​សម្រង់​ប្រសាសន៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជា​កម្មករ កម្មការិនី បុគ្គលិក មន្ត្រី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​

ភ្នំពេញ:
​ខួប​លើក​ទី ២០ នៃ​ការសន្យា​ជួប ជាមួយ​កម្មករ កម្មការិនី នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​

​ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយ​ដែល​បាន​វិលត្រឡប់​មកជួបជុំ​ជាមួយ​កម្មករ កម្មការិនី នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ សាជាថ្មី​ម្ដងទៀត នៅក្នុង​ខួប​លើក​ទី ១៣០ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​។ ថ្ងៃនេះ ក៏​ជា​ឆ្នាំ​ខួប​លើក​ទី ២០ នៃ​ការសន្យា និង​ការអនុវត្ត​ជាមួយគ្នា ចាប់តាំងពី​ឆ្នាំ ១៩៩៦ រហូតដល់​ឆ្នាំ ២០១៦ នេះ ដែល​ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បាន​ចុះមក​កាន់​ទីនេះ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺ​ត្រូវបាន​តំណាង​ដោយ​ឯកឧត្តម អតីត​ឧបនាយករដ្ឋមន្ត្រី គាត ឈន់​។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជា​មានការ​រីករាយ​ដែល​បាន​ជួបជុំ​សាជាថ្មី​ម្ដងទៀត តាម​អ្វីដែល​យើង​ធ្លាប់បាន​និយាយ​គ្នា​ថា ខ្ញុំព្រះករុណាខ្ញុំ នឹង​មកជួបជុំ​ជាមួយនឹង​កម្មករ​/​ការិនី នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នេះ ជា​រៀងរាល់ឆ្នាំ ដើម្បី​តំណាងអោយ​ការជួបជុំ​កម្មករ​/​ការិនី នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ជាពិសេស​ខ្លួន​ខ្ញុំព្រះករុណាខ្ញុំ​ផ្ទាល់ ក្នុងឋានៈ​ជា​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូម​ផ្ញើជូន​ចំពោះ​កម្មករ​/​ការិនី​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នូវ​ការ​ជូនពរ ក៏ដូចជា​សង្ឃឹមថា កម្មករ កម្មការិនី យ៉ាងច្រើន​កុះករ​រាប់រយ​រោងចក្រ​សហគ្រាស នឹង​ខិតខំ​មានការ​រៀបចំ​សប្បាយរីករាយ រហូត​ទៅដល់​មាន​ប្រឡង​បវរកញ្ញា​ចុងក្រោយ​នៅថ្ងៃនេះ មាន ២០ គូ​, ស្រី ២០ និង​ប្រុស ២០ ប្រឡង​ផ្ដាច់ព្រ័ត្រ​នៅថ្ងៃនេះ​តែម្ដង​។​

​របាយការណ៍​បោកប្រាស់​ព្រះមហាក្សត្រ​៖ “​កម្ពុជា​កំពុងស្ថិត​នៅក្នុង​វិបត្តិ​”

​ពិតមែន​ហើយ នៅក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​តែងតែមាន​ការហែក្បួន​ធំៗ នៅក្នុង និង​តាម​ប្រទេស​នានា​នៅលើ​ពិភពលោក​។ ដោយឡែក​នៅ​កម្ពុជា​របស់​យើង ក៏មាន​ការរៀបចំ​ហែ​ក្បួន​មួយចំនួន​ដោយ​មនុស្ស​មួយក្រុម​រាប់សិប​នាក់ ឬ​រាប់រយ​នាក់​នៅ​ទីក្រុង​ភ្នំពេញ ក៏ប៉ុន្តែ​ធាតុអាកាស​ក្ដៅ​ណាស់​។ ខ្ញុំ​គិតថា ប្រហែលជា​ហែ​ចុះ​ហែ​ឡើង​សល់​តែ​មេ​ក្បួន​តែប៉ុណ្ណោះ ហើយក៏​មេ​ក្បួន​នោះ ប្រហែលជា​អាច​គេច​ទៅរក​ហាង​កាហ្វេ​ផង​ក៏​មិនដឹង​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ បរិយាកាស​បែបនេះ បង្ហាញអោយឃើញថា សុខសន្ដិភាព​កំពុង​គ្របដណ្ដប់​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ របាយការណ៍​ពី​អ្នកនយោបាយ​ខ្លះ ថ្វាយទៅ​ព្រះមហាក្សត្រ​ថា ប្រទេស​កម្ពុជា​កំពុងស្ថិត​នៅក្នុង​វិបត្តិ​។ វា​មិនមែនជា​រឿង​ពិត​នោះទេ​។ សូមអោយ​គេ​ពិនិត្យមើល​អោយ​ច្បាស់​។ ខ្លួនគេ​ផ្ទាល់​កំពុងតែ​ដើរលេង​ទេ​នៅថ្ងៃនេះ​នោះ​។ បើ​កំពុង​ដើរលេង មានន័យថា គេ​ក៏​មិនមាន​វិបត្តិ​អ្វី​ដែរ​។ អញ្ចឹងទេ​គ្រាន់តែ​ថា ដូច​ថា​ទះៗ អោយដឹង​ខ្លួន​ទៅ​។ ខ្លួនឯង​និយាយ​បោក​ប្រជាពលរដ្ឋ​មិន​គ្រប់គ្រាន់​ទេ ទៅ​បោក​ព្រះមហាក្សត្រ​ទៀត​។ .. ព្រះមហាក្សត្រ ព្រះអង្គ​ទត​ឃើញ​សភាពការណ៍​វា​យ៉ាងម៉េច អី​យ៉ាងម៉េច​(​ហើយ​)​។​

​មូលហេតុ ៣ កំណត់​យក​នៅ​ថ្ងៃទី ១ ខែ ឧសភា រៀងរាល់ឆ្នាំ ជួបជុំ​កម្មករ​/​ការិនី​នៅ​ផែ​កំពង់សោម​

 អម្បាញ់មិញ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើង​អំពី​វឌ្ឍនភាព​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​របស់​យើង ដែលមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។ ខ្ញុំព្រះករុណាខ្ញុំ នៅចាំ​បាន​ណាស់​អនុស្សាវរីយ៍​នៅទីនេះ​ខ្លាំងណាស់​។ ដែល​កំណត់​យក​ថ្ងៃទី ១ ខែ ឧសភា រៀងរាល់ឆ្នាំ ដើម្បី​ជួបជុំ​កម្មករ កម្មការិនី​នៅទីនេះ​ដោយសារ​មាន​ហេតុផល​។​ហេតុផល​ដំបូង គឺ​ខ្ញុំព្រះករុណាខ្ញុំ បានមក​ជួបជុំ​កម្មករ កម្មការិនី​របស់​យើង​តាំងពី​ឆ្នាំ ១៩៧៩ នៅ​កំពង់ផែ​នេះឯង​។ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ ត្រូវបាន​ចាត់​អោយធ្វើ​ប្រធាន​គណៈកម្មការ​រំដោះ​ទំនិញ​ចេញពី​កំពង់ផែ​ក្រុងព្រះសីហនុ​។​ឥឡូវ​អ្នក​ដែល​នៅ​រស់រានមានជីវិត ហើយ​អ្នក​នៅ​បន្តការងារ គឺមាន​ឯកឧត្តម អ៊ុក រ៉ាប៊ុន នេះ​។ (​ឯ​.​ឧ​) អ៊ុក រ៉ាប៊ុន មាន​សារុងសូត្រ​ប្រើ​មុនគេ​បង្អស់​។ មិនដឹងថា​គាត់​ទៅរក​ពី​ទីណា​ទេ​(​ព្រោះ​)​ជំនាន់ ប៉ុល ពត មិនដែល​សល់​សារុងសូត្រ​ទេ​។ (​ខ្ញុំព្រះករុណាខ្ញុំ​)​ទៅ​ដេក​នៅ​ដំណាក់​ខាងលើ​នោះ​។ អត់​មាន​ស្អី​ទាំងអស់​។ ស្ដាប់​ទីទុយ​យំ​។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់​រំលឹក កម្មករ​របស់​យើង​សុទ្ធតែ​យក​ខ្សែ​ចងជើង​ខោ​ទាំងអស់​។ ម៉េច​បាន​យក​ខ្សែ​ចងជើង​ខោ​? ព្រោះ​(​គាត់​)​លី​បាវ (​លួច​)​ចាក់​ទំលាយ​អង្ករ អោយ​ធ្លាក់​ចូលក្នុង​ជើងខោ​។​

​កាល​ហ្នឹង​អត់​មាន​ដង​យោង​អី​អញ្ចឹងទេ​។ ខ្ញុំ​បាន​ប្រាប់​អ្នកដឹកនាំ​នៅ​កន្លែង​ហ្នឹង​ថា កុំ​យកចិត្តទុកដាក់​ពេក​អា​លួច​តាម​ជើងខោ​។ គ្នា​លួច​យកទៅ​ចិញ្ចឹម​គ្រួសារ​ទេ​។ អា​លួច​ទាំង​ឡាន​ដែល​ត្រូវ​ប្រយ័ត្ន​។ វា​ដឹក​ចេញពី​ហ្នឹង​ទៅ វា​មាន​យកទៅ​ដល់​ភ្នំពេញ​ឯណា វា​ជម្លៀស​ទៅ​ត្រង់ណេះ ៣ បាវ ត្រង់​ណោះ ៤ បាវ ល្មម​ដល់​ភ្នំពេញ​នៅសល់​ប៉ុន្មាន​បាវ​ហ្នឹង អាហ្នឹង​គឺជា​ចំណុច​ពិសេស​ទី ១​។ ហើយ​ប្រហែលជា​អ្នក​ដែល​នៅ​រស់រានមានជីវិត កម្មករ​ដែល​នៅ​រស់រានមានជីវិត ប្រហែលជា​ចាស់ៗ អស់ហើយ​។ ខ្ញុំព្រះករុណាខ្ញុំ ប្រជុំ​កម្មករ​នៅឯ​សណ្ឋាគារ ៧ ជាន់ ដើម្បី​ជំរុញ​លើកទឹកចិត្ត​អោយ​កម្មករ​របស់​យើង​ជួយ​រំដោះ​ទំនិញ​កាលពី​ពេលនោះ​។​

