ករណី​ប្រជាពលរដ្ឋ​ប្ដឹង​លោក យី សំ​អូន មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​

​លោក យី សំ​អូន មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ត្រូវ​ប្រជាពលរដ្ឋ​៦​នាក់​ដែលជា​តំណាង​ម្ចាស់​ដីស្រែ​បានដាក់​ពាក្យបណ្ដឹង​ទៅ​សាលាដំបូង​ខេត្តកំពង់ធំ ពីបទ​ឆបោក ហើយ​បញ្ហា​នេះ​កំពុងតែ​ធ្វើ​ឲ្យ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ នៅក្នុង​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៦ របស់​ប្រជាពលរដ្ឋ​៦​នាក់​ដែលជា​តំណាង​ប្រជាពលរដ្ឋ​ម្ចាស់​ដីស្រែ​បាន​រៀបរាប់​យ៉ាងច្បាស់​លាស់​ពី​អំពើ​ឆបោក​របស់លោក យី សំ​អូន ហើយ​ស្នើ​ឲ្យ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ជួយ​ចាត់វិធានការ​ឲ្យ​ឈ្មោះ យី សំ​អូន សង​ប្រាក់​២៧៩ ៧៨៧ដុល្លារ​ដល់​ពួកគាត់​។

​នៅក្នុង​ពាក្យបណ្ដឹង​បាន​រៀបរាប់ថា​កាលពីដើមឆ្នាំ​២០១៥ លោក យី សំ​អូន ជា​អ្នកទទួល​រៀបចំ​ទិញ​ដី​ហើយ​បាន​ឲ្យ​ក្រុម​តំណាង​ប្រជាពលរដ្ឋ​ដើរ​ប្រមូល​ទិញ​ស្រែ​និង​ចម្ការ​ឲ្យ​លោក យី សំ​អូន ដី​នោះ​នៅ​ចំណុច​ភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង មាន​ចំនួន​៧០​ហិកតា​ស្មើនឹង​១៦២ ០១២​ដុល្លារ ដី​នៅ​ចំណុច​ស្ទឹង​ស្ទោង ក្រោម​ទំ​បន់​ប៉ុលពត​៧៧៥​ហិកតា ស្ថិតនៅ​ឃុំ​ប្រឡាយ មាន​ទឹកប្រាក់​៤៩២ ១២៥​ដុល្លារ និង​ដី​មួយកន្លែង​ទៀត​ស្ថិតនៅ​ខាងលើ​ទំនប់​ប៉ុលពត​ចំនួន​៣៧៩​ហិកតា​ស្មើនឹង​ទឹកប្រាក់​២៤០ ៦៧៣​ដុល្លារ​។ សរុប​ចំនួន​ទាំងអស់​គឺមាន​ផ្ទៃដី​១២២៤​ហិកតា​ស្មើនឹង​ទឹកប្រាក់​៨៩៤ ៨១០​ដុល្លារ ហើយ​ក្នុង​ចំនួន​ទឹកប្រាក់​នេះ​លោក យី សំ​អូន ប្រគល់​ជា​បន្តបន្ទាប់​ចំនួន​៦១៥ ០២៣​ដុល្លារ ហើយ​នៅ​ជំពាក់​២៧៩,៧៨៧​ដុល្លារ មិនទាន់​សង​នៅឡើយ​។

​តាមរយៈ​ពាក្យបណ្ដឹង​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦ លោក យី សំ​អូន យក​បញ្ជី​មក​ទូទាត់​ជាមួយ​ក្រុម​តំណាង​ប្រជាពលរដ្ឋ ហើយ​ទទួលស្គាល់ថា​នៅ​ជំពាក់​លុយ​២៧៩ ៧៨៧​ដុល្លារ ថែមទាំង​ផ្ដិតមេដៃ​ដោយមាន​ការចូលរួម​ជាច្រើន​នាក់​ផង​នៅ​កែង​គោល ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ដោយសារតែ​លោក យី សំ​អូន មាន​ភាពយឺតយ៉ាវ​ក្នុង​ការសង​ប្រាក់​ទើប​ប្រជាពលរដ្ឋ​៦​នាក់​តំណាង​ឲ្យ​ម្ចាស់​ដីស្រែ​បាន​ប្ដឹងទៅ​សាលាដំបូង​ខេត្តកំពង់ធំ ឲ្យ​ជួយ​ដោះស្រាយ​ដោយ​ស្នើ​ឲ្យ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ជួយ​ដល់​ពួកគាត់​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តកំពង់ធំ មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ព្រោះ​នៅក្នុង​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ចុះ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៦ មាន​ទាំង​ឈ្មោះ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ផងដែរ​៕

28-4-20163លោក យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