រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី​ ដឹក​ទឹក​ទៅដល់​ភូមិ​ដាច់ស្រយាល​ ក្នុង​ខេត្តកំពត​

រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី​ ដឹក​ទឹក​ទៅដល់​ភូមិ​ដាច់ស្រយាល​ ក្នុង​ខេត្តកំពត​



កំពត​ ៖ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី លីមីត​ធី​ត បាន​ដឹក​ទឹក​ទៅ​ចែក​ជូន​ប្រជាពល​រដ្ឋ​ ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​ខ្លាំង ​ដល់​ភូមិ​ដាច់ស្រយាល ក្នុង​ខេត្តកំពត​កាលពី​ថ្ងៃ​សុក្រ ទី​២៩ ខែមេសា កន្លង​ទៅ​នេះ ។ តំបន់​ដាច់ស្រយាល ដែល​ពុំ​ធ្លាប់​មាន​ឡានទឹក​ទៅដល់​នោះ គឺ​ភូមិ​អូរ​រលួ​ស ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត​។

មេឃុំ​ដំណាក់​កន្ទួត​ លោក​ ស្រី សាន់ ឲ្យ​ដឹង​ថា ក្នុងភូមិ​អូរ​លួស​មាន​ប្រជាជន​២៨១​គ្រួសារ កំពុងតែ​អាស្រ័យ​លើ​ប្រភព​ទឹក​ពី​ត្រពាំង​មួយ ជាមួយនឹង​ប្រជាពលរដ្ឋ​មកពី​ភូមិ​ផ្សេងៗ​ក្នុង​ឃុំ​របស់​លោក និង​ឃុំ​ក្បែរ​ខាង​មួយទៀត​។ លោក ស្រី សាន់ បន្ថែម​ថា​ «​ប្រជាជន​យើងខ្ញុំ​អាច​ដងទឹក​នៅ​ត្រពាំង​នេះ​បា​ន​តិចតួច​មក​ប្រើ ប៉ុន្តែ​សម្រាប់​តែ​គ្រួសារ​ ដែល​មាន​កម្លាំង​ដែរ ព្រោះ​ត្រពាំង​ដែល​ចុះទៅ​ដួស​នោះ​ជ្រៅ និង​នៅ​ឆ្ងាយ​ពី​ភូមិ​។ យ៉ាង​យូរ​ប៉ុន្មាន​ថ្ងៃ​ទៀត ប្រភព​ទឹក​ចុងក្រោយ​នេះ​ក៏​នឹង​រីង​ដែរ បើ​គ្មាន​ភ្លៀង​។ ហើយ​នៅ​ឃុំ​យើង​គ្មាន​រថយន្ត​ដឹក​ទឹក​ណា​ចូល​មក​លក់​នោះ​ទេ​។ ខ្ញុំ​សប្បាយចិត្ត ដែល​មាន​ក្រុមហ៊ុន​ឯកជន​ដឹក​ទឹក​មក​ចែក​ជូន​ដល់​ប្រជាជន​យើង បើ​ទោះ​បី​ផ្លូវ​ទៅកាន់​ភូមិ​អូរ​រលួស​នេះ​មាន​កា​រ​លំបាក កម្រ​មាន​រថយន្ត​ចូល​មកដល់​ក៏ដោយ​»​។

លោកយាយ ញាន បូរ អ្នកភូមិ​អូរ​រលួស​និយាយ​ថា រាល់​ឆ្នាំ​នៅ​ភូមិ​របស់​លោកយាយ​មិនដែល​ខ្វះ​ទឹក​ដូច​ឆ្នាំនេះ​នោះ​ទេ​។ រាល់ថ្ងៃ លោកយាយ​បាន​ចៅៗ​ជួយ​ដឹក​ទឹក​យក​មក​ឲ្យ​ប្រើ​។ លោកយាយ​សប្បា​យ​ចិត្ត ក្រោយពី​បាន​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី ដឹក​ទឹក​មក​ចែក​ជូន​បែបនេះ​។ នាយក​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុ​ម​ហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី លោក​បណ្ឌិត អ៊ឹម​សុធា​រិ​ទ្ធ ថ្លែង​ថា​ «​នៅ​ថ្ងៃ​នេះ រថយន្ត​ពន្លត់អគ្គីភ័យ​របស់​យើង​បាន​ចូល​ទៅដល់​ភូមិ​ដាច់ស្រយាល​មួយ​។ ពេល​យើង​ទៅដល់ យើង​សង្កេត​ឃើញ​ថា ស្រះ​ទឹក និង​អណ្ដូ​ង​ជាច្រើន​ត្រូវ​រីង​ខះ​អស់​។ ពេល​រថយន្ត​យើង​ទៅដល់ ប្រជាពលរដ្ឋ​ជាច្រើន​បាន​កាន់​ធុង​ទឹក និង​ប៊ី​ដុ​ង​រង់ចាំ​យើង​ជាស្រេច​។

នេះ​ស​បញ្ជាក់​ថា ​គាត់​ត្រូវការ​ទឹកជា​ចាំបាច់​មែន​។ ថ្វី​ត្បិត​ទឹក​ដែល​យើង​ចែក​ជូន​មិនអាច​ឲ្យ​គាត់​ប្រើ​ប្រាស់​បាន​ច្រើន​ថ្ងៃ​ក្ដី ប៉ុន្តែ​យ៉ាងហោចណាស់​ជួយ​សម្រាល​បន្ទុក​របស់​គាត់​ក្នុង​ការ​ទៅ​ដងទឹក​នៅ​ទី​ឆ្ងាយ​បាន​ខ្លះ​ដែរ​»​។ ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី ដែល​ផលិត​ស្រា​បៀរ​កម្ពុជា នៅ​កំពុង​តែ​បន្ត​ដឹក​ទឹក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​ដាច់ស្រយាល​ក្នុង​ខេត្ត​ផ្សេងៗ​ទៀត​៕

រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី​ ដឹក​ទឹក​ទៅដល់​ភូមិ​ដាច់ស្រយាល​ ក្នុង​ខេត្តកំពត​