​ទី ២ កំពង់ផែ​ព្រះសីហនុ​នេះ (​ហៀ​ប​តែ​នឹង​)​បាត់ទៅហើយ តាមរយៈ​នៃ​ការធ្វើ​ឯកជ​នូ​ប​នីយកម្ម ប្រគល់អោយ​ក្រុមហ៊ុន​បរទេស​។ (​តែ​)​ខ្ញុំព្រះករុណាខ្ញុំ មិន​យល់ព្រម​ទេ​។ ពេលនោះ យើង​មាន​នាយករដ្ឋមន្ត្រី​ដល់​ទៅ ២, នាយករដ្ឋមន្ត្រី ១ (​គាត់​)​លេង​បាត់ទៅហើយ (​តែ​)​ខ្ញុំ​មិន​ព្រម​។ ដល់​មិន​ព្រម ខ្ញុំ​ថា បើសិនជា​ហ៊ាន​ប្រថុយ គឺ​ខ្ញុំ​នឹង​បំផុស​កម្មករ​នៅ​ហ្នឹង គឺ​លេង​តែម្ដង​។ រឿង​ហ្នឹង​(​នៅ​ឆ្នាំ​) ១៩៩៥​។ (​កំពង់ផែ​ព្រះសីហនុ​)​បាត់ទៅហើយ​។ (​នៅ​ឆ្នាំ​) ១៩៩៦ ខ្ញុំ​មក​យាម​តែម្ដង​។ មក​រាល់​ឆ្នាំ មក​ដើម្បី​យាម​។ អស់​ព្រលានយន្ដហោះ​នៅ​ភ្នំពេញ​ហើយ ថែម​អានេះ​មួយទៀត​។ អត់​ទេ​អត់​បានទេ​។ អានេះ​(​កំពង់ផែ​ព្រះសីហនុ​) ខ្ញុំ​ខំ​ទៅមកៗ តាំងពី​ដំបូល​របស់​យើង​ហ្នឹង វា​បា​ក់វា​បែក វា​ធ្លុះ​វា​ធ្លាយ​អី​សព្វបែបយ៉ាង ស្រាប់តែ​មកដល់​ធ្វើ​រដ្ឋាភិបាលចម្រុះ អត់​គិត​ធ្វើ​អី គិតតែ​ពី​ស៊ី​ញ៉េ​បោះ​អោយគេ​តែម្ដង​។ ឯង​ខំ​ថែទាំ​តាំងពី​ឆ្នាំ ១៩៧៩​។ អញ្ចឹង​បាន​ខំ​មក​ហ្នឹង មានរឿង​អីចឹង​។​

 រឿង​ចុងក្រោយ ត្រូវ​ដឹងថា នេះ​ជា​ក្បាល​នាគ  ចំណុច​នេះ តំណាងអោយ​ប្រទេស ហើយ​តំណាងអោយ​ភាព​រីកចម្រើន​របស់​ប្រទេស អាហរ័ណ នីហរ័ណ ការនាំចេញ និង​ការ​នាំចូល សិ្ថ​ត​នៅ​កំពង់ផែ​ទឹក​ជ្រៅ​របស់​យើង​នេះឯង​។ អញ្ចឹង​យើង​ពិនិត្យមើល​វឌ្ឍនភាព​របស់​វា​។ សូមបញ្ជាក់ កាល​ពេលនោះ យើង​បាន​ធូរ​បន្តិច​ដែរ ត្រង់​ជប៉ុន​(​មាន​របៀប​ធ្វើការ​របស់គាត់​)​។ ជប៉ុន​គាត់​មាន​ចំណុច​ខុសគេ​។ តែ​កាលណា​មាន​ឯកជន​ចូល​លូក​ឡំ​ហើយ ជប៉ុន​មិនអោយ​ខ្ចីលុយ​ទេ​។ អត់អោយ​លុយ​តែម្ដង​។ បើ​ថា​រដ្ឋ​ធ្វើ អាហ្នឹង​ជប៉ុន​អោយ​ខ្ចីលុយ​។ អញ្ចឹង​បានជា​ព្រលានយន្ដហោះ​ភ្នំពេញ (​ជប៉ុន​)​ដក​លុយ​ពី​ហ្នឹង យកទៅ​ធ្វើ​នៅ​វៀងចន្ទន៍​។ ដល់​អានេះ  ADB ថា​ទាល់តែ​អ្នកឯង​ធ្វើ​ឯកជន​ភាវូបនីយកម្ម បានអោយ​ខ្ចីលុយ​។ ដល់​ទៅ​ជប៉ុន​ថា បើ​អ្នកឯង​ធ្វើ​ឯកជន​ភាវូបនីយកម្ម​ហើយ ខ្ញុំ​មិនអោយ​ខ្ចីលុយ​ទេ​។ អញ្ចឹង​សូម្បីតែ​គ្រូ​យើង គាត់​ធ្វើអោយ​យើង​វេទនាណាស់​។ ទី​ចុង​បំផុត កូនសិស្ស​ត្រូវ​បង្រៀន​គ្រូ​។ ប្រើពាក្យ​ថា សុខដុម​នីយកម្ម ព្រោះ​គ្រូ​ខាង​ធនាគារពិភពលោក​ផ្សេង គ្រូ​ខាង​ធនាគា​អភិវឌ្ឍន៍អាស៊ី​ផ្សេង គ្រូ​ខាង IMF ផ្សេង គ្រូ​មកពី​បារាំង​ផ្សេង គ្រូ​មកពី​ជប៉ុន​ផ្សេង បើ​អញ្ចឹង​យក​ខ្មែរ​ធ្វើ​គ្រូ​តែម្ដងទៅ (​គឺ​)​ធ្វើ​សុខដុម​ភាវូបនីយកម្ម …​។​
 អ្នកជំនាញៗ មិនត្រូវ​គ្នា ចាប់បង្ខំ​យើង​។ នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​នេះ បើ​ខ្ញុំ​កុំ​រឹង គេ​អោយ​យើង​លក់​គយ ឆ្នាំ ២០០៤-២០០៥ ហើយ​។ អញ្ចឹង​បាន​មនុស្ស​នៅ​ស្ថាប័ន​អន្តរជាតិ​ខ្លះ ពេល​ខ្ញុំ​និយាយ​អញ្ចឹង គេ​មិន​ចង់​ស្ដាប់​ទេ​។ ប៉ុន្តែ បើ​គេ​និយាយ​មកលើ​យើង​វិញ ប៉ះពាល់​យើង​វិញ ចំៗ​ឈ្មោះ ហើយ​និយាយ​ខុស​ហើយ អត់​មាន​សុំទោស​អី​មួយ​ម៉ាត់​។ ដល់​យើង​និយាយ​ទៅវិញ (​គេ​)​ថា​និយាយ​អី រំលឹក​អី​ច្រើន​ម្ល៉េះ​។ បើ​មិន​រំលឹក​ធ្វើ​មេរៀន​មិន​បានទេ​។ គេ​អោយ​យើង​លក់​គយ​នេះ​។ ច្រកចេញចូល​តែមួយ​នេះ​។ ច្រកចេញចូល​តែមួយ​នេះ គេ​ទុកអោយ​យើង ៥១% ហើយ​គេ​គូរ​ប្លង់​, ៤៩% ទៀត គេ​អោយ​ផ្នែក​ឯកជន​។  មាន​ពីរ​ផ្នែក ម្ខាង​ហៅ private sector មាន​ប្រឡោះ​មួយទៀត​ខាង government sector​។ អញ្ចឹង​គេ​អោយ​យើង​លក់​គយ  ដែលជា​សេវា​អធិបតេយ្យ​។ គយ​ត្រូវ​បំពាក់អាវុធ គយ​ត្រូវ​បំពាក់​ឧទ្ធម្ភាគចក្រ​ប្រដេញ គយ​ត្រូវ​បំពាក់​ម៉ា​រី​ន​ប្រដេញ រួច​ដល់ អោយ​ឯន​ជន​កាន់កាប់ វា​មិន​ងាប់​ប្រទេស​។​

​ឥឡូវ​ត្រូវ​របស់ខ្ញុំ​តើ អត់​ហ៊ាន​ហើបមាត់​ទេ​។ មាន​ជំនាញការ​ពីររូប​បាន​សរសេរ​សំបុត្រ​ទុក​ថា បើសិន​ធ្វើតាម​គេ​នោះ “​កុំ​បន្ទោស​ខ្ញុំ​(​នៅ​)​ថ្ងៃក្រោយ​”​។ គេ​ដកខ្លួន​។ ឥឡូវ​សំបុត្រ​ហ្នឹង គឺ​គ្នា​យើង​រក្សាទុក​សំងាត់​។ គ្នា​សរសេរ​ទុក ព្រោះ​នៅក្រោម​បញ្ជា​គេ​ដែរ  ក្នុងករណី​ដែល​យើង​ធ្វើតាម​គេ​។ ប៉ុន្តែ​ខ្ញុំ​អត់​អត់​លេង​ជាមួយ​ទេ​។ លេង​ប្រុង​(​លក់​គយ​)​ច្រកចេញចូល​តែមួយ​ទាំងអស់ មិនថាតែ​ក្រុងព្រះសីហនុ​ទេ​។ ប៉ុន្តែ មុនដំបូង​ចាប់ផ្ដើម​ពី​អាហ្នឹង​។ ច្រកចេញចូល​តែមួយ យើង​យក ៤៩% គឺ​ឲ្យ​ឯកជន​កាន់​។ ឯកជន​គេ​ត្រៀម​ហើយ​ស្រេច​។ មកពី​ប្រទេសមួយ ដែល​ខ្ញុំ​មិន​ចេញ​ឈ្មោះ​។ អញ្ចឹងទេ បាន​ជាមាន​អនុស្សាវរីយ៍​នៅទីនេះ ។​

