ក្រុមម្ចាស់ពាន ឈរកំពូលតារាងពូលA ខណៈ EDC ស្គាល់បរាជ័យលើកដំបូង

ភ្នំពេញ៖ ឈានដល់សប្ដាហ៍ទី៥ នៃការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Khmer Real Estate-Cup លើកទី៥ ក្រុម Khmer United ដែលជាក្រុមម្ចាស់ពាន បានឡើងឈរកំពូលតារាងពូលA បណ្ដោះអាសន្ដហើយ ក្រោយបន្ដជ័យជម្នះលើក្រុមបក្សីស ក្នុងលទ្ធផល ៩-០ ខណៈពូលB ក្រុមឈរកំពូលតារាង EDC បានស្គាល់បរាជ័យលើកដំបូង ក្រោមថ្វីជើងក្រុម V.K United ដោយលទ្ធផល ១-០ ។
លទ្ធផលការប្រកួតពានរង្វាន់ពាក់កណ្ដាលអាជីពខាងលើ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុម Khmer United គឺជាក្រុមទម្លុះសំណាញ់គូប្រកួតច្រើនជាងគេ ដោយរកបាន ៩គ្រាប់ក្នុងជ័យជម្នះលើក្រុមបក្សីស ហើយនេះក៏ជាជ័យជម្នះទី៥ ក្នុងចំណោម ៥ប្រកួតរបស់ខ្លួន ដើម្បីឡើងឈរកំពូលតារាងពូលA ដោយមាន ១៥ពិន្ទុពេញផងដែរ ។
រីឯក្រុម YFC និងក្រុម Good Hill ដែលជាគូប្រជែងដ៏សំខាន់របស់ក្រុម Khmer United បានប្រកួតស្មើគ្នា ០-០ នាំឲ្យក្រុមទាំងពីរមាន ១៣ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់ ៥ប្រកួត ឈ្នះ៤ និងស្មើ១ ដើម្បីឈរលេងរៀងទី២ និងទី៣ ក្នុងតារាងពូលA គ្រាដែលក្រុម RFL រក្សាចំណាត់ថ្នាក់លេខ៤ដដែល ក្រោយឈ្នះក្រុមពួកម៉ាក់ United ដោយលទ្ធផល ៣-២ ។  ចំណែកលទ្ធផល ៣ប្រកួតទៀត គឺក្រុមនិស្ស័យ យកឈ្នះក្រុម Blur Dragon ៧-២, ក្រុម Media យកឈ្នះក្រុម DG ៣-០ និងក្រុម V.Train យកឈ្នះក្រុម HHK ៦-៣ ។
ដោយឡែកពូលBវិញ គឺក្រុមមិនដែលចាញ់ EDC បានស្គាល់បរាជ័យហើយ ក្រោយថ្វីជើងក្រុម V.K United ដោយលទ្ធផល ១-០ ប៉ុន្ដែការបរាជ័យនេះ មិនធ្វើឲ្យក្រុម EDC ធ្លាក់ពីកំពូលតារានោះទេ ព្រោះក្រុមនេះមានពិន្ទុខ្ពស់ជាងគេ ក្រោយឆ្លងកាត់ ៥ប្រកួត ឈ្នះ៤ និងចាញ់១ មាន ១២ពិន្ទុ ខណៈក្រុម V.K United ទើបរកបាន ១០ពិន្ទុ ។
ចំណែកក្រុមរុក្ខាកីឡា, Anvaya និងក្រុមអាកាសចរណ៍ស៊ីវិល ក៏មាន ១០ពិន្ទុដែរ បន្ទាប់ពីទទួលបានជ័យជម្នះលើគូប្រកួតរបស់ខ្លួន កាលពីចុងសប្ដាហ៍កន្លងទៅ ។ ចំពោះក្រុមរុក្ខាកីឡា និងក្រុមអាកាសចរណ៍ស៊ីវិល គឺបានយកឈ្នះក្រុមព្រៃសាលា និងក្រុម Black Eagle ដោយលទ្ធផល ៤-១ ដូចគ្នា ខណៈក្រុម Anvaya យកឈ្នះក្រុម CMU ៣-០ ។ រីឯលទ្ធផល ២ប្រកួតទៀត គឺក្រុមកូនខ្មែរ យកឈ្នះក្រុម Ford ៣-០ និងក្រុមស្ថាបនា យកឈ្នះក្រុមបាសាក់ ៤-១ ។
គួរបញ្ជាក់ដែរថា ឈានមកដល់សប្ដាហ៍ទី៥នេះ មាន ២ក្រុម បានប្រកាសដកខ្លួន ឈបបន្ដការប្រកួតក្នុងចំណោម ២៤ក្រុម គឺមានក្រុម DN Youth និងក្រុមខ្លាស ។ សម្រាប់ក្រុម DN Youth គឺស្ថិតក្នុងពូលA បានឆ្លងកាត់ ៤ប្រកួតមកហើយ ប៉ុន្ដែដោយសារកីឡាករក្រុមនេះ មិនអាចទ្រាំនឹងអាកាសធាតុក្ដៅបាន ក៏សុំគណៈកម្មការឈប់បន្ដការប្រកួតតែម្ដង ។
ដោយឡែកក្រុមខ្លាស គឺស្ថិតក្នុងពូលB ដែលក្រុមនេះក៏ឆ្លងកាត់ ៤ប្រកួតមកហើយ ប៉ុន្ដែដោយសារកីឡាករក្រុមនេះ មានបេសកកម្មមិនអាចជួយក្រុមបាន ក្រុមនេះក៏សុំឈប់មិនបន្ដការប្រកួតដែរ ។ អាស្រ័យហេតុនេះ គណៈកម្មការ ដែលមានលោក ឯក សុវណ្ណដា ជាអ្នកសម្របសម្រួលក៏សម្រេចជ្រើសរើសក្រុមថ្មីមកបំពេញ ក្នុងនោះក្រុម DG ជំនួសកៅអីក្រុម DN Youth និងក្រុម CMU ជំនួសតំណែងក្រុមខ្លាស តែក្រុមទាំងពីរ គ្រាន់តែចូលរួមក្នុងនាមមិត្តភាពប៉ុណ្ណោះ ដូច្នេះរាល់ក្រុមណា ជួបក្រុមទាំងពីរ ទាំងបីឈ្នះ ឬចាញ់គណៈកម្មការនឹងសម្រេចឲ្យឈ្នះ ៣-០ ដោយស្វ័យប្រវត្តិតែម្ដង ៕

ក្រុមម្ចាស់ពាន ឈរកំពូលតារាងពូលA ខណៈ EDC ស្គាល់បរាជ័យលើកដំបូង

ក្រុមម្ចាស់ពាន ឈរកំពូលតារាងពូលA ខណៈ EDC ស្គាល់បរាជ័យលើកដំបូង