រឿង​ដឹកទំនិញ​ខូចគុណភាព​មកចាក់​ចោល​នៅ​ត្រពាំង​ផ្លុ​ង គឺ​សមត្ថកិច្ច​ច្រក​នេះ​ជា​អ្នកទទួលខុសត្រូវ​

ករណី​ក្រុម​អ្នកបើករថយន្ត​កុងតឺន័រ​៦​គ្រឿង​ដឹកទំនិញ​ខូចគុណភាព​ពី​ស្រុក​យួន មកចាក់​ចោល​ត្រង់ចំណុច​សូន្យ​ក្បែរ​ប៉ុស្ដិ៍​ច្រកទ្វារ​ត្រពាំង​ផ្លុ​ង កំពុង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ហើយ​លើកឡើងថា សមត្ថកិច្ច​ប្រចាំ​ច្រក​នេះ​ជា​អ្នកទទួលខុសត្រូវ​។ ដោយហេតុថា បើ​សមត្ថកិច្ច​មិន​ធ្វែ​ស​ប្រហែស​ទេនោះ គឺ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ទាំង​៦​គ្រឿង​មិនអាច​ចូលមកក្នុង​តំបន់​សូន្យ ហើយ​ចាក់ចោល​ទំនិញ​ខូចគុណភាព​បានឡើយ​។ ដូច្នេះ​មន្ត្រី​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ និង​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក ម៉ៅ ពៅ គួរពិនិត្យមើល​ភាពមិនប្រក្រតី​ខាងលើនេះ​ជាបន្ទាន់​។

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ច្រកព្រំដែន​ត្រពាំង​ផ្លុ​ង បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ មាន​រថយន្ត​កុងតឺន័រ​៦​គ្រឿង​បើក​មក​ឈប់​នៅ​ចំណុចសូន្យ​នៃ​ប៉ុស្ដិ៍​ច្រកទ្វារ​ត្រពាំង​ផ្លុ​ង លុះដល់​វេលា​ម៉ោង​២​និង​៣០​នាទី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ ក្រុម​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ទាំងនោះ​បាន​លួច​ទម្លាក់​របស់របរ​ខូចគុណភាព​ចេញពី​ក្នុង​រថយន្ត​ទៅលើ​ចំណុចសូន្យ​នៃ​ប៉ុស្ដិ៍​ត្រពាំង​ផ្លុ​ង​។ របស់របរ​ខូចគុណភាព​ទាំងនោះ​មានដូចជា កាកសំណល់​វិទ្យុសកម្ម កម្ទេចកម្ទី​គ្រឿងអគ្គិសនី សាប៊ូ​ខូចគុណភាព និង​សារ​ធាតុគីមី​មួយចំនួន​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​។ ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ត្រពាំង​ផ្លុ​ង និង​កម្លាំង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ទាំង​៦​នាក់មក​សួរនាំ​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​តាមច្បាប់​ទៅលើ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ទាំង​៦​នាក់​នោះ ព្រោះ​ពួកគេ​មាន​ចេតនា​យក​ទំនិញ​ខូចគុណភាព​និង​មាន​សារធាតុ​គីមី​មកចាក់​ចោល​លើ​ទឹកដី​ខ្មែរ​ត្រង់​ចំណុចសូន្យ​នៃ​ប៉ុស្ដិ៍​ច្រកទ្វារ​ត្រពាំង​ផ្លុ​ង​។ ជាមួយគ្នានេះ​សមត្ថកិច្ច​ច្រកទ្វារ​ត្រពាំង​ផ្លុ​ង គួរ​ទទួលស្គាល់​ការ​ធ្វែ​ស​ប្រហែស​របស់ខ្លួន​ដែល​បណ្ដោយ​ឲ្យ​ជនជាតិ​យួន​បើករថយន្ត​កុងតឺន័រ​យក​ទំនិញ​ខូចគុណភាព​មាន​ផ្ទុក​សារធាតុ​គីមី​មកចាក់​ចោល​តាម​ព្រំដែន​។ លើស​នេះ​ទៅទៀត​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ជំរុញ​ឲ្យ​សមត្ថកិច្ច​តាម​ច្រកព្រំដែន ធ្វើការ​ត្រួតពិនិត្យ​ឲ្យ​បានច្បាស់លាស់​ចំពោះ​គុណភាព​ទំនិញ​ដែល​ឈ្មួញ​នាំចូល​ប្រទេស​កម្ពុជា​៕

865 153866fa7babe2f2dda48f0db36126a8