​អរគុណ​ដល់​ព្រះ​បរម​រតន​កោដ្ឋ​ដែល​បាន​កសាង​ផ្លូវដែក និង​កំពង់ផែ​ទឹក​ជ្រៅ​នេះ​ឡើង​

​មកដល់​ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ចង់​និយាយ​បន្តិច​។ ម្សិលមិញ ខ្ញុំព្រះករុណាខ្ញុំ បានធ្វើ​ដំណើរ​ពី​ទីក្រុង​ភ្នំពេញ មកកាន់​កំពង់ផែ​ក្រុងព្រះសីហនុ​របស់​យើង​នេះ តាមរយៈ​រថភ្លើង ដែល​ត្រូវ​ចំណាយពេល ៧ ម៉ោង​។ ពេលដែល​យើង​និយាយ​ដល់​កំពង់ផែ​ទឹក​ជ្រៅ​ក្រុងព្រះសីហនុ និង​និយាយ​ទៅដល់​បញ្ហា​ផ្លូវដែក ក្នុងឋានៈ​ជា​ក្មេងជំនាន់ក្រោយ ហើយ​ដែល​ខ្ញុំព្រះករុណាខ្ញុំ បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ប្រើពាក្យ​ថា ផឹកទឹក​នឹក​ដល់​ប្រភពទឹក ទទួលទាន​ផ្លែឈើ​នឹក​ដល់​អ្នក​ដាំ​ដើម ទូលបង្គំ​យើងខ្ញុំ សូម​យក​ឱកាស​នេះ ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ​នៅពេលនោះ ដែល​ព្រះអង្គ​បាន​ដឹកនាំ​កសាង​ទាំង​ផ្លូវដែក និង​ទាំង​កំពង់ផែ​ទឹក​ជ្រៅ​របស់​យើង​នេះ​។ មាន​ការធ្វើ​អត្ថាធិប្បាយ​ខ្លះ​មិន​ត្រឹមត្រូវ​ទេ ជា​ពិ​សស​ផ្លូវដែក​ដែល​ត​ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ មក​ក្រុងព្រះសីហនុ ថា​ធ្វើ​ជំនាន់​បារាំង​។ មិនមែន​ទេ គឺ​ធ្វើ​ជំនាន់​ព្រះករុណា​ព្រះបិតា ព្រះ​បរម​រតន​កោដ្ឋ ដែល​ពេលនោះ​មិនមាន​គ្រឿងចក្រ​ដូច​បច្ចុប្បន្ន​ទេ​។ បើ​គ្មាន​ការខិតខំ​របស់​ព្រះប្រមុខរដ្ឋ​នៅក្នុង​ដំណាក់កាល​សង្គម​រាស្ត្រនិយម  ទោះបីថា យើង​ជួសជុល​ឡើងវិញ ស្តារឡើងវិញ ក៏ប៉ុន្តែ​អត់​មាន​របស់​ចាស់ យើង​ប្រើពាក្យ​ជួសជុល ឬ​ប្រើពាក្យ​ស្តារ​ក៏​អត់​បានដែរ​។​

 ខ្ញុំ​កំពុង​គិត​។ ម្សិលមិញ​និយាយ​ជាមួយ​ឯកឧត្តម ស៊ុន ចាន់ថុល និយាយ​ជាមួយ​ឧកញ៉ា គិត ម៉េង ថា ត្រឡប់​ទៅវិញ ខ្ញុំ​រក​វិធី​ដើម្បី​ចូលគាល់​ព្រះមហាក្សត្រ និង​យាង​ព្រះមហាក្សត្រ ដើម្បី​យាង​តាម​រទេះភ្លើង  ព្រោះ​រទេះភ្លើង​យើង​មាន​វ៉ា​ហ្គុ​ង​អត់​ម៉ាស៊ីនត្រជាក់ មាន​វ៉ា​ហ្គុ​ង​មាន​ម៉ាស៊ីនត្រជាក់ ហើយ​មាន free wifi ទៀត​។ ព្រះបិតា​របស់​ព្រះអង្គ​បាន​សោយ​ទីវ​ង្គ​តទៅ​ហើយ នៅ​ព្រះរាជបុត្រ​កំពុង​គ្រងរាជ្យ​នៅឡើយ​។ ដូច្នេះ ខ្ញុំ​នឹង​ដង្ហែ​ព្រះមហាក្សត្រ​មក​សាជាថ្មី​ម្តងទៀត ដើម្បី​(​ទ្រង់​បាន​ទត​ឃើញថា​) ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះបិតា​របស់​ព្រះអង្គ ត្រូវបាន​ថែទាំ​នៅក្នុង​ដំណាក់កាល​របស់​ព្រះអង្គ​ពេលនេះ ហើយ​ជាការ​លើកទឹកចិត្ត​មួយ​ចំពោះ ការតភ្ជាប់​រវាង​កំពង់ផែ​ទឹក​ជ្រៅ​ជាមួយនឹង​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​។​

​កម្ពុជា​នឹងមាន​កំពង់ផែ​ពហុ​បំណង សម្រាប់​ប្រើ​ក្នុងការ​ខួង​ប្រេង​

​ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើង​រួចមកហើយ គឺ​ជប៉ុន​បាន​ឲ្យ​ខ្ចីលុយ ពង្រីក​ជា​បន្តបន្ទាប់ ហើយ​ការពង្រីក​របស់​យើង​នេះ ឥឡូវ​បាន​ឈានដល់​ដំណាក់​កាលដែល​ត្រូវ​គិតគូរ​អំពី​ការបន្ថែម នៅក្រោយ​ឆ្នាំ ២០២០​។ យប់មិញ ឯកឧត្តម លូ គឹមឈុន បាន​យក​ផែនការមេ​ទៅ​រាយការណ៍​ឲ្យ​ខ្ញុំ អំពី​ការបន្ថែម​ដែល​យើង​ត្រូវ​រក​ទុន ប៉ុន្តែ​របាយការណ៍​ជប៉ុន​គេ​បាន​សិក្សា​ហើយ ដើម្បី​ពង្រីក​យ៉ាងម៉េច​អី​យ៉ាងម៉េច ហើយ​ថ្ងៃក្រោយ​យើង​មាន​កំពង់ផែ​របស់​យើង​នៅទីនេះ ដែល​ហៅថា​កំពង់ផែ​ពហុ​បំណង ដើម្បី​ផ្គត់ផ្គង់​សម្រាប់​ការ​ខួង​ប្រេង​នៅក្នុង​ប្រទេស​របស់​យើង​។ ឥឡូវនេះ សម្រាប់​ការ​ខួង​ប្រេង យើង​ប្រើប្រាស់​(​សេវា​)​ពី​ប្រទេសជិតខាង ដូចជា​ចេញមក​ពី​ថៃ និង​ចេញ​មកពី​វៀតណាម​។ ប៉ុន្តែ​នៅពេល​ខាងមុខ ត្រូវ​ចេញដំណើរ​មកពី​ខាង​កម្ពុជា​តែម្តង ដើម្បី​ផ្គត់ផ្គង់​ឲ្យ​តំបន់​ខួង​ប្រេង​ទាំងឡាយ​របស់​ប្រទេស​កម្ពុជា​។​

​លេង​ហ្វេ​ស​ប៊ុ​ក សម្រាប់​ទាក់ទង​ជាមួយនឹង​ប្រជាជន​

 ខ្ញុំព្រះករុណាខ្ញុំ ពិតជា​មានការ​រីករាយ ហើយ​សូម​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​នៅតាម​ផ្លូវ​ពី​ម្សិលមិញ (​ដែល​ការ​) ធ្វើដំណើរ​តាម​រទេះភ្លើង ផ្អើល​មួយ​នគរ​។ បង្ហោះ​លើកទីមួយ ឥឡូវនេះ​បាន​ជិត ៨ ម៉ឺន like ជាង ៧ ម៉ឺន like អាហ្នឹង​ចេញពី​ភ្នំពេញ​មក​បន្តិច ប្រាប់ថា​ផ្លូវ​នេះ ខ្ញុំព្រះករុណាខ្ញុំ កំពុងធ្វើដំណើរ​តាម​រទេះភ្លើង បាន​ជាង ៧ ម៉ឺន like ។ កុំមក​បន្ទោស​ខ្ញុំ ធ្វើ​ម៉េច​គេ​ចុច​មក អ្នកណា​ចេះ​បញ្ជា​ហ្វេ​ស​ប៊ុ​ក ឲ្យ like ជំនួស ឲ្យ​ខ្មោច like ខ្ញុំ​ប្រើ​ហ្វេ​ស​ប៊ុ​ក គ្រាន់តែ​ដើម្បី​នឹង​ធ្វើការ​ជាមួយនឹង​ប្រជាពលរដ្ឋ​បាន​លឿន​ជាង​។ ម្សិលមិញ​ខ្ញុំ​ឆ្លើយ​ខ្លួនឯង​ខ្លះ ហើយ​នៅ​ជាមួយ ស៊ុន ចាន់ថុល ស្រាប់​ផង ប្រជាពលរដ្ឋ​គាត់​ថា សម្តេច​បើសិន ជាមាន​ខ្សែ​រថភ្លើង​ទៅ​សៀមរាប​កាន់តែ​ល្អ​។ ខ្ញុំ​ក៏​ឆ្លើយ​តាមរយៈ​នឹង​ថា បាន​កំពុង​សិក្សា និង​រក​ថវិកា ដើម្បី​សាងសង់​ហើយ​។ រួចហើយ​ថត​ផែនទី​បញ្ជូន​ទៅវិញ​។ ឆ្លើយ​ជាមួយ​គាត់​។ អាហ្នឹង​ជា​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ​។ គាត់​ចង់បាន គាត់​ចង់ដឹងថា​យើង​គិតដល់​ណា​។ ខ្ញុំ​អត់​មាន​ប្រឡងប្រជែង​ជាមួយ​អ្នកណា​ទេ បើ​ថា​រករឿង​អី ទៅរក​រឿង​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ទៅ ខ្ញុំ​អត់​ដឹង​ទេ​។​

