អ្នកភូមិ​ឡ​ពាង បាន​នាំគ្នា​យកពាក្យ​បណ្ដឹង​តវ៉ា ​មក​ដាក់​ជូន​អភិបាលខេត្ត​កំពង់ឆ្នាំង ក្រោយ​ស្ងប់​ស្ងាត់​អស់​មួយ​រយៈ​

អ្នកភូមិ​ឡ​ពាង បាន​នាំគ្នា​យកពាក្យ​បណ្ដឹង​តវ៉ា ​មក​ដាក់​ជូន​អភិបាលខេត្ត​កំពង់ឆ្នាំង ក្រោយ​ស្ងប់​ស្ងាត់​អស់​មួយ​រយៈ​



កំពង់ឆ្នាំង ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ភូមិ​ឡ​ពាង និង​ក្រុមហ៊ុន KDC ក្រោយពី​មានការ​ដោះស្រាយ​តាម​គោលនយោបាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ នា​ពេល​កន្លង​ទៅនេះ គេ​សង្កេត​ឃើញថា ​មាន​ភាព​ស្ងប់ស្ងាត់​អស់​មួយ​រយៈ​ពេល រហូតមកដល់ ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ដែល​អះអាងថា ​រងគ្រោះ​ដោយសារ​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី បាន​នាំគ្នា​ដាក់ពាក្យ​បណ្ដឹង​ជាថ្មីទៀត​ប្រឆាំង​ក្រុមហ៊ុន​ខេ​ឌី​ស៊ី​។

តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ប្រមាណ​៣០​នាក់​ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​អ្នកស្រី ជា ខេង ម្ចាស់​ក្រុមហ៊ុន​ខេ​ឌី​ស៊ី បាន​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ផ្លូវ​ជាង​៣០​គីឡូម៉ែត្រ​តាម​គោយន្ត​២​គ្រឿង​ចេញពី​ភូមិ​ឡ​ពាង​ចំនួន​៣៤​គ្រួសារ ទៅ​ប្រមូលផ្ដុំ​នៅមុខ​សាលាខេត្ត​កំពង់ឆ្នាំង ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​រក​ដំណោះស្រាយ​។ នៅ​ក្នុង​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ស្នើ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ខ្វៀ​ល​ដី​ទំហំ​៨២,៩៦​ហិកតា ដែល​ពួកគាត់​កាន់កាប់​តាំងពី​អំឡុង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០ ហើយ​ត្រូវ​ក្រុមហ៊ុន​ខេ​ឌី​ស៊ី របស់​អ្នកស្រី ជា ខេង រំលោភបំពាន​កាលពី​ឆ្នាំ​២០០៧​។

ទាក់ទង​នឹង​បញ្ហា​នេះ​តំណាង​ប្រជាពលរដ្ឋ​បាន​រំលឹក​ថា ចាប់​តាំងពី​ឆ្នាំ​២០០៧​រហូត​មក ពួកគាត់​ធ្លាប់​បាន​ដាក់ពាក្យ​បណ្ដឹង​យ៉ាងតិច​ចំនួន​៥​ចូល​សាលាខេត្ត​កំពង់ឆ្នាំង ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះ​ស្រាយ​ប្រកបដោយ​តម្លាភាព​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​គឺ​តាំងពី​ជំនាន់​លោក ទូច ម៉ា​រី​ម ធ្វើជា​អភិបាលខេត្ត រហូតដល់​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ធ្វើជា​អភិបាលខេត្ត​កំពង់ឆ្នាំង គឺ​អាជ្ញាធរខេត្ត​មិន​យកចិត្តទុកដាក់​ដោះស្រាយ​ករណី​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ឆក់​ប្លន់​ដីធ្លី​ពី​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ឡើយ​។

