សត្រូវបងប្អូនឯង៖ ភាពជាសត្រូវនឹងគ្នាដំបូង (វគ្គទី២៥)

...សម្ដេចអាគង់ប្រថាប់នៅ ប្រទេសចិនក្នុងរយៈពេល យូរថែមទៀតតាមតែព្រះអង្គសព្វព្រះទ័យ។ ភាពជាសត្រូវនឹងគ្នាដំបូង៖ បាយមហាលោតផ្លោះរបស់យើង”។ នេះជាពាក្យនិយាយបញ្ឆិតបញ្ឆៀង ចំពោះគម្រោងការដ៏ហួសវិស័យមួយ គឺការប៉ុនប៉ងកសាងលទ្ធិកុម្មុយនីស្តឲ្យបានភ្លាមៗ នៅប្រទេសចិន ដែលបណ្ដាលឲ្យសេដ្ឋកិច្ច ចិនខ្សោះរីងរៃនៅចុងសតវត្សរ៍៥០។ សំផន និង ធីរិទ្ធ សើចញឹមៗរបៀបសមគំនិតគ្នា ហើយសម្ដេច សីហនុ ដែលធ្លាប់ឮអ្នកទាំងពីរអួតថា បានចាប់ផ្តើមអនុវត្តលទ្ធិ កុម្មុយនីស្តដែរនោះ អាចដឹងពីន័យ នៃការញញឹមនេះហើយ។

ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៥ ក្រុងប៉េកាំង បានរៀបចំធ្វើពិធីបុណ្យអបអរម្តងទៀត។ នៅលើទីលានទៀនអានម៉េន គេឃើញទង់ជាតិ គោមធំៗ និងបដាជាច្រើន ដើម្បីថ្លែង អំណរសរសើរនូវអ្វីដែល តេង ស៊ាវពីង ហៅថា “ការជួបជុំគ្នាឡើងវិញប្រកបដោយកិត្តិយស” របស់សម្តេច សីហនុ។ យន្តហោះចិន បានផ្តើមបន្ទាប់ ខ្លួនចុះចតលើអាកាស យានដ្ឋានពោធិចិនតុង។ នេះជាលើកដំបូងហើយ ដែលសម្តេចទតឃើញរាជធានីភ្នំពេញ របស់ព្រះអង្គពីលើយន្តហោះ តាំងពីព្រះ អង្គចាកចេញនៅខែមករា ឆ្នាំ១៩៧០មក។  

បើប្រៀបធៀប នឹងមនុស្សរាប់ពាន់ម៉ឺននាក់ ដែលឈរលើកដៃជាសញ្ញាមិត្តភាព តាមផ្លូវពេលដែលព្រះអង្គយាងចេញដំណើរ ពីទីក្រុងប៉េកាំង នឹងហ្វូងមនុស្ស ដែលឈរ រាយប៉ាយ ចាំទទួលព្រះអង្គតាមផ្លូវ ពីពោធិចិនតុងមកក្រុងភ្នំពេញនោះ គឺអ្នកទាំងនេះសុទ្ធតែមានទឹកមុខស្លេកស្លាំងគួរឲ្យឆ្ងល់។ ព្រះសង្ឃពីរ-បីអង្គ ត្រូវបានអនុញ្ញាត ឲ្យសូត្រជយន្តោថ្វាយព្រះអង្គ បន្ទាប់មកក្បួនរថយន្តមួយ បានអមការពាររថយន្តព្រះអង្គ ធ្វើដំណើរឆ្លងកាត់ទីក្រុងមួយ ដែលមានសភាពស្ងាត់ជ្រងំ។
នេះជាការផ្តល់កិត្តិយស ទៅតាមប្រពៃណីជាលើកចុងក្រោយ ដែលគេធ្វើឲ្យព្រះអង្គទតឃើញក្នុងប្រទេសកម្ពុជារបស់ខ្មែរក្រហម។ សម្តេច បានត្រូវធ្វើឲ្យរំជួល ព្រះទ័យរហូត ស្រក់ទឹកព្រះនេត្រ នៅពេលដែលទ្រង់ទតឃើញ ទីក្រុងខ្មោចនេះ ដែលកាលពីដើម ជាទីក្រុងដ៏ស្រស់ត្រកាលបំផុត នៃឥណ្ឌូចិនរបស់បារាំង។ មហាវិថីនានា ដែលអមដោយ ដើមឈើធំៗ សួនច្បារទាំងឡាយ និងកំពូលស្រួចនៃព្រះបរមរាជវាំង វត្តអារាម សុទ្ធតែនៅល្អស្អាតទាំងអស់ ប៉ុន្តែហាក់ដូចជាក្រៀមក្រំរបៀបកាន់ទុក្ខ។
ខ្មែរក្រហម បានបកស្រាយជូនសម្តេចថា “ការជម្លៀសប្រជាជន គឺជាការចាំបាច់ ពីព្រោះទីក្រុងលែងអាចចិញ្ចឹមប្រជាជនរបស់ខ្លួន បានទៀតហើយ ហើយបញ្ហាសន្តិសុខ ក៏មិនអាចដោះស្រាយបានដែរ” ។

