មន្ត្រី​អា​ដ​ហុ​ក​៤​នាក់ គ​.​ជ​.​បម្នាក់​និង UN ម្នាក់ ប្រឈម​នឹង​ជាប់​ព​ន្ឋ​នាគារ​ពី​៥​ទៅ​១០​ឆ្នាំ

រាជធានី​ភ្នំពេញ ​៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា មន្ត្រី​អង្គការ​សិ​ទ្ឋិ​មនុស្ស​អា​ដ​ហុ​ក​៤​រូប​និង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​តៀប​ចំការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​)០១​រូប បាន​ត្រូវ​តំណាង​អយ្យការ​បញ្ចប់​ការ​សួរ​ដេញដោល​និង​ចោទប្រកាន់​រួច​ហើយ និង​បញ្ជូន​ទៅ​ចៅក្រម​ដើម្បី​ចាត់ការ​បន្ត ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា មន្ត្រី​អង្គការ​អា​ដ​ហុ​ក​៤​រូប ត្រូវ​លោក​ព្រះរាជអាជ្ញា​រង គុ​ជ គឹ​ម​ឡុ​ង ចោទ​ពី​បទ​សូកប៉ាន់​សាក្សី​តាម​មាត្រា​៥៤៨​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ចំណែក​លោក នី ចរិយា អគ្គលេខាធិការ​រង​គ​.​ជ​.​ប និង​លោក សឺ​ន សាលី មន្ត្រី UN ដែល​កំពុង​រត់គេច​ខ្លួន ត្រូវ​ចោទ​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​តាម​មាត្រា​២៩​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ។

មន្ត្រី​តុលាការ​បាន​បង្ហើប​ថា បើ​តាម​បទ​ចោទ​មន្ត្រី​ទាំង​៦​រូប​ខាងលើ​នឹង​អាច​ជាប់​ព​ន្ឋ​នាគារ​ពី​៥​ទៅ​១០​ឆ្នាំ ។

ប្រ​ភ​បន្ត​ថា នៅ​ពេល​នេះ​មន្ត្រី​អង្គការ​អា​ដ​ហុ​ក​ទាំង​០៤​រូប​និង​មន្ត្រី​គ​.​ជ​.​ប ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ដើម្បី​សម្រេច​ថា​តើ​ត្រូវ​ឃុំខ្លួន ឬ​យ៉ាងណា ? ។

មន្ត្រី​ទាំង​៥​រូប​នោះ​រួម​មាន​៖ លោក នី ចរិយា អគ្គលេខាធិការ​រង គ​.​ជ​.​ប ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អា​ដ​ហុ​ក លោក នី សុខា​, លោក យី សុខសាន្ត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អា​ដ​ហុ​ក​, លោក ណៃ វ៉ង​ដា អនុប្រធាន​ផ្នែក​ស៊ើបអង្កេត សមាគម​អា​ដ​ហុ​ក និង​លោកស្រី លឹ​ម មុនី  មន្ត្រី​អង្កេត​ជាន់ខ្ពស់​អា​ដ​ហុ​ក ។