ការ​ប្រកាស​ពី​គ្រោះ​មហន្តរាយ​មក​ពី​អាកាសធាតុ​ក្តៅជុំវិញ​ត្រី​ងាប់​និង​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប

ការ​ប្រកាស​ពី​គ្រោះ​មហន្តរាយ​មក​ពី​អាកាសធាតុ​ក្តៅជុំវិញ​ត្រី​ងាប់​និង​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប



រាជធានី​ភ្នំពេញ ៖ សេចក្តី​ប្រកាស​ព័ត៌មាន​រួម​រវាង​ក្រសួងបរិស្ថាន​និង​អាជ្ញាធរ​ទន្លេសាប បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១ ឧសភា ដោយ​ធ្វើការ​ចង្អុលបង្ហាញ​ថា ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ដោយសារ​តែ​អាកាសធាតុ​ក្តៅ​ហួតហែង​ខ្លាំង
ត្រី​ជា​ច្រើន​តោន​នៅ​តំបន់​អភិរក្ស​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មារ មា​នទី​តាំងនៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន បាន​ពុល​ងាប់ និង​ព្រៃ​លិច​ទឹកជា​ច្រើន​ហិ​កតា នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ត្រូវ​បាន​ឆេះ បង្ក​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​ព្រៃ​លិច​ទឹក និង​ជីវចម្រុះ​ជា​ច្រើន ។
ទាក់ទង​នឹង​គ្រោះ​មហន្តរាយ​នេះ ក្រសួងបរិស្ថាន​និង​អាជ្ញាធរ​ទន្លេសាប បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​អង្កេត​តាមដាន​យ៉ាង​ល្អិតល្អន់ និង​វាយតម្លៃ​ទៅ​លើ​ការ​ខូចខាត និង​ផល​ប៉ះពាល់​មួយ​ចំនួន និង​បាន​បង្ហាញ​ព័ត៌មាន​ពី​បរិមាណ​ឲ្យ​ដឹង​ថា ៖

១-​ករណី​ត្រី​ងាប់​នៅ​តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មារ​៖ លទ្ធផល​នៃ​ការ​អង្កេត​តាមដាន​របស់​ក្រុម​មន្ត្រី​ជំនាញ​បង្ហាញ​ថា នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៦ ត្រី​នៅ​តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មារ​បាន​ចាប់ផ្តើម​ពុល រហូត​ដល់​ថ្ងៃ​ទី​២៣-២៥ ខែមេសា ត្រី​ចាប់ផ្តើម​ងាប់​ជា​បន្តបន្ទាប់ ដែល​រហូត​មក​ទល់​ពេល​នេះ​សរុប​មាន​ចំនួន​ជាង​៦៨​តោន ដែល​ភាគច្រើន​ជា​ប្រភេទ​ត្រី​រំអិល​(​ត្រី​រៀល ត្រី​ច្រកែង ត្រី​កញ្ចុះ ត្រី​តា​អោន​ជាដើម​)​។ ជា​ការ​សន្និដ្ឋាន មូលហេតុ​ដែល​បណ្តាល​ឲ្យ​ត្រី​ងាប់​ដ៏​ច្រើន​បែប​នេះ គឺជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ខែមេសា និង​ខែឧសភា អាកាសធាតុ​មាន​ស្ថានភាព​ក្តៅ​ហួតហែង​ខ្លាំង និង​ពុំ​មាន​បរិមាណ​ទឹកភ្លៀង​ធ្លាក់​ដែល​ធ្វើ​ឲ្យ​ផ្ទៃ​ទឹក​បឹង​មួយ​ភាគ​ធំ​ត្រូវ​គោក​រីង​រាក់ សម្បូរ​ណ៍​ភក់​ច្រើន ដូច្នេះ​បរិមាណ​ទឹក​មិន​គ្រប់គ្រាន់ គ្មាន​ចលនា​លំហូរ​ទឹក និង​ទឹក​ឡើងក​ម្ពៅ​ដែល​ធ្វើ​ឲ្យ​បរិមាណ​អុក​ស៊ី​សែន​នៅ​ក្នុង​ទឹក​ថយ​ចុះ រួម​ផ្សំ​នឹង​បាតុភូត​ធម្មជាតិ​ខ្យល់​កន្ត្រាក់​ចំ​តំបន់​នោះ​ដែល​ធ្វើ​ឲ្យ​ផុល​ភក់​ឡើង និង​បង្ក​ឲ្យ​ស្ទះ​ស្រកី​ដកដង្ហើម ជា​ហេតុ​ធ្វើ​ឲ្យ​ប្រភេទ​ត្រី​ដែល​មាន​តម្រូវការ​អុក​ស៊ី​សែន​ខ្ពស់ បាន​បន្ត​ពុល​ងាប់​យ៉ាងច្រើន​គួរ​ឲ្យ​សោកស្តាយ​បំផុត ។