​ជុំវិញ​ករណី​ខាង​លើ​នេះ ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កម្ពុជា​ថ្មី ប្រចាំ​ខេត្ត​កំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ដោយ លោកជំទាវ ជា ខេង ប្រធាន​ក្រុមហ៊ុន KDC បាន​អះអាង​ឲ្យ​ដឹង​ថា ខាង​លោកជំទាវ មាន​គោលជំហរ និង​សុ​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ជួន​ប្រជាពលរដ្ឋ​យ៉ាង​ច្បាស់​លាស់ ដោយ​ការ​ដោះស្រាយ​ទាំងនោះ​គឺ​ធ្វើតាម គោលនយោបាយ​ហើយ​ក៏​ធ្លាប់បាន​អនុវត្ត​ជា​បន្តបន្ទាប់​រួចមក​ដែរ។ តែ​អ្វីដែល​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​មួយ​ចំនួន​តូច​ទាមទារ​នោះ​គឺ​វា​ខុសពី​គោលការណ៍ ពោលគឺ​ចង់បាន​តាម​តម្រូវការ​គ្មាន​ដែន​កំណត់ ដោយ​ទាមទារ​តម្លៃ​ខ្ពស់​ចំពោះ​ដី​ដែល​មាន​ចម្ងាយ​ប្រមាណ​៥​កី​ឡូ​ម៉ែត្រ​ពី​ផ្លូវជាតិ គឺ​វា​ខុស​ពី​តម្លៃ​ទីផ្សារ​យ៉ាង​ខ្លាំង ។ លោកជំទាវ​បាន​បន្ត​ទៀត​ថា ដី​ទំនាស់​ខាង​លើ​នេះ គឺ​លោក​ជំទាវ​បាន​ទិញ​ពី​អ្នក​រៀប​ដី​គឺ លោក ថៃ ហ៊ី រឿងរ៉ាវ​ពាក់ព័ន្ធ​ទាំងឡាយ​ណាមួយ​គួរ​ទម្លាក់កំហុស​ទៅលើ​រូបលោក​ជំទាវ​ដូច្នេះ​ឡើយ ព្រោះ​ដី​នេះ​គាត់​បាន​ឲ្យ​អ្នក​រៀប​ដី​រៀបចំ ខាង​គាត់​រង​ចាំ​តែ​ទទួលយក​ដី​ប៉ុណ្ណោះ។

លោកជំទាវ​បាន​បញ្ជាក់​ផង​ដែរ​ថា ចំនួន​ប្រជាពលរដ្ឋ​ដែល​មិន​ទទួល​ការ​ដោះស្រាយ​តាម​គោលនយោបាយ​មានតែ​ប្រមាណ​១៦​គ្រួសារ​ប៉ុណ្ណោះ តែ​កាល​ពេល​មក​តវ៉ា​កាលពី​ថ្ងៃទី​២៨ ខែមេសា​កន្លងទៅ​មាន​រហូតដល់​៣៤​គ្រួសារ ចំនួន​នេះ​វា​មិន​ស៊ីគ្នា​និង​អ្វី​ដែល​ជាក់​ស្តែង ។ ចំពោះ​ការ​ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​មិន​ព្រម​ទទួលយក​គោលនយោបាយ​បាន​ដាក់​ជូន​ទៅ​គណៈ​កម្មការ​ទី​១​នៃ​រដ្ឋសភា​តាំងពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅ តែ​មិន​ឃើញ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ឡើយ រហូតមកដល់​ថ្ងៃទី​២៨ ខែមេសា កន្លង​ទៅ​នេះ​ទើប​ឃើញ​ប្រជាពលរដ្ឋ បាន​ធ្វើ​ដំណើរ តាម​គោយន្ត​២​គ្រឿង​ចេញពី​ភូមិ​ឡ​ពាង​ចំនួន​៣៤​គ្រួសារ ទៅ​ប្រមូលផ្ដុំ​នៅមុខ​សាលាខេត្ត​កំពង់ឆ្នាំង ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​រក​ដំណោះស្រាយ៕