​មិនមាន​ការដោះដូរ​អ្វីមួយ​ទេ​

 អ្នក​បង្ករឿង​ទាំងឡាយ កុំ​ចោទ​រដ្ឋាភិបាល​ឲ្យ​សោះ​។ ប្រជាជន​គេ​សប្បាយ គេ​អត់​ធ្វើ​អី​ខុស គេ​សប្បាយ​។ ប៉ុន្តែ​អ្នកឯង​ធ្វើ​អី​ខុស ទៅ​ដេក​ព្រៃ​ស​។ អាហ្នឹង​រឿង​របស់​អ្នកឯង​តើ​។ ទាំង​ពួក​គ្រឿងញៀន ទាំង​ពួក​ល្មើសច្បាប់​ទាំងឡាយ ទៅ​ដេក​ព្រៃ​ស​។ បើ​ធ្វើ​ខុស អ្នកណា​ធ្វើ​អី​កើត អ្នកណា​ទៅ​ជួយ​កើត ហើយ​កុំ​ដោះដូរ អត់​មានអី​ដោះដូរ​ទេ​។ ម្សិលមិញ មានការ​ប្រជុំ មានការ​ប៉ុនប៉ង​(​ធ្វើ​)​ការដោះដូរ​។ សូម្បីតែ​នាយករដ្ឋមន្ត្រី​ក៏​អំណាច​មាន​ព្រំដែន​ដែរ​។ សូម​អស់លោក​ជា NGO ឬ​អ្នក​ដែល​ធ្វើការ​នៅ​អង្គការសហប្រជាជាតិ កុំ​អាង​អភ័យឯកសិទ្ធិ​ឲ្យ​សោះ​។  និយាយ​ឲ្យ​ច្បាស់​។ លោក​ឯង​សូក​សាក្សី អ្នកឯង​និយាយ​សង្កត់​គេ​អី  ច្បាប់​គឺ​ច្បាប់​។ អត់​មក​រញ៉េរញ៉ៃ ចង់​ដោះដូរ​ស្អី​។ អត់​មាន​ត្រូវការ​ដោះដូរ​ទេ​។​

​កម្ពុជា សហការ​ផង ប្រកួតប្រជែង​ផង​

 ឥឡូវនេះ ខ្ញុំព្រះករុណាខ្ញុំ ចង់​និយាយ ហេតុអ្វី​បានជា​យើង​ប្រឹង​សម្រួល​កិច្ចការ​ទាំងឡាយ ទាក់ទង​ទៅលើ ការដឹកជញ្ជូន​។ ការសម្រួល​ពាណិជ្ជកម្ម​មួយ​ម៉ាត់ ទាក់ទង​នឹង​ការដឹកជញ្ជូន មាន​បែបបទ​គយ បញ្ហា​នេះ បញ្ហា​នោះ គ្រប់បែបយ៉ាង​។ យើង​ខិតខំ​ទាំងអស់នេះ ដើម្បី​ការអភិវឌ្ឍ​ជារួម​សម្រាប់​ប្រទេស​របស់​យើង​។ ដូច្នេះហើយ ទាមទារ​នូវ​ការគិតគូរ​បញ្ហា​ជា​កញ្ចប់​តែម្តង​។ យើង​មិនត្រូវ​ភ្លេច​ថា បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក ពោរពេញ​ទៅដោយ​សាមគ្គីភាព និង​សមាហរណកម្ម ប៉ុន្តែ​ក៏មាន​ការប្រកួតប្រជែង​គ្នា​។ បើ​ប្រទេស​មួយចំនួន សហការ​ផង រារាំង​ផង ឯ​យើង​សហការ​ផង ប្រកួតប្រជែង​ផង​។ យើង​ប្រើពាក្យ​អ​ញ្ចេះ​វិញ វា​ងាយ​ស្តាប់ ប៉ុន្តែ​បើ​និយាយ​អំពី​ប្រទេស​មហាអំណាច​មួយចំនួន គេ​ហៅថា​សហការ​ផង រារាំង​ផង​។ កុំ​ឲ្យ​ទៅ​លឿន​ពេក ក្រែង​មាន​នុយក្លេអ៊ែរ​លឿន​ជាង និង​យន្តហោះ​ទំនើប​ជាង​។ អញ្ចឹង​មានការ​សហការ​ផង មានការ​រារាំង​ផង​។​

​ប៉ុន្តែ​សម្រាប់​យើង​អត់​ទេ យើង​ប្រើពាក្យ សហការ​ផង ប្រកួតប្រជែង​ផង ហេតុ​អី​? យើង​ពិនិត្យមើល​សេដ្ឋកិច្ច​យើង​ជាមួយនឹង​សេដ្ឋកិច្ច​ថៃ​។ សេដ្ឋកិច្ច​យើង​ជាមួយនឹង​សេដ្ឋកិច្ច​វៀតណាម​។ កម្ពុជា​ក៏មាន​អង្ករ​នាំចេញ ថៃ​ក៏មាន​អង្ករ​នាំចេញ វៀតណាម​ក៏មាន​អង្ករ​នាំចេញ​។ ឥឡូវ​ហ្វីលីពីន​កំពុង​ខ្វះ ដល់​ហ្វីលីពីន​កំពុង​ខ្វះ ត្រូវដាក់​ដេញថ្លៃ​។ អ្នក​ដែល​ចូល​ដេញថ្លៃ គឺមាន​វៀតណាម មាន​ថៃ និង​មាន​កម្ពុជា​។ កម្ពុជា​ចូល​ដេញថ្លៃ ២ ដង​ហើយ មិនដែល​ឈ្នះ​គេ​ទេ ឧបមា ១ តោន គេ​ដាក់ ៤២០ យើង​ដាក់ ៤៣០ ឬ ៤៥០​។ អញ្ចឹង​អ្នកណា​គេ​ល្ងង់​មក​ទិញ​អា​ថ្លៃ វា​ច្បាស់​ជា​ទិញ​អា​ថោក​ហើយ ទិញ​ពី​ប្រទេស​ដែល​លក់​ថោក​ជាង​។ អញ្ចឹងទេ នៅទីនេះ យើង​ត្រូវ​រក​គ្រប់​វិធី​ទាំងអស់ ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ផលិត ហើយ​ប្រកួតប្រជែង​ដណ្តើម​ទីផ្សារ​សម្រាប់​ការនាំចេញ​។ នេះហើយ​ជា​ចំណុច​នៃ​ការប្រកួតប្រជែង ប៉ុន្តែ​មិនមែន​ប្រកួតប្រជែង​រហូតដល់​បំផ្លាញ​គ្នា​នោះទេ​។​

​តម្លៃ​ភ្លើង​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ៥០ គីឡូវ៉ាត់ ៦១០ រៀល ចាប់ពី​ថ្ងៃ ១ មេសា ២០១៧

 រាជរដ្ឋាភិបាល បាន​ខិតខំ​យកចិត្តទុកដាក់​ជាមួយនឹង​បញ្ហា​ទាំងឡាយ ដែល​ទាក់ទង​នឹង អភិវឌ្ឍន៍​ប្រទេស ដើម្បី​ឈានទៅរក​ការប្រកួតប្រជែង ក្នុងនោះ​មាន​បញ្ហា​តម្លៃ​អគ្គិសនី​(​ផងដែរ​)​។ រាជរដ្ឋាភិបាល​ក៏​កំពុង​រក​វិធី​ចុះថ្លៃ​អគ្គិសនី ទាំង​អគ្គិសនី​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម ទាំង​អគ្គិសនី​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម ទាំង​អគ្គិសនី​ប្រើប្រាស់​ដោយ​ប្រជាពលរដ្ឋ ហើយ​ចាប់ពី​ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៧ តទៅ ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ដែល​ភ្ជាប់​ជាមួយនឹង​បណ្តាញ​ជាតិ ហើយ​ប្រើប្រាស់​ក្រោម ៥០ គីឡូវ៉ាត់ នឹង​ទទួលបាន​ភ្លើង​ប្រើប្រាស់ ត្រឹម​តម្លៃ ៦១០ រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។ នេះ​(​ជា​តម្លៃ​សម្រាប់​)​មួយ​ទូទាំងប្រទេស​តែម្តង​។ សម្រាប់​អ្នក​ដែល​ប្រើប្រាស់​ក្រោម ១០ គីឡូវ៉ាត់ អាហ្នឹង​កាន់តែ​តិច ព្រោះ​ជួនកាល​គាត់​ប្រើ​អំពូល​មួយ ហើយ​កូន​កង្ហារ​មួយ​អញ្ចឹង​ទៅ​។  ម៉ាស៊ីនបូមទឹក  ការ​ទាញ​ម៉ូ​ទ័​រ​បូមទឹក នៅក្នុង​ពេលវេលា​មួយ​គឺ​ត្រូវ​ប្រើ​ថោក​ជាង​។ ក្នុង​វិស័យ​ឧស្សាហកម្ម​ក៏​ដូចគ្នា​។ នេះ​ជាការ​ជួយ​ទៅដល់​ការផលិត​របស់​ប្រជាពលរដ្ឋ ទាំង​ផ្នែក​ឧស្សា​កម្ម ទាំង​ផ្នែក​កសិកម្ម ទាំង​ផ្នែក​សេវា និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ភ្លើង​។​