ចំពោះ​មុខ​នេះ ក្រសួងបរិស្ថាន​និង​អាជ្ញាធរ​ទន្លេសាប ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា បាន​ដាក់ចុះ​នូវ​វិធានការ​បឋម​នានា ក្នុង​នោះ​មានការ​បង្កើត​ទីជម្រក​ដោយ​ដាក់​ពង្រាយ​កំប្លោក និង​បូមទឹក​បញ្ចូល​ក្នុង​បឹង​ទន្លេ​ឆ្មារ ដើម្បី​បង្កើន​បរិមាណ​អុក​ស៊ី​សែន​ក្នុង​ទឹក ។ គួរ​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ​ដែល​មាន​វត្តមាន​ត្រី​ងាប់​ក្នុង​ចំនួន​ដ៏​ច្រើន​បែប​នេះ ។ ជាក់ស្តែង​នៅ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៤ មាន​ត្រី​ងាប់​សរុប​៨៩​តោន និង​ខែឧសភា ឆ្នាំ​២០១៥ មាន​ត្រី​ងាប់​១៧៦​តោន ដែល​មូលហេតុ​នៃ​ការ​ងាប់ គឺ​ដោយសារ​ខ្យល់ព្យុះ ដែល​តែងតែ​កើតឡើង​នៅ​ចុងរដូវ​ប្រាំង​ក្នុង​ចន្លោះ​ខែមេសា​ដល់​មិ​នុ​ថា ។ ឆ្នាំ​២០១៦ នេះ កត្តា​ប្រែប្រួល​អាកាសធាតុ គ្រោះ​រាំង​ស្ងួត​ខ្លាំង បាន​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែល​ធ្វើ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ធនធាន​ជលផល ជា​ពិសេស​នៅ​តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មារ ។

ដោយឡែក​នៅ​តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មារ ក៏​មាន​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ចំនួន​៥​ចំណុច ដោយ​បំផ្លាញ​ព្រៃ​លិច​ទឹក​អស់​ជាង​២២៨​ហិ​កតា​។ មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ ក៏​បាន​និង​កំពុង​ចាត់វិធានការ​ទប់ស្កាត់ និង​ពន្លត់ភ្លើង​ឆេះ​ព្រៃ​បឹង​ទន្លេ​ឆ្មារ​ផង​ដែរ ដោយ​ប្រើ​ម៉ាស៊ីនបូមទឹក​ចំនួន​១១​គ្រឿង និង​មានការ​ចូល​ពី​សំណាក់​ប្រជាជន និង​ស្ថាប័ន​ពាក់ព័ន្ធ​សរុប​១៥៦​នាក់ ។

