អាជ្ញាធរ​ជាតិ​អប្សរា ​និង​ក្រុមការងារ​IGeS​​​បញ្ចប់​ការ​ជួសជុល​កាំជណ្ដើរ​កសិណ​ប្រាសាទអង្គរវត្ត​ផ្នែក​ខាងលិច​ស្លាប​ខាងជើង

អាជ្ញាធរ​ជាតិ​អប្សរា ​និង​ក្រុមការងារ​IGeS​​​បញ្ចប់​ការ​ជួសជុល​កាំជណ្ដើរ​កសិណ​ប្រាសាទអង្គរវត្ត​ផ្នែក​ខាងលិច​ស្លាប​ខាងជើង

សៀមរាប ​៖​​ កាំជណ្ដើរ​កសិណ​អង្គរវត្ត​ផ្នែក​ខាង​លិច​ស្លាប​ខាងជើង​ប្រវែង​៨០​ម៉ែត្រ ​ដែល​រង​ការខូចខាត​ដោយសារ​ការ​ស្រុត​ដី​បាក់​រលំ​ និង​ការខូចខាត​ប្រព័ន្ធ​បញ្ចៀស​ទឹក​ក្រោម​ដី​នោះ ​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​ក្រុមការងារ​IGeS​ របស់​ប្រទេស​អ៊ីតាលី​ធ្វើ​ការ​ជួសជុល​អស់​រយៈពេល​៤​ឆ្នាំ​គឺ​តាំងពី​ឆ្នាំ​២០១២​ និង​បាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ចុង​ឆ្នាំ​២០១៥។

លោក​Valter Maria Santoro ប្រធាន​គម្រោង​ IGeS បាន​ប្រាប់​ថា ការ​ជួសជុល​ជណ្ដើរ​កសិណ​នេះ បាន​ចាប់ផ្តើម​ឡើង​នៅ​ឆ្នាំ​២០១២ ហើយ​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៥ លើ​ប្រវែង​៨០​ម៉ែត្រ​ ដោយ​ថវិកា​​របស់​រដ្ឋាភិបាល​អ៊ីតាលី​ផង ​និង​ថវិកា​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ផង។ លោក​បន្ត​ទៀត​ថា មុន​នឹង​ជួសជុល​យើង​ក៏បាន​សិក្សា​ពី​ផល​ប៉ះពាល់​ ដែល​ធ្វើឲ្យ​សំណង់​រលំ​ស្រុត ស្រទាប់​ដី ​កម្រិត​ទឹក រួម​ទាំង​រចនា​សម្ពន្ធ​កសិណ​នេះ​ផង ដើម្បី​រក្សា​ទ្រង់ទ្រាយ​ដើម ដោយមាន​អ្នក​ជំនាញ​ខ្មែរ​ និង​អ៊ីតាលី​ធ្វើការ​រួមគ្នា។ ចំពោះ​ការ​ជួសជុល​បើ​ប្រើ​បច្ចេកទេស​បុរាណ​តែមួយគត់ ក៏​មិន​អាច​ធានា​សុវត្ថិភាព​និង​ភាព​យូរអង្វែង​នៃ​សំណង់​បាន​ដែរ ដូច្នេះ​ទាមទារ​ឲ្យ​ប្រើ​បច្ចេកទេស​ទំនើប​ និង​សម្ភារៈ​ថ្មី (​ថ្មភក់ ថ្មបាយក្រៀម​ថ្មី និង​ការ​បិទ​ភ្ជិត​) ដើម្បី​ពង្រឹង​រចនា​សម្ពន្ធ​សំណង់​ឲ្យ​មាន​អាយុកាល​ និង​ស្ថិរភាព​បានយូរ។ ជា​ចុងក្រោយ​លោក​ក៏​សម្តែង​ចំណាប់អារម្មណ៍​ថា នៅ​កំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខ្មែរ​មាន​អ្នកជំនាញ​គ្រប់គ្រាន់ ថែមទាំង​មាន​សមត្ថភាព​អាច​ដឹកនាំ​ធ្វើការ​ជួសជុល​ប្រាសាទ​បាន ដែល​ធ្វើឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ក្លាយ​ជា​ស្ថាប័ន​ជាតិ​ដ៏​លេចធ្លោ​មួយ​ ដែល​មាន​ថវិកា ​និង​អ្នក​ជំនាញ​ប្រកបដោយ​ប្រសិទ្ធភាព គ្រាន់តែ​នៅ​ខ្វះខាត​បច្ចេកទេសស៊ី​ជម្រៅ​បន្តិចបន្តួច​ប៉ុណ្ណោះ ដែល​ស្ថាប័ន​អន្តរជាតិ​ក៏​កំពុង​ជួយ​ដែរ។

