មន្ទីរពេទ្យ​ឯកជន​ដ៏​ធំ​មួយ​ គ្រោង​បើក​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​នៅ​ថ្ងៃ​ទី​២០​ឧសភា​​

មន្ទីរពេទ្យ​ឯកជន​ដ៏​ធំ​មួយ​ គ្រោង​បើក​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​នៅ​ថ្ងៃ​ទី​២០​ឧសភា​​



ភ្នំពេញ ៖ មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ គ្រោង​នឹង​បើក​ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះ​ដូង​ នៅ​ថ្ងៃ​ទី​២០​ ខែ​ឧសភា ​ឆ្នាំ​២០១៦​នេះ​ហើយ​ ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មាន​ជំងឺ​បេះដូង។

មានន័យ​ថា ចាប់ពី​ចុងខែ​នេះ​ទៅ អ្នកជំងឺ​បេះដូង​កម្ពុជា ​នឹង​មិន​ចាំបាច់​ចេញទៅ​ព្យា បាល​ជំងឺ​នៅ​ប្រទេស​ថៃ​ ឬ​បរទេស​ទៀត​ទេ​ ដោយសារ​តែ​មាន​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ ដែល​មាន​បំពាក់​ដោយ​ឧបករណ៍​ទំនើប​ៗ​ និង​អ្នកឯកទេស​ផ្នែក​ជំងឺ​បេះដូង​មាន​បទពិសោធន៍​ខ្ពស់។

លោក​វេជ្ជបណ្ឌិត សំអាត​វង់ ​ឃុំ​ថង​(samarch Wong khomthong) អគ្គនាយក​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​បាន​មានប្រសាសន៍​នៅ​ក្នុង​សិក្ខាសាលា​លំដាប់​ពិភពលោក ​ដើម្បី​បង្ហាញ​ស្ដីពី​ជំងឺ​បេះដូង​នៅ​សណ្ឋាគារ​ភ្នំពេញ ​កាលពី​រសៀល​ថ្ងៃ​ទី​៣០​មេសា​ថា ​ការ​ធ្វើ​បទ​បង្ហាញ​នេះ​រៀបចំឡើង​ដោយ​មន្ទីរពេទ្យ​បាងកក​ សហការ​ជាមួយ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​។​ ដោយមាន​វាគ្មិន​២​រូប​មកពី​មន្ទីរពេទ្យ​បាងកក ប្រទេស​ថៃ ដែល​ទី​១​មានឈ្មោះ​វេជ្ជបណ្ឌិត​ រ៉ា​ពី​ន​គុប​គ្រិ​យ៉ា​ ប្រធាន​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​ នៃ​មន្ទីរពេទ្យ​បាងកក​ និង​លោក​VITOON PITIGUAGOOL​ នាយរង​ផ្នែក​វះកាត់​ជំងឺ​បេះដូង មក​ធ្វើ​បទ​បង្ហាញ​ដល់​ប្រជាជន​កម្ពុជា​បាន​យល់ដឹង​ពី​របៀប​ការពារ​ និង​ព្យាបាល​ដ៏​ត្រឹមត្រូវ​នៃ​ជំងឺ​បេះដូង។
លោក​បាន​បន្ត​ថា​ មន្ទីរពេទ្យ​បាងកក​ ជា​មន្ទីរពេទ្យ​មួយ​ដ៏​ល្បី​នៅ​ប្រទេស​ថៃ​ ហើយ​មាន​អ្នក​ឯកទេស​ជំងឺ​បេះដូង​ចំនួន​៨​នាក់​ ក្នុង​នោះ​មាន​ផ្នែក​បេះដូង​ និង​វះកាត់​បេះដូង​។ ​រីឯ​មន្ទីរពេទ្យ​រ៉ូយ៉ាល​ភ្នំពេញ​ ជា​បណ្ដាញ​របស់​មន្ទីរពេទ្យ​បាងកក​។​ សព្វថ្ងៃ​ មន្ទីរពេទ្យ​រ៉ូយ៉ាល​ភ្នំពេញ​ បាន​ធ្វើការ​យ៉ាង​ជិតដិត​ជាមួយ​ផ្នែក​បេះដូង ​នៃ​មន្ទីរពេទ្យ​បាងកក​ និង​ពេទ្យ​ផ្សេងៗ​ទៀត​នៅ​ប្រទេស​ថៃ។