​បញ្ចុះ​ថ្លៃ​ដឹកជញ្ជូន​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ១០%, កំពង់ផែ​ភ្នំពេញ ៥%, កាំសាប ១០%

​ទាក់ទង​ជាមួយនឹង​តម្លៃ​ដឹកជញ្ជូន ជា​ផ្នែក​មួយ​នៃ​ការប្រកួតប្រជែង​ឈ្នះ ប្រកួត​មានប្រៀប​។ មាន​ឧត្តមភាព ឬ​គ្មាន​ឧត្តមភាព ទាក់ទង​នឹង​ថ្លៃ​ដឹកជញ្ជូន​ដែរ​។ ចាប់ពី​ថ្ងៃនេះ​ទៅ ខ្ញុំ​សូម​ប្រកាស កំពង់ផែ​ក្រុងព្រះសីហនុ​ចុះថ្លៃ ១០ ភាគរយ ប្រៀបធៀប​នឹង​ពេលមុន​។ អរគុណ​ណាស់​ចំពោះ​ក្រុមប្រឹក្សាភិបាល អគ្គនាយក ក៏ដូចជា​ថ្នាក់ដឹកនាំ កម្មករ​/​ការិនី ចុះថ្លៃ ១០ ភាគរយ នេះ​វា​នឹង​សម្រួល​ឲ្យ​អ្នក​កុងតឺន័រ ចូលមក​កំពង់ផែ​របស់​យើង​កាន់តែច្រើន ហើយ​កាត់បន្ថយ​ថ្លៃដើម​។ តាមរយៈ​នោះ ទំនិញ​នាំចូល​វា​អាច​ចុះថ្លៃ​បន្តិច​ដែរ និង​ទំនិញ​នាំ​ចេញទៅ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​គេ (​ក៏​អាច​នឹង​)​ឈ្នះ ហើយ​អ្នក​ដែល​ឈ្នះ​ពិតប្រាកដ​គឺ​ប្រជាពលរដ្ឋ​អ្នក​ផលិត​។ កំពង់ផែ​ភ្នំពេញ​ចុះ ៥ ភាគរយ កាំសាប​ចុះ ១០ ភាគរយ ចាប់​អនុវត្ត​ពីថ្ងៃ​ហ្នឹង​ទៅ​។ ដូច​ថា ពីមុន​យក ១០០ ឥឡូវ​យកតែ ៩០ ទេ អាហ្នឹង​កាំសាប និង​កំពង់ផែ​នេះ ប៉ុន្តែ​កំពង់ផែ​ភ្នំពេញ​ពី​ដើម​យក ១០០ ចាប់ពី​ថ្ងៃ​ហ្នឹង​ទៅ យកតែ ៩៥ ទេ​។ អ្នកធ្វើ​សកម្មភាព​ក្នុងការ​ដឹកជញ្ជូន​នេះ នឹងត្រូវ​បាន​ចំណេញ ១០ ភាគរយ និង ៥ ភាគរយ​។  បើ​គិតការ​ដឹកជញ្ជូន​មក​ទិស​ខាងលិច​នេះ គឺ​តម្លៃ​របស់​វា​បាន​ធ្លាក់ចុះ​ហើយ ការប្រកួតប្រជែង​នៅពេល​ខាងមុខ ទៅលើ​ការនាំចេញ​/​នាំចូល ពិតជា​ប្រព្រឹត្តទៅ​បានល្អ​។​

​ការបញ្ឈប់​ការបង់ប្រាក់​ផ្លូវជាតិ​លេខ ៤

​មួយទៀត ចាប់តាំងពី​រាជរដ្ឋាភិបាល​បានបញ្ចប់​កិច្ចព្រមព្រៀង​ផ្លូវជាតិ​លេខ ៤ អ្នក​អង្គុយ​ហ្នឹង ដែល​ធ្វើដំណើរ​ទៅ​ភ្នំពេញ​ឈប់​បង់លុយ​ប៉ុន្មាន​ហើយ​? វា​បាន​ទាំងអស់​។ មុននេះ​កម្លាំង​របស់​យើង​តិច​ណាស់​។ យើង​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយនឹង​វិស័យ​ឯកជន ដើម្បី​ឲ្យ​ជួយ​ថែទាំ​ផ្លូវ​ពង្រីក​ផ្លូវ​។ ប៉ុន្តែ​យើង​ពិនិត្យ​ទៅ មានការ​លំបាក​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​។ ឥឡូវ អ្នកធ្វើដំណើរ​មិនមែន​គ្រាន់តែ​ជា​អ្នករស់នៅ​ក្រុងព្រះសីហនុ​ទទួលផល​ទេ អ្នក​ដែល​ចង់​មកលេង​កំពង់សោម តាំងពី​លុប​អា​ផ្លូវ​ហ្នឹង​ទៅ ពីមុន​គាត់​គិតថា​ដេក​អូ​តែ​ល​អស់​ប៉ុណ្ណេះ ទិញ​ប្រេងសាំង​អស់​ប៉ុណ្ណេះ បង់ថ្លៃ​ឡាន​កន្លែង​យកលុយ​អស់​ប៉ុណ្ណេះ ពេល​មក​អស់​ប៉ុណ្ណេះ ពេល​ទៅ​។ អញ្ចឹង​គិត​ចុះ​គិត​ឡើង​ខ្វះ​លុយ​ថ្លៃ​ផ្លូវ​អត់​មកលេង​។ តែ​ឥឡូវ​គាត់​គិតថា​ទេ អត់​ត្រូវ​បង់​ផង អញ្ចឹង​មកលេង​។ គ្រាន់តែ​ប៉ុណ្ណឹង​ក្នុង​មួយឆ្នាំ អ្នក​ដឹកទំនិញ និង​ប្រជាពលរដ្ឋ​ទទួលផល​ជាង ១៧ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ រដ្ឋ​សុខចិត្ត​ខាតបង់​។​

​លុបបំបាត់​វិ​ក័យ​ប​ត្រ ៤៨% ក្រៅផ្លូវការ ដែលជា​អំពើពុករលួយ​

 រឿង​មួយ​ដែល​ត្រូវបាន​(​ខ្ញុំ​)​ដាក់​ជា​បទបញ្ជា ឲ្យ​ធ្វើការ​ដោះស្រាយ​លើ​បញ្ហា​ពាក់ព័ន្ធ និង​ភាពមិនប្រក្រតី​នៃ បញ្ហា​ដឹកជញ្ជូន​។ យោងតាម​របាយការណ៍​សម្ងាត់​មួយ​បាន​ឲ្យ​ដឹងថា ចំណាយ​ផ្លូវការ​ដែលមាន​វិ​ក័យ​ប​ត្រ ៤៩ ភាគរយ ចំណាយ​ក្រៅផ្លូវការ​អត់​មាន​វិ​ក័យ​ប​ត្រ  ៤៨ ភាគរយ​។ តម្លៃ​សេវា​បញ្ជូន​ទំនិញ ៣ ភាគរយ​។ សូម​ឲ្យ​កាត់​អា ៤៨ ភាគរយ​នៃ​ចំណាយ​ក្រៅផ្លូវការ​។ ត្រូវធ្វើ​អាហ្នឹង​។ បើកាលណា​ធ្វើ​អាហ្នឹង​បាន ការ​ទៅ​ដេញថ្លៃ​អង្ករ​នៅ​ហ្វីលីពីន អត់​ពិបាក​ទេ​។ ខ្ញុំ​មិន​ច្បាស់​ថា​វា​ប្រាកដ​ប៉ុណ្ណា​ទេ ប៉ុន្តែ​ជើង​លេខ​នេះ​អាច​ជឿ​ទុកចិត្តបាន​។ ខ្ញុំ​មិន​និយាយ​ពី​ទំហំ​ទឹកប្រាក់​ទេ ក៏ប៉ុន្តែ ខ្ញុំ​និយាយ​អំពី​ចំណែក​ភាគរយ ចំណាយ​ផ្លូវការ​មាន​វិ​ក័យ​ប​ត្រ ៤៩ ភាគរយ ចំណាយ​ក្រៅផ្លូវការ ៤៨ ភាគរយ​។ ត្រូវ​លុបបំបាត់ ៤៨ ភាគរយ នៃ​ចំណាយ ទុក​ឲ្យ​គាត់​ចំណាយ​ពិតប្រាកដ​ប៉ុណ្ណា​។ ទាំងអស់​វា​នឹង​បាន​ផល​ទៅ​ប្រជាជន​នៅ​ទូទាំងប្រទេស​។​

