ចោរ​២​នាក់ ទះ​នារី​ម្នាក់​៣​កំផ្លៀង ​ប្លន់​យក​ម៉ូតូ Zoomer-X បាន​ដោយ​សុវត្ថិភាព​

ចោរ​២​នាក់ ទះ​នារី​ម្នាក់​៣​កំផ្លៀង ​ប្លន់​យក​ម៉ូតូ Zoomer-X បាន​ដោយ​សុវត្ថិភាព​



ភ្នំពេញ​ ៖ ជនសង្ស័យ​២​នាក់ ​ប្រដាប់​ដោយ​កាំភ្លើងខ្លី បាន​ធ្វើ​សកម្មភាព​ភ្ជង់​ និង​ទះ​នារី​រងគ្រោះ​៣​កំផ្លៀង ប្លន់​មក​ម៉ូតូ​ម៉ាក Zoomer-X បានសម្រេច​ដោយ​សុវត្ថិភាព​បំផុត ​ដោយ​មិន​រំខាន​សមត្ថកិច្ច ​និង​លោក​អធិការ​ឡើយ។

អំពើ​ហិង្សា​វាយ​ប្លន់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​១៨២ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។

នារី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​រូបគេ​ និង​មិត្តភ័ក្ដិ​មាន​គ្នា​៥​នាក់​ ដោយ​ក្នុង​នោះ​មាន​មិត្តភ័ក្ដិ​ម្នាក់​ជា​ប្រុស ទើប​នឹង​ត្រឡប់​មកពី​ដើរលេង​នៅ​កោះ​ពេជ្រ​វិញ​ ដោយ​ជិះ​ម៉ូតូ​ម៉ាក Zoomer-X ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FC-9671 បើកបរ​តាម​បណ្ដោយ​ផ្លូវ​១២៥ ​កែង​ផ្លូវ​១៨២ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ នៅ​ម្ដុំ​ផ្សារ​អូរឫស្សី ក៏បាន​បែកផ្លូវ​គ្នា​ជាមួយ​មិត្តភ័ក្ដិ ខណៈ​ពេលនោះ​ជនរងគ្រោះ​ក៏បាន​ជូន​មិត្តភ័ក្ដិ​ត្រឡប់​ទៅ​ផ្ទះ​វិញ ​ក៏​ស្រាប់​តែ​មាន​ជនសង្ស័យ​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម​ជិះ​ម៉ូតូ​ម៉ាក Zoomer-X ដូចគ្នា ​ពណ៌​ស មិន​ចាំ​ស្លាក​លេខ​ បាន​មក​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​នារី​រងគ្រោះ​ និង​បាន​ទះ​នារី​រងគ្រោះ​៣​កំផ្លៀង ហើយ​ជិះ​យក​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព។

ក្រោយពេល​កើតហេតុ​ នារី​រងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ព្រលឹត​ ដើម្បី​ស្រាវជ្រាវ​រក​ក្រុម​ចោរ​ប្លន់ ប៉ុន្តែ​ហាក់​មិន​មាន​សង្ឃឹម​ទេ ដោយសារ​អំពើ​ប្លន់​នេះ សមត្ថកិច្ច​មូលដ្ឋាន និង​លោក​អធិការ​មិន​ទាំង​ដឹង​ផង៕
ចោរ​២​នាក់ ទះ​នារី​ម្នាក់​៣​កំផ្លៀង ​ប្លន់​យក​ម៉ូតូ Zoomer-X បាន​ដោយ​សុវត្ថិភាព​