យាយ​ញាប់ ប្រើប្រាស់​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ យ៉ាង​ពេញបន្ទុក​

រហូតមកដល់​ពេលនេះ​ឈ្មួញ​មួយចំនួន​នៅតែ​បន្ត​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ក្នុង​ខេត្តព្រៃវែង យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​០១ ខែឧសភា រថយន្ត​ដឹកទំនិញ​ជាច្រើន​គ្រឿង​របស់​យាយ​ញាប់ បាន​ផ្ទុកទំនិញ​លើស​ទម្ងន់​ពី​ច្រក​អន្តរជាតិ​បាវិត ឆ្លងកាត់​ផ្លូវជាតិ​លេខ​១​នៃ​ខេត្តព្រៃវែង ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​បានត្រឹមតែ​ហុចដៃ​យកលុយ​ពី​ឈ្មួញ​ប៉ុណ្ណោះ​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បំផ្លាញ​ផ្លូវថ្នល់ បំផ្លាញ​ស្ពាន​តាម​អំពើ​ចិត្ត​តទៅទៀត​។

ប្រភពពី​មន្ត្រីនគរបាល​ចរាចរណ៍​ក្នុង​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៦ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​២​គ្រឿង​ដឹកទំនិញ​លើស​ទម្ងន់​យ៉ាង​សំពីងសំពោង​របស់​យាយ​ញាប់ ហើយ​ប្រមាណ​១​ម៉ោង​ក្រោយមក ត្រូវបាន​ដោះលែង​វិញ​ដោយ​គ្រាន់តែ​ចេញ​ក្រដាស​ផាកពិន័យ​ក្នុង​រថយន្ត​១​គ្រឿង​១០​ម៉ឺន​រៀល​។ រថយន្ត​២​គ្រឿង​នោះ រថយន្ត​ទី​១​មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-1839 និង​ទី​២​ពាក់​ស្លាក​សញ្ញា​បិសាច​ខៀវ ភ្នំពេញ​3A-7984​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ព្រោះ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ពី​ខេត្តស្វាយរៀង មក​តំបន់​អ្នក​លឿង មាន​ជញ្ជីង​ថ្លឹង​រថយន្ត​ផងដែរ ប៉ុន្តែ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ទាំងនោះ​គិតតែ​រឿង​ផលប្រយោជន៍​។

តាម​ការអះអាង​របស់​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​របស់​យាយ​ញាប់ បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្សែ​រថយន្ត​របស់​ពួកគេ​បាន​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ពី​ស្វាយរៀង ឆ្លងកាត់​ខេត្តព្រៃវែង ខេត្តកណ្ដាល ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ច្រើន​ឆ្នាំ​មកហើយ​មិន​ដែលមាន​សមត្ថកិច្ច​ណា​ហាមឃាត់​ទេ​។ ទើបតែ​ថ្មីៗ​នេះ​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​ភូមិ​រំចេក ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង បាន​ឃាត់​រថយន្ត​របស់​ពួកគេ​ដើម្បី​ពិន័យ​តាមច្បាប់​។ ករណី​ដូច​ខាងលើនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន គួរពិនិត្យមើល​ផងដែរ ព្រោះ​ក្នុង​មួយថ្ងៃៗ​រថយន្ត​យី​ឌុប​ដឹកទំនិញ​ធំៗ​ផ្ទុកទំនិញ​លើស​ទម្ងន់​របស់​យាយ​ញាប់ ឆ្លងកាត់​ផ្លូវជាតិ​លេខ​១​ពី​បាវិត​ដល់​ភ្នំពេញ យ៉ាង​សុខ​ស្រួល​។ នៅតាម​ផ្លូវជាតិ​លេខ​១ មាន​ជញ្ជីង​ថ្លឹង​រថយន្ត​៤​កន្លែង ប៉ុន្តែ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ទាំងនោះ មិនដែល​ឃាត់​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​របស់​យាយ​ញាប់​ទេ បើទោះបី​រថយន្ត​ទាំងនោះ​ផ្ទុកទំនិញ​លើស​ទម្ងន់​រាប់សិប​តោន​យ៉ាងណាក៏ដោយ​៕

b d c