​ប៊ុក​ មាន​យុទ្ធនា​​​ការ​កាន់​តែ​ច្រើន​ឡើង​ៗ​​​ប្រឆាំង​គណបក្ស​កាន់​​អំណាច”។

លោក កែម ឡី បានមាន​ប្រសាសន៍​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​​​កំពុង​​ជួប​​ការ​លំបាក​ដោយ​សារ​រង​ការ​វាយ​ប្រហារ​លើ​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​ ​​និង​ដោយ​​សារ​​អវត្ត​មាន​របស់​លោក​ សម រង្ស៊ី ​មេដឹក​នាំ​គណបក្ស​ប្រឆាំង ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​បារាំង​​​​​ដើម្បី​គេ​ចពី​ការ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​​នៅ​​​ទីនេះ ប៉ុន្តែ​បាន​ប្រដូច​​ការមើល​​ការ​​​វាយ​ប្រហារ​របស់​​​គណបក្ស​ប្រជា​ជន​កម្ពុជា​ទៅ​នឹង​ការ​​មើល​កូន​ក្មេង​វាយ​ពស់​។

លោក​ កែម ឡី មាន​ប្រសាសន៍​ថា “​សូម្បី​សត្វ​ពស់​ បើ​ទោះ​ជា​ក្បាល​វានៅ​ឆ្ងាយ ក៏​កន្ទុយ​​​​នៅ​តែ​ខ្លាំង​ដដែល។ សម្រាប់​គណប​ក្ស​សង្គ្រោះ​​​​​​ជាតិ​វិញ ក្បាល​របស់ពួកគេ​មាន​បញ្ហា​ មួយ​នៅ​​​​​ឆ្ងាយ​ហើយ​មួយ​ទៀត​​ស្ថិត​ក្នុង​ល្បែង​នយោ​បាយ​ ប៉ុន្តែ​ខ្លួន​និង​កន្ទុយ​នៅតែ​បន្ត​ទៅមុខ​ក្នុង​ទម្រង់​រួ​ប​រួម​គ្នា។ ពួកគេ​​កំពុង​វាយ​ក្បាល ប៉ុន្តែ​​​កម្រើក​ឯខ្លួន​ទៅវិញ”៕ស៊ុយ​ឈាង​ និង ​​សារុន

The post លោក​ កឹម សុខា​ ៖ បក្ស​​ប្រឆាំង​កាន់តែ​ខ្លាំង​​ ពេល​រងការវាយប្រហារ​ appeared first on ខេមបូឌា ដេលី.