​បើ​រោងចក្រ សហគ្រាស​ដឹកជញ្ជូន​តម្លៃថោក ពួកគាត់​នឹង​សន្សំ​បាន​ប្រាក់ចំណេញ ហើយ​ប្រាក់ចំណេញ​នេះ គាត់​យកទៅ​ពង្រីក​រោងចក្រ​បន្ថែម ទៅ​បង្កើន​ជីវភាព​ឲ្យ​កម្មករ​/​ការិនី​របស់​យើង ហើយ​បើ​វិស័យ​កសិកម្ម​វិញ គាត់​នឹង​ប្រើប្រាស់​តម្លៃ​ដឹកជញ្ជូន ដែល​ពីមុន​ធ្លាប់​បង់​ខ្ពស់ ឥឡូវ​បង់​ទាប ទៅ​បង្កើន​តម្លៃ​ទិញស្រូវ​ពី​កសិករ ដែល​កសិករ​ទទួលបាន​ផល​ពី​ការលក់​ស្រូវ ការលក់​កសិផល​រប​ស់​គាត់​ដែរ​។ ឯកសារ​ហ្នឹង​ដាក់កុង ហ្វី​ដង់​ស្យែ​ល  អញ្ចឹង ឯកឧត្តម ស៊ុន ចាន់ថុល ត្រូវ​ធ្វើការ​ជាមួយនឹង​ផ្នែក​ពាក់ព័ន្ធ​ដើម្បី​តាមមើល  ហើយ​រាយការណ៍​ឲ្យ​ខ្ញុំ​។ សុំ​ប្រគល់​មួយច្បាប់​មក​ឯកឧត្តម ប៊ិន ឈិន ដែល​ទទួល​ធ្វើ​ការងារ​ហ្នឹង​ផងដែរ ។ យើង​ខិតខំ​បំបាត់ ព្រោះនេះ​ជា​អំពើពុករលួយ​មួយ​ដែល​នាំទៅដល់​បាត់បង់​ភាព​ប្រកួតប្រជែង ហើយ​ការបាត់បង់​ភាព​ប្រកួតប្រជែង​នេះ មិន​ត្រឹមតែ​ពាក់ព័ន្ធ​បញ្ហា​ក្រុមហ៊ុន​ទេ តែ​វា​ក៏​ទាក់ទង​ជាមួយ​កម្មករ ជាមួយ​កសិករ​ផងដែរ ។​

​តើ​ពេល​បញ្ចុះ​ថ្លៃ​ភ្លើង​សម្រាប់​ម៉ាស៊ីនកិនស្រូវ កសិករ​នឹង​លក់​ស្រូវ​បាន​ថ្លៃ​ជាង​មុន​ឬទេ​?

 យើង​ក៏​កំពុង​ពិនិត្យ ហើយក៏​កំពុងមាន​ចំណារ​ទៅ​ឲ្យ​ឯកឧត្តម ស៊ុយ សែម ឯកឧត្តម ទី នរិន្ទ ឯកឧត្តម កែវ រតនៈ​។ យប់មិញ​ជួប កែវ រតនៈ បន្តិច ព្រោះ​ខាង​ក្រសួងកសិកម្ម កំពុងតែ​ស្នើ​ដើម្បី​សុំ​ឲ្យ​អ្នក​រោងចក្រ​ម៉ាស៊ីនកិនស្រូវ​ប្រើប្រាស់​ភ្លើង​ឲ្យ​បាន​ថោក​បន្តិច​។ ប៉ុន្តែ ល្ងាច​មិញ ខ្ញុំ​ក៏បាន​និយាយ​បន្តិច​ថា ឥឡូវ បើសិនជា​ចុះ​តម្លៃ​នៃ​(​ភ្លើង​ប្រើ​សម្រាប់​)​ម៉ាស៊ីនកិនស្រូវ តើ​អ្នក​ដែល​ទៅ​ទិញស្រូវ​ហ្នឹង ហ៊ាន​តម្លើង​តម្លៃ​ស្រូវ​ពី​កសិករ​ឬ​អត់​? បើ​មិន​អញ្ចឹង​បាន​ទៅលើ​តែ​គាត់​(​ម្ចាស់​ម៉ាស៊ីនកិនស្រូវ​)​ហ្នឹង​។ ឯកឧត្តម វ៉េង សុខុន ជា​អ្នកស្នើ រដ្ឋមន្ត្រី​កសិកម្ម​ថ្មី ប៉ុន្តែ ត្រូវ​គិត ត្រូវ​ហ៊ាន​។ ឥឡូវ ខាង​ឯកឧត្តម វ៉េង សុខុន ឯង ត្រូវ​ប្រជុំ​ខាង​សមាគម​កិនស្រូវ​អង្ករ​ជាមួយនឹង​ផ្នែក​ណា​ទៀត មាន​ពាណិជ្ជកម្ម ជាដើម ដើម្បី​ថា​តើ​ហ៊ាន​តទល់​ឬទេ​? ឥឡូវ ឧបមា​ថា ខាង​នោះ គេ​ចុះ​តម្លៃ​ភ្លើង​ឲ្យ​មក​ខាង​ហ្នឹង ២០% តើ​លោក​ឯង​ហ៊ាន​តម្លើងថ្លៃ​ស្រូវ ១០% ឬ​អត់​? ឧទាហរណ៍​ទេ​។ ហ៊ាន​លេង​ទៅ លេង​មក បើ​មិន​អញ្ចឹង បាន​(​ចំណេញ​)​តែ​ថៅកែ​ម៉ាស៊ីនកិនស្រូវ វា​មិន​ងាប់​ទៅហើយ​។ អានេះ​ជា​ក្បួនច្បាប់​សេដ្ឋកិច្ច ខ្ញុំ​មិនមែន​អ្នកសេដ្ឋកិច្ច​ទេ ហើយក៏​មិនមែន​អ្នក​ជើងចាស់​ទេ គ្រាន់តែ​ជើង​យូរ​តែ​ប៉ុណ្ណឹង​។​

​ពង្រឹងសមត្ថភាព​កំពង់ផែ និង​ផ្លូវដែក សម្រាប់​ការនាំចេញ​នាំចូល​ទំនិញ​

​ធ្វើ​ម៉េច​ចែករំលែក​ផលប្រយោជន៍​ឲ្យ​បាន​ទាំងអស់គ្នា សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង​។ អតីតកាល​របស់​យើង វា​ឈឺចាប់​ណាស់​ទៅហើយ​។ ឥឡូវនេះ បច្ចុប្បន្ន និង​ទៅ​អនាគត យើង​ត្រូវ​រក​ពន្លឺ​ភ្លឺស្វាង​មួយ ដើម្បី​សេដ្ឋកិច្ច​របស់​ប្រទេស​យើង​។ ជាថ្មី​ម្តងទៀត អរគុណ​ណាស់​ជាមួយនឹង​ការខិតខំ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែលជា​ក្រសួង​អាណាប័ក ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមប្រឹក្សាភិបាល ក៏ដូចជា​កម្មករ​/​ការិនី នៅ​កន្លែង​នេះ ដែល​ខ្ញុំ​នៅតែ​ស្រមៃ​នឹង​ភ្នែក​ឃើញថា លី​បាវ ហើយ​ខោអាវ​ខ្មៅ​ចងជើង​ខោ​។ តែ​ឥឡូវ វា​មិនមែន​អញ្ចឹង​ទៀត​ទេ សុទ្ធតែ​កុងតឺន័រ​ធំៗ ដង​យោង​ធំៗ ណាស់​។ ឥឡូវ​អា ២ គ្រឿង មិនទាន់​មកដល់​ទេ តែ​បញ្ជា​ទិញ​ហើយ ឯកឧត្តម ស៊ុន ចាន់ថុល រាយការណ៍​ថា ២២ លាន​ដុល្លារ​។ ប៉ុន្តែ យើង​ហ៊ាន​លេង ព្រោះ​ទំនិញ​នាំចេញ​នាំចូល​របស់​យើង គ្រាន់តែ​ជាមួយ​ថៃ ៤៣០០ លាន​ដុល្លារ ជាមួយ​វៀតណាម ជាង ៣០០០ លាន​ដុល្លារ ជាមួយ​ចិន​ជិត ៥០០០ លាន​ដុល្លារ​។ ការនាំចេញ នាំចូល​របស់​យើង​កាន់តែច្រើន ដូច្នេះ ត្រូវ​ពង្រឹងសមត្ថភាព​កំពង់ផែ​នេះ ពង្រឹងសមត្ថភាព​ផ្លូវដែក​។ (​សម្រាប់​)​ការដឹកជញ្ជូន​តាមផ្លូវ​ដែក (​សូម​)​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ ខ្ញុំ​ជិះ​ហើយ​។ សប្បាយ​ណាស់​។ មាន​អ្នក​សួរថា ប៉ុន្មាន​ម៉ោង​ធ្វើដំណើរ​? ប៉ុន្តែ ដោយសារ​ក្រសួង​សាធារណការ គាត់​មាន​ក្រុម​ឆ្លើយតប ឃើញ​ឆ្លើយថា ៧ ម៉ោង​។ កំពុង​រក​វិធី​ឲ្យ​នៅសល់តែ ៥ ម៉ោង​។ ឯខ្ញុំ​ត្រូវ​ឆ្លើយ​ផ្ទាល់​មួយ​ទៀតថា ក្នុង​ពេលនេះ ៧ ម៉ោង ប៉ុន្តែ កំពុង​រក​វិធី​ឲ្យ​មក​នៅ ៥ ម៉ោង​។ នេះ​ជា​ទំនាក់ទំនង​ដែល​ប្រជាពលរដ្ឋ​សួរ​មក​នាយករដ្ឋមន្ត្រី ដែល​ធ្វើដំណើរ​ផ្ទាល់​លើ​រថភ្លើង​។ នៅពេល​ខាងមុខ យើង​ចេញពី​កំពត​មក​លឿន​ជាង ៥០ គីឡូម៉ែត្រ​/​ម៉ោង តែ​ពេល​ចេញពី​(​ភ្នំពេញ​)​នោះ មាន​ភូមិ​ប្រជាពលរដ្ឋ​ច្រើន តែ​នៅតែ​អាច​ដោះស្រាយបាន នៅពេលដែល​យើង​រៀបចំ​ឲ្យ​បាន​មាំទាំ​។ អាចធ្វើ​ដំណើរ​ងាយស្រួល ទាំង​អ្នកធ្វើដំណើរ​ក៏មាន​សុវត្ថិភាព​។ អត់​រវល់​នឹង​រឿង​ស្ទះចរាចរណ៍​អី​ទេ​។  ផ្លូវដែក​នេះ ត្រូវបានធ្វើ​សកម្មភាព​យ៉ាង​មមាញឹក​មុន​ឆ្នាំ ១៩៧០ ប៉ុន្តែ បន្ទាប់ពី​រដ្ឋប្រហារ​ឆ្នាំ ១៩៧០ មក គឺ​ផ្លូវដែក​ត្រូវបាន​កាត់ផ្តាច់​តាមរយៈ​សង្គ្រាម​។ ជំនាន់ ប៉ុល ពត ដំណើរការ ដល់​ក្រោយ ប៉ុលពត ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​វ៉ៃ​គ្នា​ដែរ​។ វ៉ៃ​ដាច់​រទេះភ្លើង​។ ឥឡូវ​អត់​មាន​សង្គ្រាម​អី​តទៅទៀត​ទេ ។​

