មនុស្ស​33​នាក់​ស្លាប់​ដោយសារ​ស្ករ​គ្រាប់​មាន​ជាតិពុល​នៅ​ប៉ា​គី​ស្ថាន

ប៉ូលិស​រាយការណ៍​កាលពី​ថ្ងៃ​ទី​១ ឧសភា​ថា មនុស្ស​៣៣​នាក់ ក្នុង​នោះ​មាន​កុមារ​៥​នាក់ ស្លាប់​នៅ​ប៉ា​គី​ស្ថាន​ក្រោយ​ពី​ពួក​គេ​បរិភោគ​ស្ករ​គ្រាប់​ដែល​មាន​លាយថ្នាំ​ពុល​មក ។

ស្ករ​គ្រាប់​ទាំងនេះ​ត្រូវ​បាន​ទិញ​កាលពី​ថ្ងៃ​ទី​១៧ មេ​សា ពី​ហាង​ទំនិញ​មួយ​នៃ​ខេត្ត PUNJAB ភាគ​ខាងកើត​ប្រទេស ដោយ​បុរស​ម្នាក់​ដែល​ចង់​យក​ទៅ​ចែក​ដល់​បណ្តា​មិត្តភក្តិ ព្រមទាំង​សាច់ញាតិ​គ្រួសារ ក្នុង​ឱកាស​អបអរសាទរ​ដល់​ការ​ផ្តល់​កំណើត​ចៅប្រុស​ម្នាក់​របស់​គាត់ ។ ពិធី​អបអរសាទរ​នេះ​ត្រូវ​បញ្ចប់​ភ្លាម​ៗ​នា​ថ្ងៃ​នោះ ពេល​មនុស្ស​១០​នាក់​ស្លាប់​ក្រោយ​បរិភោគ​ស្ករ​គ្រាប់​ទាំងនេះ ។

ប្រមុខ​ប៉ូលិស​មូលដ្ឋាន លោក MUHAMMAD ALI ZIA ថ្លែងប្រាប់ AFP ថា ពេល​នេះ​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៣៣​នាក់ ហើយ​មនុស្ស​១៣​នាក់​ស្ថិត​ក្នុង​មន្ទីរពេទ្យ​នៅឡើយ ។

អ្នកស៊ើប​អង្កេត​ម្នាក់​និយាយ​ថា ពាណិជ្ជករ​២​នាក់ និង​ន​យោ​ជិត​ម្នាក់​នៃ​ហាង​ទំនិញ​លក់​ស្ករ​គ្រាប់​មាន​ជាតិពុល​ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​សោកនាដកម្ម​នេះ រួច​នឹង​បញ្ជូន​ទៅ​តុលាការ​នា​ថ្ងៃ​ទី​២ ឧសភា ។

ប៉ូលិស​រក​ឃើញ​ថ្នាំពុល​សម្លាប់​សត្វល្អិត​ក្នុង​ស្ករ​គ្រាប់​ដែល​មនុស្ស​៥២​នាក់​បាន​បរិភោគ ។

កូនង៉ែត​ដែល​ទើប​កើត ហើយ​គេ​ប្រារព្ធ​ពិធី​អបអរ​ត្រូវ​បាត់បង់​ឪពុក​របស់​គេ មា​របស់​គេ​៦​នាក់ និង​មីង​ម្នាក់ ៕