២-​ករណី​ភ្លើង​ឆេះ​បំផ្លាញ​ព្រៃ​លិច​ទឹក​តំបន់​ស្នូល​ព្រែក​ទាល់​៖ ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប​ក៏​បាន​កើត​មាន​ឡើង​នៅ​បណ្តា​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប​ផង​ដែរ ហើយ​កំពុង​បន្ត​ឆេះ​នៅ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​មួយ​ចំនួន​ទៀត រួម​ទាំង​តំបន់​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​អភិរក្ស​ជលផល​អតីត​ឡូត៍​លេខ​២ ខេត្តបាត់ដំបង ឬ​តំបន់​ស្នូល​ព្រែក​ទាល់​នៃ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ។ រហូត​មក​ដល់​បច្ចុប្បន្ន ផ្នែក​ខាងលើ​នៃ​តំបន់​ព្រែក​ទាល់​បាន​ឆេះ​ព្រៃ​លិច​ទឹក​អស់​ច្រើន​ហិ​កតា ហើយ​ភ្លើងព្រៃ​នេះ​បាន​និង​កំពុង​បន្ត​ឆេះ​រាលដាល​បន្ថែម​ទៀត ដោយសារ​តែ​អាកាសធាតុ​ក្តៅ​ខ្លាំង ។

ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​នេះ ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ទន្លេសាប ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត បាន​និង​កំពុង​ចាត់វិធានការ​ទប់ស្កាត់ និង​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ព្រែក​ទាល់ ដោយ​បាន​កៀងគរ​ប្រជា​សហគមន៍ អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ដៃគូ ជា​ពិសេស​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) ដើម្បី​គាំទ្រ និង​ចូលរួម​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នៅ​កន្លែង​អភិរក្ស​ជលផល និង​តំបន់​ស្នូល​ព្រែក​ទាល់​ចាប់តាំងពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៦ រហូត​មក​ពេល​នេះ ដែល​មន្ត្រី​ក្រសួងបរិស្ថាន​ប្រចាំ​តំបន់​ស្នូល​ព្រែក​ទាល់ បាន​និង​កំពុង​បូមទឹក​បញ្ចូល​ព្រែក​សំខាន់​ៗ​ចំនួន​២​ដោយ​ប្រើ​ម៉ាស៊ីន​ចំនួន​៧​គ្រឿង ដើម្បី​ឲ្យ​ព្រែក​ទាំងនោះ មានទឹក​សម្រាប់​បូម​ពន្លត់ភ្លើង​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ចំនួន​៦​គ្រឿង ដែល​មាន​មន្ត្រី​បរិស្ថាន និង​ឧ​ទ្យា​នុ​រក្ស​ចូលរួម​ចំនួន​២៤​នាក់ រួម​ទាំង​សហគមន៍​ស្ម័គ្រ​ចិត្តជា​ច្រើន​នាក់​ទៀត ។

មូលហេតុ​ចម្បង​ៗ ដែល​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នេះ គឺ​បណ្តាល​មក​ពី​ប្រជាជន​ធ្វើការ​ដុត​ព្រៃ​ដើម្បី​ចាប់​សត្វ ការ​ធ្វេសប្រហែស​របស់​ប្រជាជន បន្ទាប់​ពី​ពួក​គាត់​ធ្វើការ​ដាំ​ស្ល​រួច​មិន​បាន​ពន្លត់ភ្លើង​ឲ្យ​បាន​ត្រឹមត្រូវ និង​ការ​រាលដាល​ពី​ការ​ដុត​រាន​ដី​កសិកម្ម​ខាងក្រៅ​តំបន់​អភិរក្ស​។ ក្រសួងបរិស្ថាន​និង​អាជ្ញាធរ​ទន្លេសាប សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចៀសវាង​ការ​ដុត​ព្រៃ​ដើម្បី​ចាប់​សត្វ និង​ត្រូវ​គ្រប់គ្រង​ភ្លើង​ដែល​ខ្លួន​បង្កើត​ឡើង​ឲ្យ​បាន​ល្អ ចៀសវាង​ការ​ឆេះ​រាលដាល​ពាស​វាល​ពាស​កាល ដោយសារ​តែ​បច្ចុប្បន្ន​នេះ អាកាសធាតុ​មាន​ភាព​ហួតហែង​ខ្លាំង ងាយ​បង្ក​ការ​ឆេះ​ព្រៃ ៕​