ពលរដ្ឋ​៣​ឃុំ​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​អគ្គិសនី​ក្រោលគោ​រំលោភ​កិច្ចសន្យា

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​២៥៨៨​គ្រួសារ មក​ពី​ឃុំ​ចំនួន​៣ គឺ​ឃុំ​ឈើទាល ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង និង​ឃុំ​ប្រ​ធាតុ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បាន​លើកគ្នា​មក​តវ៉ា​នៅ​ខាង​មុខ​ស្នាក់​ការ​ក្រុមហ៊ុន​អគ្គិសនី​ក្រោលគោ ស្ថិត​នៅ​ភូមិ​ក្រោលគោ ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៦ ដើម្បី​តវ៉ា​ទាមទា​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រុក​-​ខេត្ត​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន​អគ្គិសនី​ក្រោលគោ យក​តម្លៃ​ខ្ពស់កប់ពពក មិន​គោរព​តាម​កិច្ចសន្យា «​ថ្ងៃ​ទី​១​មីនា​២០១៦​បញ្ចុះតម្លៃ​អគ្គី​ស​នី​ពី​១០៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង មក​ត្រឹម​តម្លៃ​៨០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​» សូម​ឲ្យ​លោក​អភិបាលខេត្ត​មេត្តា​ជួយ​អន្តរាគមន៍​ឲ្យ​ប្រជាពលរដ្ឋ​បាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​សម​ស្រប​ដូច​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង​ដោយ​អនុគ្រោះ ។

លោក ម៉ែ​ន លន់ មេឃុំ​ក្រោលគោ បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​អគ្គិសនី​ក្រោលគោ ទទួល​បាន​សិទ្ធិ​ម៉ៅ​ការ​ផ្គត់ផ្គង់​អគ្គិសនី ពី​អគ្គិសនី​កម្ពុជា​សាខា​ខេត្តស្វាយរៀង ផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាពលរដ្ឋ​ចំនួន​២៥៨៨​គ្រួសារ ក្នុង​ឃុំ​ចំនួន​៣ គឺ​ឃុំ​ឈើទាល ឃុំ​ក្រោលគោ និង ឃុំ​ប្រ​ធាតុ ចាប់ពី​ឆ្នាំ​២០១១ រហូត​ដល់​ឆ្នាំ​២០១៥ ក៏​មាន​ផ្ទុះ​ទំនាស់​កើតឡើង ហើយ​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៥ ក៏​មានការ​ដោះស្រាយ​ដោយ​មាន​តំណាង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ថ្នាក់​ជាតិ តំណាង​អគ្គិសនី​កម្ពុជា​សាខា​ស្វាយ​រៀង លោក​សុទ្ធ គឹ​ម​ចន្ទ័ អភិបាលស្រុក​ស្វាយ​ជ្រំ ក្រុមប្រឹក្សា​ឃុំ​ក្រោលគោ លោក​មេ​ភូមិ តំណាង​ក្រុមហ៊ុន​អគ្គិសនី​ក្រោលគោ និង​តំណាង​ប្រជាពលរដ្ឋ​ទាំង​៣​ឃុំ​បាន​ចូលរួម ។ លទ្ធផល​ដោះ​ស្រាយ តំណាង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា មិន​អាច​បញ្ចុះតម្លៃ​នៅ​ពេល​នេះ​បាន​ទេ ដោយ​ក្រុមហ៊ុន​អគ្គិសនី​ក្រោលគោ​នៅ​ជាប់​កុងត្រា ហើយ​ត្រូវ​បញ្ចប់​កុងត្រា​នៅ​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៦ ហើយ​បាន​សន្យា​ជូន​ប្រជាពលរដ្ឋ​ថា «​នៅ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៦ នឹង​បញ្ចុះតម្លៃ​អគ្គិសនី​ត្រឹម​៨០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​» ក៏​ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៦ មន្ត្រី​ក្រុមហ៊ុន​អគ្គិសនី​ក្រោលគោ មិន​គោរព​ពាក្យ​សន្យា គឺ​នៅ​យក​តម្លៃ​១០៥០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​ដដែល ទើប​នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​លើកគ្នា​មក​តវា ក៏​ប៉ុន្តែ​តំណាង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​អ្នក​មក​ដោះស្រាយ គឺ​ប្តូរ​ឲ្យ​អ្នក​ថ្មី​មក​ជំនួស ឆ្លើយ​ថា​ពួក​គាត់​អត់​ដឹង អ្នក​មុន​សន្យា​យ៉ាងណា​ទេ សុំ​រាយការណ៍​ជូន​ថ្នាក់លើ​សិន លទ្ធផល​គ្មាន​ដំណោះស្រាយ ហើយ​ក្រុមហ៊ុន​បាន​កោះហៅ​ប្រជាពលរដ្ឋ​ចូល​ទៅ​បង់ប្រាក់​នៅ​ថ្ងៃ​ទី​២ ខែឧសភា ជា​កំហិត បើ​ហួស​កាលកំណត់ ក្រុមហ៊ុន​នឹង​ផ្តាច់​ភ្លើង​បណ្តោះអាសន្ន ។

លោក ម៉ែ​ន លន់ បន្ត​ទៀត​ថា ក្រុមប្រឹក្សា​ឃុំ​បាន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ដោះស្រាយ​សិន និង​ស្នើ​ឲ្យ​លោក​អភិបាលស្រុក​អន្តរាគមន៍​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ក៏​ប៉ុន្តែ​មិន​ទាន់​មាន​ចម្លើយ ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ លោក អ៊ុ​ច ល​ក្ខិ​ណា អគ្គនាយករង​អគ្គិសនី​ក្រោលគោ បាន​ឆ្លើយ​បំភ្លឺ​តាម​ទូរ​សព្ទ័​ថា ក្រុមហ៊ុន​អគ្គិសនី​ក្រោលគោ បាន​ទទួល​សិទ្ធិ​ផ្គត់ផ្គង់​អគ្គិសនី​ពី​អគ្គិសនី​កម្ពុជា​រយៈ​១៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០២៥ ហើយ​បញ្ហា​ប្រជាពលរដ្ឋ​តវ៉ា​ឲ្យ​បញ្ចុះតម្លៃ​នោះ គឺ​ក្រុមហ៊ុន​មិន​អាច​បញ្ចុះតម្លៃ​បាន​ទេ រង់ចាំ​ការ​ដោះស្រាយ និង​ការ​កំណត់​តម្លៃ​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​សិន​ ហើយ​បើ​ប្រជាពលរដ្ឋ​ដែល​មិន​មក​បង់ប្រាក់​តាម​ការ​កំណត់ ក្រុមហ៊ុន​នឹង​អនុវត្ត​ផ្តាច់​ភ្លើង​បណ្តោះអាសន្ន ។ រីឯ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​លើក​បដា​តវ៉ា​ទាមទា​ឲ្យ​បញ្ចុះ​ត​ម្តៃ​ត្រឹម​៨០០​រៀល​តាម​កិច្ចសន្យា ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​តវ៉ា​សុំ​ឲ្យ​បញ្ចុះតម្លៃ​៦៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ដូច​នៅ​ខេត្ត​ស្វាយរៀង ។

ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ «​កោះសន្តិភាព​» មិន​អាច​រក​ការ​បំភ្លឺ​បាន​ទេពី ប្រធាន​អគ្គី​ស​នី​កម្ពុជា​ស្វាយ​រៀង និង​អាជ្ញាធរ​អគ្គិសនីកម្ពុជា ៕