​គាំទ្រ​ ឬមិនគាំទ្រ ចំណាត់​ការ​របស់​មន្ទីរ​សង្គ​ម​កិច្ច​រាជធានីភ្នំពេញ ?

រាជធានី​ភ្នំពេញ ​៖ បន្ទាប់​ពី​មាន​ផែនការ​ដាក់​បំរាម​របស់​អភិបាល​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែកុម្ភៈ​ ឆ្នាំ​២០១៦​ កន្លង​មក​​នោះ ពេល​​នេះ​ មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន​រាជធានី​ភ្នំពេញ​ បាន​ចាប់ផ្តើម​អនុវត្ត​​​នូវ​វិធានការ​ក្តៅ គឺ​ចុះ​ចាប់ និង​ប្រមូល​ឧ​បករ​ណ៍​​របស់​តន្ត្រី​ជន​ពិការ ដែល​មាន​សកម្មភាព​ប្រគំ​រៃ​អង្គាសប្រាក់​​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ ដែល​អាជ្ញាធរ​នេះ បាន​ចោទប្រកាន់​ថា ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​​សណ្តាប់ធ្នាប់​សា​ធា​ណៈ និង​បន្ទាប់​ពី​អប់រំ ណែនាំ​មិន​ស្តាប់​នោះ ។

លោក​​សន សុផល ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន​រាជធានី​ភ្នំពេញ​​បានឱ្យ​​ដឹង​ថា អនុវត្ត​​តាម​​ផែនការ​របស់​សាលា​​រាជធានី​ភ្នំពេញ គឺ​មិន​អនុញ្ញាត​ឱ្យ​​ជន​ពិការ​មានការ​ប្រគំតន្ត្រី​ នៅ​តាម​ចិញ្ចើម​ផ្លូវ​ទៀត​ទេ គឺ​ត្រូវ​លុប​បំបាត់​ឱ្យ​​អស់ ។​

លោក​បន្ត​ថា កា​រលេង​ភ្លេង​នេះ ​មិនមែន​​ហាមឃាត់​ ឬ​បិទ​សិទ្ធិ​ទាំងស្រុង​នោះ​​ទេ ប៉ុន្តែ​ត្រូវ​រក​កន្លែង​ណា​​សម​រម្យ ដែល​មិន​មានការ​ប៉ះ​ពាល់ ដោយ​មិន​អាចឱ្យ​​ដាក់​តាម​ការ​នឹកឃើញ​បាន​​ទេ ហើយ​អាជ្ញាធរ​ក៏​មានការ​ពិចារណា​ផង​​ដែរ បើ​ជន​ពិការ​ណា​ មានការ​លំបាក គ្មាន​ទីពឹង​ពិត​ប្រក​ដ​មែន អាច​ស្នើ​សុំ​ឱ្យ​​ជួយ​បាន​ដូច​ជា​មាន​របប​ប្រចាំខែ បើ​មាន​ជា​សមាគម​ន៍ គេ​មាន​មូលនិធិ​គេ​ជួយ គឺ​មិន​អនុញ្ញាត​ឲ្យ​ដើរ​រហេត​រហូត​ ឬ​អនាថា​ទេ  អាជ្ញាធរ​ក៏​មិន​ចង់​ធ្វើ​បែប​នេះ​ដែរ មុន​នឹង​ធ្វើមានការ​អប់រំ និង​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ។

លោក សន សុផល បាន​ឲ្យ​ដឹង​ទៀត​ថា កាល​ចាប់ផ្តើម​ដំបូង​មាន​ជាង​១០​ទីតាំង ក្រោយមក​អាជ្ញាធរ​បាន​ធ្វើការ​ណែនាំ គឺ​បាត់​អស់​ច្រើន នៅ​សល់​ប្រមាណ​៣​កន្លែង ដែល​មន្ទីរ​បាន​ចុះ​ឃាត់​គាត់​ដែរ តែ​មិន​ស្តាប់ រហូត​មក​ដល់​ពេល​នេះ ទើប​សម្រេចចិត្ត​ធ្វើការ​ដក​ហូត​ឧ​បករ​ណ៏ និង​សម្ភារៈ​តែ​ម្តង ដែល​អ្នក​ទាំងនេះ មិនមែន​ជា​សមាគម​ន៍​​ទេ គឺជា​ជន​ពិការ​ឯកជន​បាន​ធ្វើ​សកម្មភាព​ខ្លួនឯង​តែ​
ម្តង ។

