បើ​កូនស្រីបានឮ ឱ្យ​ដំណឹង​ដល់ប៉ា​​ផង​!

ខេត្តក្រចេះ ៖ ​អាណា​ព្យាបាល​របស់​ក្មេង​ស្រី​ក្រមុំ​​​មានវ័យ​ជិត​​​១៦ឆ្នាំ​ ជា​សិស្ស​រៀន​នៅ​សាលា​បឋម​សិក្សា​មួយ ​នៅ​ក្នុង​សង្កាត់​ងូ​រ
ប្ញ​ស្សី ក្រុង​ក្រចេះ បាន​និង​កំពុង​​តែ​បន្ត​ស្រាវជ្រាវ​​រក​កូនស្រី​រូប​នេះ ខ​ណៈ​​ដែល​​បាន​​ចេញពីផ្ទះ​បាត់​ដោយ​មិនដឹង​​មួល​ហេតុ​ ។

​គិត​​មក​​ត្រឹម​​ថ្ងៃ​ទី​២ ឧសភា ២០១៦ នេះ​ គឺ​មាន​រយៈ​​ពេល​៣​ថ្ងៃ​​ហើយ ដែល​ក្រុម​គ្រួសារ​របស់​នារី​​​វ័យ​ក្មេង​ខាងលើ ​បាន​​កាន់​រូបថត ជា​ច្រើន​សន្លឹក​ធ្វើ​ពាក្យ​​បណ្តឹង​​ទៅ​សមត្ថកិច្ច​ពាក់​ព័​ន្ធ​ឱ្យ​​ជួយ​អន្តរា​គមន៍​រ​កកូន និង​ស្វះស្វែង​​ដើរ​រ​គ្រប់​ច្រកល្ហក តែ​​ពន្លឺ​នៃ​ការ​ទទួល​បាន ​នៅ​មិន​ទាន់​មាន​នៅឡើយ​នោះ​ទេ​ ។

បើ​តាម​នគរ​បាល​ឱ្យ​​ដឹង​​ថា ឱ​ពុក​ម្តាយ​របស់​ក្មេង​ស្រី​រូប​នេះ​ បាន​មក​ដាក់​ពាក្យបណ្តឹង​ម​ក​ប៉ុស្តិ៍​ និង​ក្រុង ស្នើ​ឱ្យ​ជួយ​អន្តរាគមន៍​រក​នាង បន្ទាប់​ពី​នាង​បាន​បាត់​ចេញពីផ្ទះ កាលពី​វេលា​ម៉ោង​២​រសៀល​​ថ្ងៃ​ទី​៣០ មេ​សា​ កន្លងមក ។

បុរស​ឈ្មោះ​សុខ ហឿ​ន អាយុ​៤៨​ឆ្នាំ​ រស់នៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ប្ញ​​ស្សី ក្រុង​ក្រចេះ ត្រូវ​ជា​ឱ​ពុក​របស់​ក្មេង​ស្រី ​ដែល​បាត់​ខ្លួន​បាន​​រៀបរាប់​ថា កូនស្រី​របស់​គាត់ ​ដែល​បាន​បាត់​ខ្លួន​ពី​ផ្ទះ​នេះ ជា​កូនស្រី​ពៅ​ ក្នុង​ចំណោម​បង​ប្អួ​ន​៥​នាក់ ស្រី​៣ ប្រុស​២ ​។ បុរស​​ជាឪពុក​បាន​អះអាង​ថា គាត់​មិន​បាន​​ប្រើ​ពាក្យ​ធំ​​តូច​ដាក់​កូនស្រី​របស់​គាត់​​ទេ ទាំង​មុន​និង​ថ្ងៃ​នាង​បាត់​ខ្លួន​នោះ ​។ ហើយ​គាត់​​ក៏​មិន​ជឿ​​ថា​ ការ​បាត់​ខ្លួន​របស់​កូន​ស្រី​គាត់ អាច​ផ្តើ​ម​ចេញពី​ទំនាក់ទំនង​ស្នេហា​ណាមួយ​​ដែរ ដោយ​គាត់​ពិនិត្យ​ឃើញ​ថា កូនស្រី​គាត់​មាន​វ័យក្មេង​ខ្ចី​ពេក​ ។

តែបើ​តាម​ប្រភព​​ខ្លះ​​​បង្ហើប​ថា កន្លង​មក ​គេ​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​តែង​តែ​និយាយ​ទូរស័ព្ទ​ជា​ញឹក​ញាប់ ​។ ហើយ​នៅ​ថ្ងៃ​កើតហេតុ​ ថ្ងៃ​ទី​៣០ មេ​សា ជា​ថ្ងៃ​ដែល​នាង​បាត់​ខ្លួន គេ​បានឃើញ​រូប​នាង​ពាក់​ម៉ាស់​​បិទមុខ ក្នុង​​អាកប្បកិរិយា​​ចង់​គេច​មុខ តែ​មិន​មាន​នរ​ណា​ចាប់​អារម្មណ៍​នោះ​ទេ ​លុះ​នាង​បាត់​ខ្លួន ​ទើប​​មានការ​ភ្ញាក់​ផ្អើល​ឡើង​ ។

លោក​នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ប្ញ​ស្សី លោក ភិន ម៉ុ​ល បាន​ឱ្យ​​ដឹង​ថា រហូត​មក​ទល់​និង​ពេល​នេះ កម្លាំង​នគរបាល ក៏​ដូច​ជា​ក្រុម​គ្រួសារ​របស់​ក្មេង​ស្រី នៅ​តែ​បន្ត​ស្រាវជ្រាវ​រក​នាង តែ​យ៉ាងណា​រហូត​មក​ទល់​និង​ពេល​នេះ គឺ​នៅ​មិន​ទាន់​មាន​ពន្លឺ​ណាមួយ​នៅ​ឡើយ​​ទេ​ ​។