លោក លី វណ្ណា ប្រធាន​នាយកដ្ឋាន​អភិរក្ស​ក្នុង​ឧទ្យាន​អង្គរ​ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ IGeS ទាំង​បច្ចុប្បន្ន​ និង​កន្លងមក។ ក្រុម​ការងារ​នេះ​ បាន​ធ្វើ​ការងារ​ជាច្រើន​ដើម្បី​សង្គ្រោះ​ប្រាសាទ​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​នេះ​ដែរ ទាំង​ថវិកា ​និង​បច្ចេកទេស​គ្រប់​គម្រោង។ ក្រៅពីនោះ​ក៏បាន​ជួយ​សម្រួល​បែបបទ​រដ្ឋបាល ការស្វែងរក​សម្ភារៈ និង​ផ្តល់​អ្នក​ជំនាញ​ផ្នែក​ស្រាវជ្រាវ មើល​ស្រទាប់​ដី​ ដែល​ចាក់​បង្គរ​នៅ​លើ​ច្រាំង​កសិណ​ អ្នក​សម្រង់​ប្លង់​ ដើម្បី​ឈ្វេងយល់​អំពី​រចនា​សម្ពន្ធ​បុរាណ​ ឲ្យ​ជួសជុល​ទៅតាម​ទ្រង់ទ្រាយ​បុរាណ​ និង​រក្សា​លក្ខណៈ​ដើម​នៃ​សំណង់​បុរាណ​បាន ហើយ​ទៅ​អនាគត អាជ្ញាធរ​ជាតិ​អប្សរា​ក៏​ជួយ​គម្រោង IGeS ក្នុងការ​ផ្តល់យោបល់​ទាក់ទង​នឹង​រចនា​សម្ពន្ធ​ណាមួយ​នៅ​អង្គរវត្ត ដែល​មាន​អាទិភាព​និង​សារប្រយោជន៍ គួរ​ជួសជុល​និង​អភិរក្ស​មុនគេ​ផងដែរ។

គួរបញ្ជាក់​ផងដែរ​ថា ក្រុមការងារ IGeS បាន​ចូលមក​ធ្វើការ​នៅ​តំបន់​អង្គរ​តាំងពី​ឆ្នាំ​១៩៩៥ ដោយបាន​ជួសជុល​ប្រាសាទ​ប្រែរូប​មុនគេ បន្ទាប់មក​ក៏បាន​បំពេញ​បេសកកម្ម​ការងារ​យ៉ាង​ច្រើន​នៅ​ប្រាសាទអង្គរវត្ត ដូចជា​ជួសជុល​ក្តារ​បែន​ព្រះ​ពន្លា​ខាង​លិច​នៅ​រួត​បាកាន​កាំជណ្ដើរ​កសិណ​មុខ​លោកតា​រាជ​ប្រវែង​៦០​ម៉ែត្រ។ ដោយឡែក​គម្រោង​ទៅ​អនាគត​នឹង​ជួសជុល​ជណ្ដើរ​កសិណ​អង្គរវត្ត​ផ្នែក​ខាងលិច​ស្លាប​ខាងត្បូង​ចំនួន​៨០​ម៉ែត្រ​ទៀត​ផង​ដែរ។ ក្រៅពីនោះ​IGeS​ក៏បាន​បណ្ដុះបណ្ដាល​អ្នក​ជំនាញ​ និង​កម្មករ​ខ្មែរ​ឲ្យ​មាន​សមត្ថភាព​ច្បាស់លាស់​អាច​ធ្វើ​ការ​នៅ​ក្នុង​ការដ្ឋាន​បាន​យ៉ាង​គួរ​ឲ្យ​កោតសរសើរ​ទៀត​ផង៕