រដ្ឋមន្ត្រី​ការងារ​ ៖ ​សិទ្ធិ​កម្មករនិយោជិត ​និង​សិទ្ធិ​សហជីព​ គឺជា​ការអនុវត្ត​សិទ្ធិមនុស្ស​ នៅ​កម្ពុជា​

រដ្ឋមន្ត្រី​ការងារ​ ៖ ​សិទ្ធិ​កម្មករនិយោជិត ​និង​សិទ្ធិ​សហជីព​ គឺជា​ការអនុវត្ត​សិទ្ធិមនុស្ស​ នៅ​កម្ពុជា​



ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បាន​ចាត់ទុក ការអនុវត្ត​សិទ្ធិ​កម្មករនិយោជិត​ និង​សិទ្ធិ​សហជីព គឺជា​ការអនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​កម្ពុជា​ក៏បាន​និង​កំពុង​អនុវត្ត​អនុសញ្ញា​អង្គការ​អន្តរជាតិ​ខាង​ការងារ​ចំនួន​១៣ ក្នុង​នោះ​មាន​អនុសញ្ញា​ស្នូល​សំខាន់​ចំនួន​៨ បាន​ផ្តល់​សច្ចាប័ន​ដែល​ខ្លឹមសារ​ ត្រូវ​បាន​បញ្ចូល​ក្នុ​ង​ច្បាប់​ស្ដីពី​ការងារ​ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជាច្រើន​។​

លោក ​អ៊ិត ​សំហេង ​បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១​៣​០ ទិវា​ពលកម្ម​អន្តរជាតិ ក្រោម​ប្រធានបទ​លើកកម្ពស់ សេរីភាព អង្គការ​វិជ្ជាជីវៈ​ និង​ស្ថិរភាព​ផលិត​កម្ម ដើម្បី​បង្កើន​ផលិតភាព និង​ការងារ កាលពី​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ នៅ​ទីស្ដីការក្រសួង ។​

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​បន្ត​ថា បច្ចុប្ប​ន្ន​លក្ខខណ្ឌ​ការងារ សិទ្ធិកម្មករ​និយោជិត សេរីភាព សហជីព ​និង​អង្គការ​វិជ្ជាជីវៈ មាន​ស្ថានភាព​ល្អ​ប្រ​សើរ​ជាង​ពេលណា​ទាំងអស់​នៅក្នុង​ប្រវត្តិសាស្ត្រ ហើយ​ដែល​ប្រការ​នេះ​បាន​ក្លាយ​ទៅជា​គំរូ​ល្អ​មួយ​ក្នុង​សហគមន៍​អន្តរជាតិ ហើយក៏​ប្រៀប​ខ្លាំង​ក្នុង​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ​នាំចេញ​ផលិតផល​នៃ​វិ​ស័​យ​វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា ន​យោ​បាយ​នេះ គឺ​ពិត​បាន​រួម​ចំណែក​ក្នុង​ការធានា​ស្ថិរភាព និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម កាត់ដេរ ដែល​រួមចំណែក​យ៉ាង​សំខាន់​នៅក្នុង​កំណើនសេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាព​ក្រីក្រ​។​

នៅក្នុង​សារលិខិត​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកា​ស ខួប​អនុស្សាវរីយ៍​លើក​ទី​១៣០​នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា​នេះ បាន​បញ្ជាក់​ថា ទិវា​ពលកម្ម​អន្តរជាតិ​ត្រូវ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ ដើម្បី​ឧទ្ទិស​ដល់​ចលនា​កម្មករ​អន្តរជាតិ ដែល​បាន​កើត​ឡើង​នៅក្នុង​ប្រទេស មួយចំនួន​កាលពី​១៣០​ឆ្នាំមុន ក្នុង​ការ​ទាមទារ​ឲ្យ​មានការ​កែលំអ​លក្ខខណ្ឌ​ការ​ងារ និង​ជីវភាព​របស់​ប្រជាពលករ ហើយ​ព្រឹត្តិការណ៍​នេះ​បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​អន្តរ​ជាតិ​ជា​រៀង​រហូត​មក​។ ដោយឡែក នៅក្នុង​វិស័យ​ការងារ ការអនុវត្ត​លក្ខខណ្ឌ​ការងារ និង​សុខដុម​នីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​តាមរយៈ​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​អធិការកិច្ច​ការងារ​ ដែល​បាន​បង្ក​ភាព​ងាយស្រួល និង​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​សំណាក់​កម្មករនិយោជិត និង​និយោជក​នៅ​តាម​សហគ្រាស និង​គ្រឹះស្ថាន​នានា​៕