ជាក់ស្តែង ខៈណៈនេះ មន្ទីរ​សង្គមកិច្ច​រាជធានី បាន​ចុះ​ណែនាំ និង​ដកហូត​សម្ភារ​​តន្ត្រី​ជន​ពិការ​២​ក្រុម​ នៅ​តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត ដែល​រឹងរូសឱ្យបញ្ឈប់​សកម្ម​ភាព ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ចរាចរ​ណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​ជា​ការ​ព្រមាន​ឲ្យ​រាងចាល​តែ​ម្តង ។

គួរ​រំលឹក​ថា លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​​០៤ កុម្ភៈ ២០១៦​ បានលើកឡើងក្នុង​អង្គប្រជុំ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ក្រោម​ឱ​វាត នៅ​សាលា​រាជ​ធានី​ភ្នំពេញ ថា ៖

  • លោកប៉ា សុ​ជាតិ​វង្ស ស្នើ​ដល់​ជន​ពិការ​បញ្ឈប់​ការ​ប្រគំ​តន្ត្រី​រៃ​អង្គាស​តាម​ស្តុ​ប

រាជធានី​ភ្នំពេញ ៖ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា រាល់​ការ​ប្រគំ​តន្ត្រី ដើម្បី​រៃ​អង្គាសប្រាក់​នៅ​តាម​ភ្លើងស្តុប និង​នៅ​តាម​ទី​សាធារណៈ​នានា​របស់​បងប្អូន​ជន​ពិការ ដែល​បាន​កំពុង​ធ្វើ​សកម្មភាព​រាល់ថ្ងៃ​នោះ គឺ​ចាប់ពី​ពេល​នេះ​តទៅ សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​បន្តសកម្មភាព​របស់​ខ្លួន​ទៀត​ទេ ។

លោកប៉ា សុ​ជាតិ​វង្ស បាន​មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ កុម្ភៈ ២០១៦ ដោយ​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​, លោក​រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​អភិបាល​ខណ្ឌ​ទាំង​១២។

លោក​បាន​លើក​ឡើង​ទៀត​ថា ការ​ប្រគំ​តន្ត្រី​នៅ​តាម​ភ្លើងស្តុប និង​នៅ​តាម​ទី​សាធារណៈ​នានា​របស់​បងប្អូន​ជន​ពិការ ដែល​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​រាល់ថ្ងៃ ដើម្បី​រៃ​អង្គាសប្រាក់​ពី​សប្បុរសជន​នេះ គឺ​វា​ពិតជា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ លើ​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ ដែល​ក្នុង​នាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​អាច​ឱ្យ​ពួក​គាត់​បន្តសកម្មភាព​ដូច្នេះ​ទៀត​ទេ ។ ហើយ​អាជ្ញាធរ​គ្រប់​ខណ្ឌ ត្រូវ​តែ​ណែនាំ​ពួក​គាត់​ឱ្យ​បញ្ឈប់​ជា​បន្ទាន់ ។

ក្នុង​ឱកាស​នោះ លោកប៉ា សុ​ជាតិ​វង្ស ក៏​បាន​ណែនាំ​ឱ្យ​មន្ត្រី​រាជធានី​ភ្នំពេញ រួម​ជាមួយ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន​រាជធានី​ភ្នំពេញ ត្រូវ​ចុះ​ផ្ទាល់​ទៅ​ដល់ទី​តាំងរបស់​បងប្អូន​ពិការ​ទាំងនេះ រស់នៅ​និង​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ថា តើ​បងប្អូន​ពិការ​ទាំងនោះ មាន​អង្គកា​ខាង​ណា ជា​អ្នក​មើល​ការ​ខុស​ត្រូវ ហើយ​ពួក​គាត់​ខ្វះខាត​អ្វីខ្លះ សាលា​រាជធានី​ភ្នំពេញ​នឹង​ដោះស្រាយ​ជូន​ពួក​គាត់​តែ​ម្តង ៕