ពួកនេះមិនបានទូលព្រះអង្គថា គឺត្រង់នេះឯង ជានយោបាយមហាលោតផ្លោះដំបូងបំផុត ឆ្ពោះទៅកាន់លទ្ធិកុម្មុយនីស្តឡើយ។ ក្នុងការចាកចេញទាំងហ្វូងៗ នៅខែមេសា ឆ្នាំ១៩៧៥ សម្ដេចក្រុមព្រះ មុនីរ៉េត ជាព្រះបិតុលាសម្ដេច សីហនុ ព្រមទាំងព្រះមាតុច្ឆាមួយអង្គ ក្នុងចំណោម ព្រះមាតុច្ឆាជាច្រើនរបស់ព្រះអង្គ បានត្រូវខ្មែរក្រហម បញ្ជូនឲ្យទៅរស់នៅជនបទដូចប្រជាជនដទៃៗទៀតដែរ។ ក្នុងពេលដែលព្រះអង្គ សុំទៅសួរសុខទុក្ខអ្នកទាំងនោះ គេបានជំទាស់ ដោយការបដិសេធយ៉ាងគួរសមមួយថា “មានគេមើលថែទាំង អ្នកទាំងនោះល្អហើយ។ ព្រះអង្គនឹងត្រូវបានអនុញ្ញាត ឲ្យទៅបាន នៅពេលណា ដែលព្រះអង្គវិលត្រឡប់ ពីទីក្រុងញូវយ៉កមកវិញ”។ ព្រះអង្គលែងបានជួបអ្នក ទាំងម្តងទៀតជារៀងរហូត។ ក្នុងយុទ្ធសាស្ត្ររបស់ខ្មែរក្រហម ការស្នាក់អាស្រ័យរបស់សម្តេចសីហនុ ចំនួនបីសប្តាហ៍នៅទីក្រុងភ្នំពេញ បានបំពេញគោលដៅ ដ៏ជាក់លាក់មួយ។

នោះគឺជាការធ្វើឲ្យគេទទួលស្គាល់ តាមផ្លូវការនូវការប្រឌិត ការចូលរួមរបស់ព្រះអង្គ ជាមួយរដ្ឋអំណាចថ្មី មុនពេលព្រះអង្គយាង ទៅទាមទារអាសនៈរបស់កម្ពុជា នៅឯមហា សន្និបាតអង្គការសហប្រជាជាតិ។ សម្តេច និងអ្នកហែហមព្រះអង្គ បានត្រូវយាងឲ្យធ្វើដំណើរទេសចរណ៍ តាមដងទន្លេមេគង្គ ដោយមានរៀបចំ ពិធីជប់លៀងដ៏អធិកអធម ជាកិត្តិយកដល់ព្រះអង្គផង ហើយបានសុំយាងព្រះអង្គ និងរាជបរិពារចូលរួម រាត្រីសមោសរបដិវត្តជាច្រើន ប៉ុន្តែអ្នកទាំងនោះមិនដែលបានជួប អ្នកដែលធ្លាប់រស់នៅទីក្រុង ណាម្នាក់ឡើយ។ អ្វីៗបានរលាយបាត់ដូចជាផ្សែង។