​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ពេទ្យ ៤ នាក់ ដែល​ខំ​ទិញ​សំបុត្រ​មក​ជិះ​រថភ្លើង​ជាមួយ​

​មានរឿង​អស្ចារ្យ​មួយ​។ ឃើញ​ក្នុង Facebook មាន​រូបថត​យុវជន ៤ នាក់ អង្គុយ​ហូប​ពោត​ជាមួយ​ខ្ញុំ​។ គ្នា​ជា​និស្សិត​ដែល​ប្រឡង​ជាប់ ប៉ុន្តែ​អត់លុយ​បង់ថ្លៃ​សាលា កំពុងតែ​រៀន ហើយ​បាន​នៅ​អន្តេវាសិក​ទៀត​។ អត់លុយ​បង់ថ្លៃ​សាលា អត់​មាន​សិទ្ធិ​ចូល​ប្រឡង​ទេ រៀន​នៅ​សាលា​ពេទ្យ​។ ដល់​អញ្ចឹងទេ រក​វិធី​ទិញ​សំបុត្រ​(​រថភ្លើង​)​បាន​។  ដល់​ហៅ​ទៅ​អង្គុយ​ជាមួយ ឲ្យ​ហូប​ពោត​មួយម្នាក់ ឃើញ​ចងដៃ​ខាង​នេះ​មួយ​សរសៃ ខាង​នោះ​មួយ​សរសៃ អំបោះ​ក្រហម ក៏​សួរថា​ម៉េច​បាន​ចងដៃ ទើប​ថា​ម្សិលមិញ​ទៅ​ព្រះអង្គ​ដង​កើ បន់ស្រន់​ឲ្យ​ជួប​(​សម្តេច​)​។ ជួប​ដូច​ចិត្ត​។ មិន​ត្រឹមតែ​ជួប​ទេ បាន​អាហារូបករណ៍​អត់​បង់ថ្លៃ​ទេ​។ ឥឡូវ​ប្រហែលជា​ទៅវិញ​ហើយ​។ មាន​អ្នកខ្លះ​ស្រវាស្រទេញ ប្រឹងរៀន​សូត្រ តែមាន​មួយចំនួន ឪពុកម្តាយ​មាន​លុយ មានបុណ្យ​សក្តិ បែរជា​នាំគ្នា​កាប់​គ្នា​លេង គ្រឿងញៀន ល្បែងស៊ីសង​ទៅ ។​

​ទោះ​មាន​ភ្លៀង ក៏ត្រូវ​បន្ត​ជីក និង​ស្តារអណ្តូង ស្រះ ប្រឡាយ​

.. ខ្ញុំព្រះករុណាខ្ញុំ មិន​ភ្លេច​ជាមួយនឹង​ការអំពាវនាវ​បន្ត​យកចិត្តទុកដាក់ លើ​ការដោះស្រាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​។ ពិតមែន​ហើយ ម្សិលមិញ​នេះ កក្រើក​មេឃ កក្រើក​ដី ភ្លៀង មិនមែន​ភ្លៀង​តែ​ស្រុក​យើង​ទេ ថៃ​ក៏​ភ្លៀង​ដែរ​។ ប៉ុន្តែ សូមបញ្ជាក់ថា បើទោះបី​មាន​ភ្លៀង​ធ្លាក់​កន្លែង​ខ្លះ មិនមាន​ការចាំបាច់​ប​ន្ថែ​ម​ទឹក​ទេ ដោយសារតែ​ប្រជាពលរដ្ឋ​បានទទួល​ទឹក និង​គាត់​ត្រងទឹក​ភ្លៀង​សម្រាប់​ការប្រើប្រាស់ ក៏ប៉ុន្តែ យើង​ត្រូវធ្វើ​យុទ្ធនា​ការបន្ត តាមរយៈ​ស្តារអណ្តូង​ទឹក​ឲ្យ​កាន់តែ​ជ្រៅ អណ្តូង​ណា​ដែល​រីង​នោះ ស្តារ​ឲ្យ​វា​ជ្រៅ​ទុក​ឲ្យ​ហើយ​ទៅ ស្តារ​ស្រះ ជីក​ស្រះ ជីក​អណ្តូង ស្តារ​ប្រឡាយ​ថ្មី​បន្ថែមទៀត ដើម្បី​កុំ​ឲ្យ​ឆ្នាំក្រោយ កើត​បាតុភូត​ចែក​ទឹក​ទៀត​។ ឆ្នាំនេះ គ្រោះធម្មជាតិ​ផ្តល់​មេរៀន​ឲ្យ​យើង​ដូច​ឆ្នាំ ២០០០ អញ្ចឹង​។ ជំនន់​ឆ្នាំ ២០០០ ផ្តល់​មេរៀន​ឲ្យ​យើង​ធំ​ណាស់ ព្រោះ​យើង​នាំគ្នា​ភ្លេចខ្លួន នាំគ្នា​ធ្វើ​ស្ពាន ធ្វើ​ផ្លូវ ធ្វើ​ស្អីៗ ទាប​តាម​កម្ពស់​ទឹក​ធម្មតា ដល់​ជំនន់​ឆ្នាំ ២០០០ គ្រឹប គឺ​តម្រូវ​ឲ្យ​យើង​ធ្វើ​ស្ពាន​ធ្វើ​ផ្លូវ ឬក៏​រហូតដល់​ធ្វើ​ផ្ទះ​លើក​ឲ្យ​ខ្ពស់​ផុតពី​កម្ពស់​ទឹក​ឆ្នាំ ២០០០​។ ដូចគ្នានេះដែរ ឆ្នាំនេះ យើង​បុក យើង​ជីក​អណ្តូង ត្រឹមតែ ៧ ម៉ែត្រ វា​ចេញ ក៏ប៉ុន្តែ ទឹកធ្លាក់​ចុះ​ដល់​ទៅ ៩ ម៉ែត្រ បើ​អញ្ចឹង​ត្រូវ​ជីក​អណ្តូង​ទម្លាក់​ជម្រៅ​ទៅ ១០ ម៉ែត្រ ទុក​ឲ្យ​ហើយ​ទៅ​។  ខ្ញុំព្រះករុណាខ្ញុំ អរគុណ​ណាស់​ចំពោះ​ព្រះសង្ឃ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ គណៈកម្មាធិការ​ជាតិ​គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ អាជ្ញាធរ ក៏ដូចជា​សប្បុរសជន យុវជន​/​នារី​របស់​យើង ក្នុង​ហ្នឹង ក៏មាន​សមាជិក​/​ជិ​កា គណបក្ស​ប្រជាជន​កម្ពុជា ដែល​បានធ្វើ​សកម្មភាព​ព្រមៗ ស្រុះៗ​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​របស់​យើង​។​

​បក្ស​ខ្លះ​ថា ទាល់តែ​បាន​កាន់អំណាច ទើប​ចុះមក​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​

 ខ្ញុំ​បាន​ស្តាប់លឺ​នឹង​ត្រចៀក នូវ​ការសម្ភាសន៍​ខ្លះ  គេ​ថា ចាំ​គេ​កាន់អំណាច​សិន​។ គួរ​ទេ​អាហ្នឹង​? អ្នកបោះឆ្នោត​ឲ្យ​បក្ស​ដទៃ (​អាច​ពិចារណា​មើល​)​តើ​គួរ​ទេ​? (​គ្រាន់តែ​)​ទឹក​ដែល​សុំ​ផឹក​បាន ហើយ​ម៉េច​ចាំ​ដល់​ទាល់តែ​កាន់អំណាច បាន​ឲ្យ​? គេ​ថា បើ​គ្រាន់តែ​ជួយ​យោបល់​បាន តែបើ​ថា​ជួយ​ទឹក​មិនបាន​។ ព្រះ​អើយ​ព្រះ … ហួសហេតុ​ពេក​ហើយ​អស់លោក​។ បើសិនជា​ខ្ញុំ​វិញ ប្រកាស​គាំទ្រ​ហើយ ឲ្យ​យុវជន​ទៅ​តែម្តង សមាជិក​បក្ស ដល់​ទៅធ្វើ​ម៉េច​យើង​ហ៊ាន​ដេញ ទោះបី​សុទ្ធតែ​សមាជិក​គណបក្ស​ប្រជាជន​នាំ​ទឹក​ចេញទៅ តែ​ឃើញ​សមាជិក​បក្ស​ដទៃ​ទៅ​ចូលរួម​ថា អត់​មានទឹក តែមាន​កម្លាំង​លី យើង​ហ៊ាន​ដេញ​គេ​ចេញ​ទេ​? អត់​ហ៊ាន​ទេ​។ អញ្ចឹង​បានសេចក្តីថា អ្នកធ្វើនយោបាយ​នៅ​ខ្ចី​ណាស់ មិនមែនជា​ដៃគូ​ប្រកួត​របស់ ហ៊ុន សែន ទេ​។ អ្នក​ដែល​ទទួល​ទឹក មិនមែន​សមាជិក​គណ​បក្ស​ប្រជាជន​ទាំងអស់​ឯណា … គណបក្ស​ប្រជាជន​អត់​បាន​សួរ​អត្តសញ្ញាណ​ថា​បោះឆ្នោត​ឲ្យ​អ្នកណា​ទេ​។ នេះ​ជា​ប្រជាពលរដ្ឋ​របស់​យើង​។ ពេលវេលា​នេះ អត់​និយាយ​រឿង​បក្ស ឬ​មិន​បក្ស​ទេ​។​

