ជិះ​បញ្ច្រាស ត្រូវរថយន្តបុកចំពីមុខ​

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ជិះ​ម៉ូតូ​បញ្ច្រាស​ទិស​ដៅ​ចរាចរណ៍ ​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង ​បើក​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឱ្យ​​​ដួល​បោក​នឹង​បង្គោល​ភ្លើង​បាក់.​ក​ស្លាប់​​នៅ​លើ​ម៉ូតូ ចំណែក​រថយន្ត​បង្ក​បើក​រត់​បាត់​ស្រមោល ដែល​ហេតុការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១១ ​និង​២០​យប់​ថ្ងៃ​ទី​០១ ​ឧសភា ២០១៦ ស្ថិតនៅចំណុចស្ពាន​បា​គូ ជិត​ស្ថានីយប្រេងឥន្ធនៈ​សា​វី​មិច ផ្លូវ​២១៧ ​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

​ប្រភពឱ្យដឹងថា ជន​រង​គ្រោះ​ដែលស្លាប់​ឈ្មោះសាំង សំណាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​អ្នក​រើស​អេ​ត​ចាយ ស្នាក់​នៅ​និង​ស្រុក​កំណើត​​​ក្នុងភូមិ​ហារ សង្កាត់​ដង្កោ ខណ្ឌដង្កោ ជា​កូនកំព្រា​រស់នៅ​ជាមួយ​ម្តាយមីង ។

តាម​ប្រភព​​​ថា គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌ខ្មៅ អត់​មាន​ស្លាក​លេខ ធ្វើ​ដំណើរ​​តាម​ផ្លួ​វ​២១៧ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បើកបញ្ច្រាសទិស​ដៅ​ចរាចរណ៍​ ដោយ​ជិះ​នៅ​ខាង​ផ្លូវ​របស់​រថយន្ត​ ។ លុះ​មក​ដល់​ចំនុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ពណ៌​ និង​ស្លាក​លេខ ធ្វើ​ដំណើរតាម​ផ្លួ​វ​២១៧ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​បុក​ជាមួយ​​ម៉ូតូ​រង​គ្រោះ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឱ្យ​​ម៉ូតូ​និង​ជន​រង​គ្រោះ​ខ្ទាត​ទៅ​បុក​បង្គោល​ភ្លើង​ផ្លោង​អ្នក​ជិះ​ម៉ូតូ​បោក​ក្បាល​បាក់.​ក​ស្លាប់នៅ​លើ​ម៉ូតូ ដោយ​ម៉ូតូ​ខូចខាត​ស្ទើរ​ទាំងស្រុង ចំណែក​រថយន្ត​បង្ក​បើករត់​បាត់​ស្រមោល ។