សម្តេច សីហនុ ទ្រង់ជ្រាបយ៉ាងឆាប់រហ័ស នូវអ្វីដែលខ្មែរក្រហម ធ្វើតាមដំបូន្មានរបស់ ជូ អេនឡាយ និងសារសំខាន់ នៃការធ្វើដំណើរដោយសន្សឹមៗ ឆ្ពោះទៅកាន់លទ្ធិ សង្គមនិយម។ សុន សេន អគ្គសេនាធិការកងទ័ព និង ខៀវ សំផន បានទូលប្រាប់ព្រះអង្គថា កម្ពុជានឹងបង្ហាញឲ្យពិភពលោកឃើញថា យើងរៀបចំឲ្យមានសណ្ដាប់ធ្នាប់ តែមួយខ្វាច់ និងយ៉ាងដាច់ស្រឡះ យើងមានលទ្ធភាពអាចឈានទៅដល់លទ្ធិកុម្មុយនីស្ត។  អ្នកទាំងពីរបានទូលឲ្យព្រះអង្គដឹងទៀតថា “ធ្វើដូច្នេះឈ្មោះ របស់កម្ពូជា នឹងត្រូវបានចារឹកដោយអក្សរមាសក្នុងប្រវត្តិសាស្ត្រពិភពលោក ក្នុងឋានៈជាប្រទេសដំបូងគេបំផុត ដែលសម្រេចបានជោគជ័យ ក្នុងការបង្កើតលទ្ធិកុម្មុយនីស្ត ដោយមិន ចាំបាច់ មានដំណាក់កាលផ្សេងៗ ដែលឥតប្រយោជន៍ឡើយ”។ នៅដើមខែតុលា ពេលយាងត្រឡប់មកពីក្រុងប៉េកាំងវិញ សម្តេច សីហនុ បានផ្ដល់ដល់បណ្ដាសមាជិក រាជវង្សានុវង្ស និងអ្នកជិតស្និទ្ធរបស់ព្រះអង្គ នូវសេរីភាពក្នុងការសម្រេចចិត្ត។

រូបព្រះអង្គផ្ទាល់ ក្នុងឋានៈជាអ្នកស្នេហាជាតិ និងជាប្រមុខរដ្ឋសម្តេច នឹងត្រឡប់ទៅកម្ពុជាវិញ បន្ទាប់ពីបានធ្វើជាតំណាងប្រទេស របស់ព្រះអង្គនៅឯ អង្គការសហប្រជាតិ រួចហើយ។ ប៉ុន្តែ សម្រាប់អ្នកឯទៀត ព្រះអង្គបានទុកសេរីភាពឲ្យជ្រើសរើស ទីកន្លែងរស់នៅដោយខ្លួនឯងចុះ។ សហការីរបស់ព្រះអង្គជាច្រើននាក់ ដែលតូចចិត្តយ៉ាងខ្លាំង ដោយសារអ្វីដែលពួកគេទើប នឹងបានសម្គាល់ឃើញថ្មីៗ មិនហ៊ានវិលមកភ្នំពេញវិញទេ ហើយបានចាកចេញឆ្ពោះទៅកាន់ប្រទេសបារាំងតែម្ដង។

សម្តេច សីហនុ ផ្ទាល់ បានយាងត្រឡប់មកប្រទេសវិញ ដោយយាងឆ្លងកាត់តាមទីក្រុងប៉ារីស។ ជនជាតិខ្មែរមួយហ្វូងធំ បានមករង់ចាំទទួលស្វាគមន៍ព្រះអង្គ នៅអាកាស យាន ដ្ឋានស្ហាលដឺហ្គោល។ បន្តិចក្រោយមកភាគច្រើនក្នុងចំណោមជនជាតិខ្មែរទាំងនោះ បានមកជួបជុំគ្នា នៅបរិវេសនដ្ឋាន របស់ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំទីក្រុងប៉ារីស ដើម្បីទទួលព័ត៌មានសំខាន់ៗ ពីព្រះអង្គស្តីពី សកម្មភាពរបស់ប្រទេស ក្រោមរបបពួកខ្មែរក្រហម។ អ្នកទាំងអស់នោះងឿយឆ្ងល់ ពីភាពប្រយ័ត្នប្រយែងរបស់ព្រះ អង្គយ៉ាងខ្លាំង ដែលតាមទម្លាប់ គឺព្រះអង្គមានសភាព....(នៅមានត)

សត្រូវបងប្អូនឯង៖ ភាពជាសត្រូវនឹងគ្នាដំបូង (វគ្គទី២៥)

សត្រូវបងប្អូនឯង៖ ភាពជាសត្រូវនឹងគ្នាដំបូង (វគ្គទី២៥)