អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បណ្តែតបណ្តោយ​ឲ្យ​ឈ្មួញ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​នៅក្នុង​ស្រុក​សណ្តាន់​

សកម្មជន​ព្រៃឈើ​នៅ​ខេត្តកំពង់ធំ បាន​សម្តែង​ការខកចិត្ត​ចំពោះ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តកំពង់ធំ និង​ក្នុងស្រុក​សណ្តាន់​ដែល​បាន​បណ្តែតបណ្តោយ​ឲ្យ​មាន​សកម្មភាព​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ នៅក្នុង​តំបន់​ព្រៃ​ឡង់​ខេត្តកំពង់ធំ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​អាជ្ញាធរ​ខេត្តកំពង់ធំ គប្បី​ត្រួតពិនិត្យ​ពី​សកម្មភាព​កាប់​ឈើ​នៅក្នុង​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ហើយ​ជំរុញ​ឲ្យ​មានការ​អនុវត្ត​ច្បាប់​ប្រឆាំង​មន្ត្រី​ពុករលួយ​ដែល​ឃុបឃិត​ជាមួយ​ឈ្មួញ​កាប់​ឈើ​យកទៅ​ធ្វើ​អាជីវកម្ម​ដើម្បី​ផលប្រយោជន៍​បក្ខ​ពួកគេ​។​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​សណ្តាន់ បាន​រៀបរាប់ថា តាំងពីដើម​មក​រហូតដល់​សព្វថ្ងៃនេះ​រណារយន្ត​មាន​រាប់រយ​គ្រឿង​នៅក្នុង​ព្រៃ​ឡង់ ហើយ​សំឡេង​រណារយន្ត​លាន់​រំពង​ព្រៃ ខណៈ​គោយន្ត​ដឹកឈើ​ចេញចូល​ព្រៃ​យ៉ាង​រលូន តែ​មន្ត្រី​ជំនាញ​នៅ​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្តោយ​ឲ្យ​ឈ្មួញ​ចូល​កាប់​ឈើ​ដឹក​ចេញ​បាន​យ៉ាង​រលូន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើទោះជា​បច្ចុប្បន្ន រដ្ឋាភិបាល​កំពុងមាន​គម្រោង​ដាក់​ព្រៃ​ឡង់​ជា​ព្រៃ​ការពារ​ក៏ដោយ ក៏​ផ្នែក​មួយចំនួន​នៃ​ព្រៃ​ឡង់​ស្ថិត​ក្នុងស្រុក​សណ្តាន់ ខេត្តកំពង់ធំ​នៅតែមាន​សកម្មភាព​កាប់​ឈើ​ដដែល ខណៈ​កន្លងទៅ​ព្រៃឈើ​នៅក្នុង​តំបន់​ខាងលើ ត្រូវ​ឈ្មួញ​កាប់​ឈើ​ជា​ប្រភេទ​ឈើ​ប្រណីត​អស់​មួយ​ភាគ​ធំ​រួចទៅហើយ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ អាជ្ញាធ​ស្រុក​សណ្តាន់ ក្នុង​សប្តាហ៍​កន្លងមក​បាន​បេ្ត​ជ្ញា​ចិត្ត និង​ដាក់​កម្លាំង​ចុះបង្ក្រាប​បទល្មើស​គ្រប់ពេល ហើយ​សុំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ទាំងអស់​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក ប្រកបដោយ​ការទទួលខុសត្រូវ ព្រោះ​ជំនាន់​នេះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ជំនាន់​ក្រោយ​។ តែ​ប្រជាពលរដ្ឋ​បាន​រិះគន់ថា​ការប្តេជ្ញាចិត្ត​ដូចជា​យឺត​ពេល​ទៅហើយ ព្រោះ​ឈើ​ក្នុងព្រៃ​ឡង់​ត្រូវ​ឈ្មួញ​កាប់​រាប់​ឆ្នាំ​មកហើយ តែ​បែរជា​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក​ទើបតែ​ប្តេជ្ញាចិត្ត​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បញ្ហា​មន្ត្រី​ជំនាញ​ឃុបឃិត​កាប់​ឈើ​ជាមួយ​ឈ្មួញ​នឹង​នៅតែ​បន្ត​កើតមាន​ដដែល ព្រោះ​រដ្ឋាភិបាល​មិនដែល​មាន​ចំណាត់ការ​ផ្លូវច្បាប់​ប្រឆាំង​មន្ត្រី​ជំនាញ​ដែល​ពុករលួយ​ឃុបឃិត​លួច​កាប់​ឈើ​ជាមួយ​ឈ្មួញ​នោះទេ ខណៈ​មន្ត្រី​ជំនាញ​ទាំងនោះ​ភាគ​ច្រើ​មាន​ខ្នងបង្អែក​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ហើយ​បានទទួល​ផលប្រយោជន៍​ដោយផ្ទាល់ ឬ​ប្រយោល​ពី​ឈ្មួញ​ឈើ​ដែល​មានន័យថា​ការប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​តែម្តង​៕

13115768_625474097606746_581071643_n 13084307_625473737606782_1135296653_n