អង្គការ​យុវជន AIESEC បើក​«​វេទិកា​ឥទ្ធិពល​យុវជន​»​ ជា​លើកដំបូង​នៅ​កម្ពុជា​

អង្គការ​យុវជន AIESEC បើក​«​វេទិកា​ឥទ្ធិពល​យុវជន​»​ ជា​លើកដំបូង​នៅ​កម្ពុជា​



ភ្នំពេញ ៖ អង្គការ​យុវជន AIESEC ​បាន​បើក ​«​វេទិកា​ឥទ្ធិពល​យុវជន​» ​ជា​លើកដំបូង​នៅ​កម្ពុជា​ ដើម្បី​ផ្តល់​នូវ​ចំណេះដឹង​ និង​បទពិសោធន៍​នានា​ដល់​យុវជន​យើង ​ដែល​ត្រូវ​បាន​សង្គម​ចាត់ទុកជា​កាតា​លីករ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​នោះ។

«​វេទិកា​ឥទ្ធិពល​យុវជន​»​នេះ​ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី​០១​ ខែ​ឧសភា ​ឆ្នាំ​២០១៦​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(សាលា​តិច​ណូ​)​ ក្រោម​អធិបតីភាព​លោក នូស​ ស្លេះ​ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដោយមាន​យុវជន​ចូលរួម​ប្រមាណ​ជិត​១.០០០​នាក់។​

កញ្ញា ប៉ែន សី​ហ្សា​ណា ប្រធាន​អង្គការ​យុវជន AIESEC បាន​ចាត់​ទុក​យុវជន​ពិតជា​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​សម្រេច​ជា​លទ្ធផល​ក្នុង​សង្គម។ ដោយសារ​វត្តមាន​របស់​យុវជន​គេ​ជឿ​ថា​វា​មាន​ឥទ្ធិពល​ក្នុង​ការ​ជំរុញ​ឲ្យ​សង្គម​មានការ​អភិវឌ្ឍ​ឆាប់រហ័ស។

កញ្ញា​បាន​លើក​ឡើង​នូវ​កត្តា​៣​យ៉ាង​ដែល​យុវជន​គួរ​ត្រៀមលក្ខណៈ​សម្បត្តិ​ក្នុង​ការ​ក្លាយ​ជា​យុវជន​មាន​ឥទ្ធិពល​សម្រាប់​សង្គម ដែល​ក្នុង​នោះ​រួមមាន ចំណេះដឹង ឥរិយាបថ​ល្អ និង​ភាពជា​អ្នក​ដឹកនាំ។

កញ្ញា​បាន​ពន្យល់​ឲ្យ​ដឹង​ទៀត​ថា យុវជន​ដែល​មាន​ឥទ្ធិពល​ចាំបាច់​ត្រូវ​មាន​ចំណេះដឹង​មិន​អាច​ខ្វះ​បាន​។ យុវជន​អាច​ទទួល​បាន​តាមរយៈ​ការសិក្សា​រៀន​សូត្រ ឬ​អាន​ព័ត៌មាន​ផ្សេងៗ​ ដើម្បី​បាន​ចំណេះ​កាន់តែ​ទូលាយ។ ទន្ទឹម​នឹង​នេះ ចំណេះ​តែមួយ​មុខ​មិនទាន់​គ្រប់គ្រាន់​ទេ គឺ​ត្រូវ​មាន​ឥរិយាបថ​ល្អ ចេះដឹង​ខុសត្រូវ​ស្រប​កាលៈទេសៈ​ផង​ដែរ​។ ប្រការ​សំខាន់​មួយទៀត គឺ​ភាពជា​អ្នកដឹកនាំ​ព្រោះ​ជា​នឹង​ជួយ​ឲ្យ​យុវជន​កាន់​តែ​មាន​ឥទ្ធិពល​ក្នុង​ការ​សម្រេចចិត្ត​ជា​លទ្ធផល​ នៃ​ការចូលរួម​ក្នុង​សង្គម។​

កញ្ញា​បាន​បញ្ជាក់​ថា ​ក្រៅ​ពី​នេះ យុវជន​ត្រូវ​ចេះ​ភ្ជាប់​ខ្លួនឯង​ទៅ​នឹង​ការ​អភិវឌ្ឍ​ដែល​មាន​ស្ថិរភាព រៀន​គិត​ពី​ទស្សនវិស័យ​អ្នកជំនួញ ប្រើប្រាស់​បច្ចេកវិទ្យា​ ដើម្បី​ជំនួយ​ទៅកាន់​ការអប់រំ និង​ជំនួញ​នៅ​ក្នុង​សង្គម ប្រើប្រាស់​ចំណេះដឹង​ទៅជា​សកម្មភាព៕