ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី ​បាន​ដឹក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​ ក្នុងស្រុក​គងពិសី​បន្ថែម​ទៀត​

ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី ​បាន​ដឹក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​ ក្នុងស្រុក​គងពិសី​បន្ថែម​ទៀត​



កំពង់ស្ពឺ ៖ ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី លីមីត​ធី​ត សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា កាលពី​សៅរ៍​ ចុង​ខែមេសា​កន្លងទៅ បាន​ដឹក​ទឹក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​ខ្លាំង បាន​៤៦​គ្រួសារ​បន្ថែម​ទៀត ក្នុងភូមិ​ដំណាក់​មានជ័យ ឃុំ​ព្រះ​និ​ពា​ន្វ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

លោក​បណ្ឌិត អ៊ឹម សុធា​រិ​ទ្ធ នាយក​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី​បាន​ឲ្យ​ដឹង​ថា ភូមិ​ដំណាក់​មានជ័យ មិន​ខុសគ្នា​ពី​ភូមិ​សំរោង​រស្មី ឃុំ​អង្គ​ពពែ​ល ​ស្រុក​គងពិសី​ដូច​គ្នា​នេះ​ប៉ុន្មាន​នោះ​ទេ ដែល​យើង​ទើប​បាន​ដឹក​ទឹក​ទៅ​ចែក​ជូន​ប៉ុន្មាន​ថ្ងៃមុន​។ ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​ប្រឈម​ការ​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​។ នៅ​ថ្ងៃ​សៅរ៍ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី បាន​ដឹក​ទឹក​ទៅ​ចែក​ជូន​ប្រ​ជា​ពលរដ្ឋ​ក្នុងភូមិ​ដំណាក់​មានជ័យ​នេះ ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​ពួកគាត់​។

លោក ជុំ វង់ សមាជិក​ព្រឹទ្ធសភា ដែល​អញ្ជើញ​មក​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​ដែរ បាន​មាន​ប្រសាសន៍​ថា សហភាព​សហព័ន្ធ​កម្ពុជា ដែល​មាន​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី ខាង​ផ្នែក​រថយន្ត​ដឹក​ទឹក និង​ទឹក បាន​ចែក​ជូន​​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ត្រូវការ​ទឹកជា​ចាំបាច់​បាន​៤៦​គ្រួសារ​។ ឯកឧត្តម​បន្ថែ​ម​ថា កង្វល់​ដ៏​ធំ​របស់​ប្រជាជន​នៅ​ទី​នេះ​គឺ​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់​។ ក្រោម​សកម្មភាព​សប្បុរស​ធ​ម៌ សហការ​គ្នា​រវាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រុមហ៊ុន​ឯកជន និង​ស្ថាប័នរដ្ឋ ឥឡូវនេះ​កង្វល់​ដ៏​ធំ​របស់​គាត់​ ត្រូវ​បាន​ដោះស្រាយ​មួយ​គ្រា​។

លោកយាយ អ៊ិន យ៉ា​ត អ្នកភូមិ​ដំណាក់​មានជ័យ ឃុំ​ព្រះ​និ​ពា​ន្ដ ស្រុក​គង​ពីសី រៀប​រាប់​ថា ភាព​ខ្វះ​ខា​ត​ទឹក​ប្រើប្រាស់​ក្នុងឆ្នាំនេះ​ធ្វើ​ឲ្យ​ប្រជាជន​ខ្លះ​ពុំបាន​ងូតទឹក និង​គោ ក្របី​ មាន់​ ទា​មួយចំនួន ពុំបាន​ផឹក​ទឹក​ផង​ក្នុង​ថ្ងៃ​ខ្លះ​។ លោកយាយ​មាន​ក្ដី​ត្រេកអរ​ជា​ខ្លាំង ដែល​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី​ បាន​ដឹក​ទឹក​មក​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​របស់​លោក​យាយ​។

លោក​បណ្ឌិត អ៊ឹម សុធា​រិ​ទ្ធ មានប្រសាសន៍​បន្ត​ថា ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី ដែល​ផលិត​ស្រា​បៀរ​កម្ពុជា តែងតែ​ជួយ​កសាង​សាលារៀន ឧបត្ថម្ភ​មន្ទីរពេទ្យ និង​ផ្ដល់​អាហារូបករណ៍​ ដល់​និស្សិត​ក្រីក្រ​រាប់​រយ​នាក់​។ ការងារ​ដឹក​ទឹក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​សប្បុរសធម៌​របស់​ក្រុម​ហ៊ុ​ន ហើយ​ក្រុមហ៊ុន​នឹង​បន្ត​ដឹក​ទឹក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផ្សេងៗ​ទៀត ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​ខ្លាំង​៕​