លោក​បាន​រំលឹក​ថា​ មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​បាន​ចាប់​បើក​ដំណើរការ​នៅ​ខែ​តុលា ​ឆ្នាំ​២០១៤​។​ ទោះបីជា​មន្ទីរពេទ្យ​នេះ​ទើបតែ​បើក​បាន​ជាង​១​ឆ្នាំ​ក្តី​ ក៏​យើង​បាន​បំពាក់​នូវ​សម្ភារៈ​គ្រប់គ្រាន់ ​និង​វេជ្ជបណ្ឌិត​ថៃ​ចំនួន​១៣​នាក់ ​និង​វេជ្ជបណ្ឌិត​មកពី​អាមេរិក អឺរ៉ុប ​និង​បណ្ដា​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត។

លោក​វេជ្ជបណ្ឌិត ​សំអាត​វង់ ​ឃុំ​ថង ​បាន​បញ្ជាក់​ថា ​«​យើង​ត្រៀម​បើក​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​នៅ​ខែក្រោយ​ នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាលភ្នំពេញ​។​ នៅពេលដែល​មជ្ឈមណ្ឌល​នេះ​បង្កើត​ឡើង​នោះ​ អ្នកជំងឺ​បេះដូង​កម្ពុជា ​ដែល​តែងតែ​ចេញទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាងកក​ប្រទេស ​ឬ​បរទេស​មិនចាំបាច់​ទៅ​ព្យាបាល​ទៀត​ទេ ព្រោះថា​ មជ្ឈមណ្ឌល​នេះ​មាន​បំពាក់​ដោយ​ឧបករណ៍​ទំនើបៗ​ និង​មាន​គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​បេះដូង​ល្បីៗ​មកពី​ប្រទេស​ប្រចាំ​នៅ​មន្ទីរពេទ្យ​នេះ​តែម្ដង​»​។​

បើ​តាម​មន្ត្រី​ នៃ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង​យើង​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ក្នុង​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២០​ឧសភា ​និង​ចាប់ផ្ដើម​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​៣១ ខែ​​ឧសភា ​ឆ្នាំ​២០១៦​ខាងមុខ​។​

ក្នុង​នោះ យើង​មាន​បំពាក់​ម៉ាស៊ីន​ខេ​ប​លែ​ប​សម្រាប់​ដាក់​ថ្ម​បេះដូង ​និង​ពង្រីក​សរសៃ​ឈាម​បេះដូង ​និង​មាន​ពិនិត្យ​ការ​ចង្វាក់បេះដូង​ផង​ដែរ​។​

មន្ត្រី​ដដែល​នោះ​បាន​បន្ត​ថា​ ចំពោះ​តម្លៃ ​នៃ​ការពិនិត្យ​ព្យាបាល​វិញ ​គឺ​យើង​កំណត់​ទៅតាម​មន្ទីរពេទ្យ​ឯកជន​ក្នុងស្រុក​ ដោយ​តម្លៃ​អាច​លើស​មន្ទីរពេទ្យ​ឯកជន​ក្នុងស្រុក​ប្រមាណ​១៥​ភាគរយ​។​

ជំងឺ​បេះដូង ​ជា​ជំងឺ​មួយ​ដែល​មាន​ការ​លំបាក​ក្នុង​ការ​ការពារ​ និង​ព្យាបាល​ដោយសារ​ជំងឺ​នេះ​មិន​អាច​ដឹង​ពី​រោគសញ្ញា​ច្បាស់លាស់​ទេ​។​ មានន័យថា​ ជំងឺ​បេះដូង ​ជា​ឃាតក​សំងាត់​។​

ដូចនេះ​ ការ​ការពារ​ជំងឺ​បេះដូង ​ជា​រឿង​សំខាន់​ ដោយ​អ្នកជំងឺ​ត្រូវតែ​មក​ពិនិត្យ​សុខភាព​ពាក់ព័ន្ធ​នឹង​បេះដូង​នេះ​ឲ្យ​បាន​ទៀងទាត់​៕