ខ្យល់​កន្ត្រា​ក់បំ​ប៉ើង​រោងការ​ខ្ទេច​នៅ​ប៉ៃលិន

ខ្យល់​កន្ត្រា​ក់បំ​ប៉ើង​រោងការ​ខ្ទេច​នៅ​ប៉ៃលិន



ខេត្ត​ប៉ៃលិន ៖ នៅ​វេលា​រសៀល​ថ្ងៃ​ទី​៣០ មេ​សា រោងការ​មួយ​ដែល​កំពុង​ទទួលភ្ញៀវ​ចូល​ទទួលទាន​អាហារ ស្រាប់តែ​ខ្យល់​កន្ត្រាក់​បោកបក់​ឆក់​ផ្ដួលរំលំ​រោង​ទាំងមូល ធ្វើ​ឱ្យ​អ្នកចូលរួម​រត់​ចេញ​អស់ រហូត​ដល់​ពេល​រាំងភ្លៀង​បាន​រៀប​ចំ​ហូប​ចុក​កណ្ដាលវាល​ជា​ធម្មតា​ឡើង​វិញ ។ នេះ​ជា​បាតុភូត​ធម្មជាតិ​គួរ​ឱ្យ​ភ័យ​ខ្លាច និង​បង្ក​នូវ​មហន្តរាយ​ជា​ទូទៅ ។

បន្ទាប់​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង រាំង​ស្ងួត​ហួតហែង​អស់​រយៈពេល​ជា​យូរថ្ងៃ​កន្លង​មក ធ្វើ​ឱ្យ​ទឹក​ក្នុង​ត្រពាំង បឹងបួ រីង​ខះ​អស់ ។ រីឯ​ដើមឈើ​នៅ​តាម​វាល​ក្លាយទៅជា​ក្រៀម​ស្វិត​ស្រពោន ហើយ​អាជ្ញាធរ​ខេត្ត​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា ក៏​បាន​ស្វះស្វែង​នាំ​យក​រថយន្ត​ជា​ច្រើន​គ្រឿង​ដឹក​ទឹកបរិសុទ្ធ​និង​ទឹក​ប្រើប្រាស់​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ឃុំ​នានា​ក្នុង​ខេត្ត ។

លុះ​មក​ដល់​រសៀល​ថ្ងៃ​ទី​៣០ ខែមេសា ដដែល​មេឃ​បាន​បង្អុរ​ភ្លៀង​១​មេ​យ៉ាង​ធំ​គ្របដណ្តប់​ទូ​ទាំង​ក្រុងប៉ៃលិន ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​អបអរសាទរ ព្រោះ​ទទួល​បាន​ទឹក​ប្រើប្រាស់​ឡើង​វិញ ។ ចំណែក​រោងការ​មួយ​កន្លែង ដែល​កំពុង​រៀបចំ​ចាំ​ទទួល​ភ្លៀវ​ចូលរួម​ពិសារ​ភោជនាហារ​នៅ​ពេល​ល្ងាច​ក៏​ត្រូវ​ខ្យល់​បក់​បោក​ប៉ើង ខ្ទេចខ្ទី​អស់រលីង​តែ​ម្តង ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា តាំងពី​ច្រើន​ថ្ងៃ​កន្លង​មករ​ហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​ដឹកនាំ​ដោយ​លោក​ជំទាវ បាន ស្រី​មុំ និង​លោក កើត សុធា អភិបាលខេត្ត អមដំណើរ​ដោយ​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ បាន​យក​រថយន្ត​ជា​ច្រើន​គ្រឿង​ដឹក​ទឹកបរិសុទ្ធ និង​ទឹក​ប្រើប្រាស់​ទៅ​ចែក​ជូន​តាម​ភូមិ​ឃុំ​នានា ។ ជា​ពិសេស បាន​យក​ទៅ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

តាម​ការ​កត់សម្គាល់​ក្រោយ​ពេល​ចែក​ទឹក​រួច ស្រាប់តែ​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​នោះ មេឃ​ក៏​ចាប់ផ្តើម​ខ្មៅ​ងងឹត​ដូច​ព្រះឥន្ទ្រ​ជួយ​ប្រោះព្រំ​ហើយ​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​ក៏​បាន​បង្អុរ​ចុះ​រហូត​ដល់​ល្ងាច​ទើប​រាំង ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកស្រុក​ម្នាក់​ៗ​សប្បាយ​រីករាយ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ។ ចំណែកឯ​ដំណាំ​ដាំ​ដុះ​នៅ​ក្នុង​ចម្ការ​របស់​ពួក​គាត់ ក៏​សង្ឃឹមថា នឹង​បាន​រស់​ឡើង​វិញ បន្ត​លូតលាស់​ទៅ​មុខ​ទៀត ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខ្វះ​ទឹក​ហើយ​អាជ្ញាធរ​ចុះ​ទៅ​ចែក​ជូន​តាម​ផ្ទះ និង​តាម​សាលារៀន​មួយ​ចំនួន​នេះ ធ្វើ​ឱ្យ​អ្នក​ភូមិ​នានា សម្តែង​នូវ​ការ​ត្រេកអរ​យ៉ាង​ខ្លាំង ព្រោះ​រាល់ថ្ងៃ​ពួក​គាត់​ទិញ​ទឹក​ដែល​ឈ្មួញ​ដឹក​លក់​តាម​រថយន្ត​ឡើងថ្លៃ​គួរ​ឱ្យ​កត់សម្គាល់ ដោយ​ក្នុង​១​រថយន្ត​ចំណុះ​២​ទៅ​៣​ម៉ែត្រគូប​គេ​លក់​ថ្លៃ​៣​ម៉ឺន​ទៅ​៣​ម៉ឺន​៥​ពាន់​រៀល​។ ចំណែក​កន្លែង​ខ្លះ​ដែល​នៅ​ឆ្ងាយ គេ​លក់​ថ្លៃ​ពី​៤​ម៉ឺន​ទៅ​៦​ម៉ឺន​រៀល ។ បើ​ទឹកបរិសុទ្ធ​ដប​ធំ​ពី​មុន​ត្រឹមតែ​១​ដប​១​ពាន់​៥​រយ​រៀល តែ​ពេល​អត់​ទឹក​នេះ គេ​លក់​ចាប់ពី​២​ពាន់​ទៅ​៣​ពាន់​រៀល​តាម​ជិត ឬ​ឆ្ងាយ​ដូច​គ្នា​ដែរ ។

ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ជីក​អណ្តូងទឹក​ស្នប់​ដាក់​នៅ​តាម​ភូមិ សម្រាប់​ពួក​គាត់​ងាយស្រួល​ប្រើប្រាស់​រួម​គ្នា​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​នៅ​ពេល​ក្រោយ ។

ចំណែក​អាជ្ញាធរ​ខេត្ត បន្ត​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​រក្សា​អនាម័យ រស់នៅ​ស្អាត ផឹក​ស្អាត ហូប​ស្អាត និង​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ ព្រោះ​អាកាសធាតុ​ក្តៅ​ខ្លាំង​អាច​នាំ​មក​នូវ​ជំងឺ​រោគា​ផ្សេង​ៗ ហើយ​លើស​ពី​នេះ​ទៀត ត្រូវ​តែ​ប្រើប្រាស់​ទឹក​ដោយ​សំចៃ​បំផុត ៕