គួច សុកុម្ភៈ នឹងអវត្តមានពេញមួយរដូវកាល ខណៈក្រុមចំនួន៣រកមិនឃើញការឈ្នះ

កីឡាករដ៏មានប្រជាប្រិយ គួច សុកុម្ភៈ ដែលបានធ្វើដំណើរទៅព្យាបាលរបួសដាច់សរសៃកែងជើងខាងឆ្វេង នៅប្រទេសវៀតណាមនោះ នឹងអាចអវត្តមាននៅលើទីលានប្រកួតពេញមួយរដូវកាលតែម្តង គឺទាំងការប្រកួតក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ប្រចាំឆ្នាំ២០១៦ និងការប្រកួតពានរង្វាន់សម្តេចហ៊ុនសែន ព្រោះគេត្រូវការពេលវេលាយ៉ាងហោចណាស់៣ទៅ៤ខែ ដើម្បីព្យាបាលរបួសនេះ។
ksoccer
លោក មាស ចាន់ណា គ្រូបង្វឹករបស់ក្រុមណាហ្គាវើល បាននិយាយថា៖«ការវះកាត់របួសដាច់សរសៃកែងជើងរបស់ គួច សុកុម្ភៈ អាចនឹងចំណាយពេលយ៉ាងហោចណាស់៣ទៅ៤ខែ អ៊ីចឹងគឺគាត់អាចអវត្តមានមួយរដូវកាលពេញដូច ឃីម បូរី ដែរ ព្រោះ ឃីម បូរី បានបាក់ឆ្អឹងដងកាំបិតខាងស្តាំក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃបុណ្យចូលឆ្នាំ»។

លោកបានបញ្ជាក់ពីអារម្មណ៍របស់ខ្លួនថា៖ «ខ្ញុំពិតជាមានការសោកស្តាយខ្លាំងបំផុតចំពោះបញ្ហារបួសនេះ ព្រោះពួកគាត់សុទ្ធតែជាកីឡាករក្នុងដួងចិត្តរបស់ខ្ញុំ ហើយការបាត់បង់អ្នកទាំង២ វាអាចនឹងធ្វើឲ្យក្រុមណាហ្គាវើល មានការប្រឈមកាន់តែខ្លាំង ប៉ុន្តែក្នុងនាមជាគ្រូបង្វឹក ខ្ញុំនឹងព្យាយាមដាក់កីឡាករជម្រើសទី២ជំនួសទីតាំងរបស់ពួកគេ ហេតុនេះខ្ញុំជូនពរពួកគាត់ទាំង២ឲ្យបានឆាប់ជាសេះស្បើយ ដើម្បីចូលរួមជួយក្រុមវិញ នៅរដូវកាលក្រោយៗទៀត»។

គួរបញ្ជាក់ថា ខ្សែបម្រើប្រយុទ្ធ គួច សុកុម្ភៈ បានរងរបួសសរសៃកែងជើងខាងឆ្វេង នៅពេលរូបគេបានប៉ះជាមួយអ្នកចាំទីរបស់ក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា កាលពីយប់ថ្ងៃសៅរ៍ ហើយរូបគេបានធ្វើដំណើរទៅព្យាបាលរបួសនៅប្រទេសវៀតណាម កាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីគ្រូពេទ្យនៅស្រុកខ្មែរ បានពិនិត្យឃើញថា សរសៃកែងជើងខាងឆ្វេងរបស់ សុកុម្ភៈ បានដាច់ និងត្រូវវះកាត់នោះ។ យ៉ាងណាក៏ដោយ ណាហ្គាវើល បានទទួលរ៉ាប់រងការចំណាយគ្រប់បែបយ៉ាងរបស់ គួច សុកុម្ភៈ។

ដោយឡែក សម្រាប់ការប្រកួតកាលពីល្ងាច និងយប់ថ្ងៃអាទិត្យ ម្សិលមិញ ក្រុមប៉ូលិស វេស្ទើន និងក្រុមអាស៊ីអឺរ៉ុប នៅតែរកមិនទាន់ឃើញការឈ្នះរបស់ខ្លួនដដែល ព្រោះនៅក្នុងការប្រកួតវិលជុំលើកទី៦នេះ ក្រុមប៉ូលិស បានចាញ់ក្រុមខេមបូឌានថាយហ្គឺរ ២-១ ហើយក្រុមអាស៊ីអឺរ៉ុប បានវាយបកតាមស្មើក្រុមវេស្ទើន ក្នុងលទ្ធផល ៣-៣៕

ចំណាត់ថ្នាក់ជាបណ្តោះអាសន្ននៃក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៦
Capture