​ខ្ញុំ​បាន​អំពាវនាវ មិនមែន​អំពាវនាវ​តែ​បក្ស​ប្រជាជន​ទេ អំពាវនាវ​បណ្តា​បក្សនយោបាយ ទាំង​បក្ស​ចាស់​ដែល​បង្កើត​ពីមុនមក និង​បក្ស​ដែល​ថ្មីៗ​បង្កើត បើ​ថា​មិន​ចូលរួម មិនមាន​លទ្ធភាព​គ្រាន់តែ​ថា គាំទ្រ​ណាស់​សកម្មភាព​ហ្នឹង ហើយ​ក៏មាន​ជួនកាល​ទៅ ៤ ទៅ ១០ នាក់ ក្នុងចំនោម​អ្នកណា ខ្ញុំ​មិនដឹង​ទេ​(​អាច​និយាយ​)​ថា ខ្ញុំ​អត់​មានទឹក​ទេ តែមាន​កម្លាំង​សែង មានលទ្ធភាព​ជួយ​ទៅ​ចែក​។ តើ​អ្នកណា​ហ៊ាន​ដេញ​? ពិត​ហើយ​ម្សិលមិញ​ភ្លៀង គ្រាន់តែ​វាយ​ចូលក្នុង Whatsapp (​ប្រាប់ថា​មាន​ភ្លៀង​) ប៉ុន្តែ​ភ្លៀង​នេះ ប្រយោជន៍​បាន​មួយចំនួន​ហើយ ក្នុង​ហ្នឹង​រាប់ទាំង​សត្វ ពីមុន​យើង​ដោះស្រាយ​បានតែ​មនុស្ស​ទេ តែ​សត្វ​អត់​។ ឥឡូវនេះ​បាន​ហើយ ក្របី គោ​នៅ​ស្ទឹងត្រែង លែង​ងាប់​ហើយ ប្រជាពលរដ្ឋ​បាន​ត្រងទឹក​ហ្នឹង​ទុក​។ កន្លែង​ខ្លះ​មិន​បន្ត​លើ​ការចែក​ទឹក ប៉ុន្តែ​បន្ត​ការជីក​អណ្តូង​ថ្មី ស្តារអណ្តូង​ចាស់ ជីក​ស្រះ​ថ្មី ស្តារ​ស្រះ​ចាស់ និង​ស្តារ​ប្រឡាយ​បន្ថែម​។​

​ប្តូរ​ពី​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា មកជា​ទិវា​ធនធានមនុស្ស​អន្តរជាតិ ១ ឧសភា វិញ​

​ទិវា​ពលកម្ម​អន្តរជាតិ​ក៏​ល្មម​ដល់ពេល​វេលា​មួយ ដែល​ពិភពលោក​គួរតែ​ប្រើពាក្យ​ថា​ទិវា​ធនធានមនុស្ស​អន្តរជាតិ​តែម្តងទៅ​។ អាហ្នឹង​គួរតែ​ដូរ ១៣០ ឆ្នាំ​(​ហើយ​) គួរតែ​ដូរ​ទេ​? ការពិត យើង​កំពុង​រុញ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ហ្នឹងឯង​។ តែ​ពិភពលោក​គេ​ថា​អញ្ចឹង​។ ឥឡូវ ខ្ញុំ​សូម​ចាប់ផ្តើម​ពី​កម្ពុជា​ទៅ​ចុះ​។ ណាមួយ​គិតថា កម្ពុជា​យក​ថ្ងៃទី ១ ឧសភា ហ្នឹង ធ្វើ​ទិវា​ធនធានមនុស្ស ផ្សារភ្ជាប់​នឹង​ទិវា​ពលកម្ម​អន្តរជាតិ​តែម្តង ធ្វើ​ទាំងអស់​តែម្តង​។ អាច​ចាប់ផ្តើម​ពី​កម្ពុជា​ដែរ ព្រោះ​វា​មាន​ប្រវត្តិ​របស់​វា​។ ពី​ដើម​គេ​ប្រើ​មនុស្ស​ដូច​សត្វ​ធាតុ បានជា​មានការ​តស៊ូ ទៅជា​ទិវា​ពលកម្ម​អន្តរជាតិ​។ ប៉ុន្តែ​ឥឡូវ​វា​ហួស​សម័យ គួរ​ហៅថា​ទិវា​ធនធានមនុស្ស​។ ចាំ​ពិចារណា​ជាមួយគ្នា​មើល ដាក់​ទិវា​ធនធានមនុស្ស​កម្ពុជា យក​ថ្ងៃ ១ ឧសភា ធ្វើ​រួម​(​គ្នា​)​។ ពេល​យើង​ជួប​ដោយឡែក​នៅ​កោះ​ពេជ្រ យើង​ជួប​ទាំង​កម្មករ សាស្ត្រាចារ្យ គ្រូបង្រៀន បើ​អញ្ចឹង វា​ជា​ស្ថានភាព​នៃ​ធនធានមនុស្ស កុំ​ឲ្យ​នៅតែ​ពលកម្ម​រហូត​អញ្ចឹង​។ នេះ​ជាការ​សាកល្បង​បោះ​បាល់​មួយ តើ​មាន​មនុស្ស​ក្រឡេកមើល​ប៉ុន្មាន​។ អ្នកការទូត​ជើង​យូរ ជួនកាល​អត់​ទាន់​ធ្វើ​អី​ទេ គ្រាន់តែ​បោះ​(​បាល់​)​ទៅ ដើម្បី​សង្កេតមើល តើ​មនុស្ស​តាមមើល​បាល់​ប៉ុន្មាន ប៉ុន្តែ​លេង​វា​មាន​ផលប្រយោជន៍ កុំ​ថា​កម្ពុជា​តូច​ហើយ​គ្មាន​គំនិត​ផ្តួចផ្តើម​។​

​សូម​បរទេស​កុំ​លូកលាន់​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​

​គេ​សប្បាយ​ប៉ុណ្ណឹង ទៅជា​ថា​ប្រទេស​នេះ កំពុង​វិបត្តិ​។ ហើយ​បើ​បរទេស​ណា​និយាយថា​ប្រទេស​នេះ​វិបត្តិ សូម​មើល​ប្រទេស​ខ្លួនឯង​មើល ថា​វា​យ៉ាងម៉េច​? ដូចជា​អឺរ៉ុប ការវាយប្រហារ​ភេរវកម្ម វិបត្តិ​ជនភៀសខ្លួន សិទ្ធិ​ស៊ីវិល​ជនភៀសខ្លួន​ទៅណា​? ទីនេះ គេ​គ្រាន់តែ​ប្រឆាំង​ជាមួយ ពួក​អនាធិបតេយ្យ  ព្រោះ​កាលណា​តែ​មិនមែន​នីតិរដ្ឋ​ហើយ គឺ​អនាធិបតេយ្យ​ហើយ​។ ប្រជាធិបតេយ្យ ត្រូវ​អមដោយ​នីតិរដ្ឋ​។ ព្រំដែន​សេរីភាព​របស់​អ្នក មាន​ព្រំដែន​ជាមួយ​សេរីភាព​របស់​អ្នកដទៃ​។ អ្នករំលោភ អ្នក​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។ យើង​ចាត់វិធានការ​មិន​ឲ្យ​ខកខាន ដើម្បី​ការពារ​នូវ​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​គ​ណ​បក្ស​ប្រជាជន និង​រដ្ឋាភិបាល​របស់​យើង​។ សូម​បរទេស​កុំ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។ កម្ពុជា​មិនបាន​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​អ្នកដទៃ​ទេ តែ​សូម​អ្នកដទៃ​គោរព​នូវ​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​។ កុំ​ជ្រៀតជ្រែក​អោយសោះ​។ អ្នក​ធ្លាប់តែ​និយាយថា​សុំអោយ​បែងចែក​អំណាច នីតិបញ្ញត្តិ នី​តី​ប្រតិបត្តិ និង​តុលាការ ក៏ប៉ុន្តែ​អ្នក​កំពុង​ដាក់​សម្ពោធ​ខ្លះមក​ឲ្យ​យើង ដើម្បី​បំពាន​លើ​អំនាច​របស់​តុលាការ​។ អ្នក​កំពុង​ធ្វើ​ខុស​ខ្លួនឯង​។ ក៏ប៉ុន្តែ​អ្នក​សំណាង​ហើយ អ្នក​មិនបាន​ជួប​ខ្ញុំ​ផ្ទាល់ បើ​អ្នក​ជួប​ខ្ញុំ​ផ្ទាល់ អ្នកនឹង​ទទួលរង​នូវ​ការ​អាម៉ាស់​ដែល​ខ្ញុំ​ស្តីអោយ​ចំពោះមុខ​។ សូម្បី​ប្រធានាធិបតី អូ​បា​ម៉ា និយាយ​ជាមួយ​ខ្ញុំ​ឆ្នាំ ២០១២ ខ្ញុំ​ថា ស្រុក​ខ្មែរ​អត់​មាន​អ្នកទោសនយោបាយ​ទេ មានតែ​អ្នកនយោបាយ​ជាប់ទោស​ព្រហ្មទណ្ឌ​តែប៉ុណ្ណោះ ៕

​សម្រង់​ប្រសាសន៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជា​កម្មករ កម្មការិនី បុគ្គលិក មន្ត្រី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​