ស្នេហា​ក្លែងក្លាយ

តាំងពី​ចូល​រៀន​បឋមសិក្សា​រហូត​ដល់​វិទ្យាល័យ​ខ្ញុំ​ គឺជា​សិស្ស​រៀន​គួរសម​នឹង​គេ​ដែរ ហើយក៏​សុភាព​គ្រាន់បើ​ផង​តែ​ពិបាក​ត្រង់​មិន​ចេះ​ស្រលាញ់​ស្រី។

 

រហូត​ចូលរៀន​ដល់​សាកលវិទ្យាល័យ​ដំបូង​ក៏​មិនទាន់​ចេះ​មាន​ស្នេហា​ទៀត តែ​កន្លង​ទៅ​បាន​ប្រមាណ​ជាង​មួយ​ខែ​ស្រាប់តែ​លោកគ្រូ​បាន​ចែក​ក្រុម Assignment ដែល​ក្នុង​ក្រុម​យើង​បាន​សរសេរ​លេខ​ទូរស័ព្ទ​ក្នុង​ក្រុម​រួច Copy ចែក​គ្នា។

 

នារី​ម្នាក់​នៅ​ក្នុង​ក្រុម​របស់ខ្ញុំ​ដែល​កាលដើមឡើយ​ខ្ញុំ​មិន​ពេញចិត្ត​ទេ​ដោយសារ សក់​នាង​លាប​ពណ៌​ទង់ដែង ហើយ​មុខ​ស​ ក​ខ្មៅ​ទៀត នាង​ទូរសព្ទ​មក​ខ្ញុំ​នៅ​វេលា​យប់​បន្ទាប់ពី​ថ្ងៃ​នោះ ។ យើង​បាន​និយាយ​ទូរសព្ទ​ជាមួយគ្នា​មួយ​យប់​ទល់​ភ្លឺ ។

 

ដោយសារ​ពេលនោះ​ខ្ញុំ​មិនសូវ​ចេះ​និយាយ​ទូរសព្ទ ហើយ​មិន​ចេះ​និយាយ​ជាមួយ​ស្រី​ទៀត​នោះ ទើប​នាង​ជា​អ្នក​និយាយ​ច្រើនជាង​ខ្ញុំ ។ នាង​បាន​និយាយ​រៀបរាប់​ពី​គ្រួសារ​របស់​នាង និង​រឿងរ៉ាវ​ផ្សេងទៀត​ជាច្រើន។ ត្បិត​នាង​មិន​មែន​ជា​អ្នកក្រ​សម្បត្តិ តែ​សុភមង្គល​គ្រួសារ​នាង​មិន​សូវ​មាន​ឡើយ ។

 

និយាយ​អស់​ជា​ច្រើន​ម៉ោង​ស្រាប់តែ​នាង​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ស្រលាញ់​នាង​ទេ? ដោយ​ជា​លើកដំបូង​ដែល​មាន​គេ​ស្រលាញ់ ហើយ​ដោយ​សេចក្ដី​អាណិត​នាង​ផង​នោះ​ខ្ញុំ​ក៏​និយាយ​ថា«ស្រលាញ់»។ ខ្ញុំ​ក៏​សួរ​សំនួរ​ដូចគ្នា​វិញ​ហើយ​នាង​ក៏​ឆ្លើយ​ថា​ស្រលាញ់​ខ្ញុំ​ដែរ។

 

បន្ទាប់មក​ស្រាប់តែ​នាង​សួរ​ថា ​តើ​ប្រកាន់​នាង​ទេ​បើ​នាង​ធ្លាប់​មាន​សង្សារ​រួចហើយ? ណ្ហើយ​តើ​អាច​ប្រកាន់​បាន​យ៉ាងណា​បើ​ព្រួញ​ស្នេហ៍​បាន​ដោត​ជាប់​ក្នុង​ជម្រៅ​បេះដូង​រួច​ទៅ​ហើយ​នោះ? ​ខ្ញុំ​ក៏​និយាយ​ថា «ទោះជា​អតីតកាល​យ៉ាងណា​ក៏​ខ្ញុំ​មិន​ប្រកាន់​ដែរ» ។

 

តាំងពី​នោះ​មក​ នាង​មាន​កាយវិការ​ហាក់​ស្និទ្ធស្នាល​ជាមួយ​ខ្ញុំ​ជាង​សមាជិក​ក្រុម​ដទៃ​ទៀត ហើយ​ខំ​តុបតែង​ខ្លួន​តាម​អ្វី​ដែល​ខ្ញុំ​ប្រាប់ គឺ​មាន​លក្ខណៈ​សុភាព​ជាង​មុន។ នៅ​ក្នុង​ក្រុម​របស់ខ្ញុំ​មាន​សមាជិក​ក្រុម​ម្នាក់​មាន​ចិត្ត​ស្រលាញ់​នាង​ខ្លាំង​ណាស់ តែ​នាង​មិន​រវល់​នឹង​គាត់​ឡើយ ។

 

ក្នុង​ចិត្ត​របស់ខ្ញុំ​គិត​ថា​ប្រហែលជា​មកពី​នាង​មានតែ​ខ្ញុំ​ម្នាក់​ហើយ​មើល​ទៅ។ ដោយ​ខ្ញុំ​មិន​មែន​ជា​អ្នកមាន​ហើយ​ជា​ក្មេង​វត្ត​ផង​នោះ ខ្ញុំ​មិនដែល​បាន​ដើរលេង​ជាមួយ​នាង​ឡើយ ហើយ​ខ្ញុំ​គិត​ថា​នាង​ក៏​មិន​ចង់​ដើរលេង​ជាមួយ​ខ្ញុំ​ដែរ​ព្រោះ​នាង​រវល់​កិច្ច​ការងារ​ផ្ទះ​របស់​នាង។ តែ​យ៉ាងណា​ក៏​ខ្ញុំ​អាច​ធ្វើ​ជាទី​ប្រឹក្សា​នៅ​ពេល​ដែល​នាង​មានទុក្ខ​កង្វល់​ ដោយ​ខ្ញុំ​មិនដែល​គិត​ពី​ពេលវេលា​ផ្ទាល់ខ្លួន​ឡើយ ។

 

ទាំង​កិច្ចការ​សាលា ឬ​ការ​ពឹង​ពាក់​ផ្សេងទៀត​ក៏​ខ្ញុំ​មិនដែល​រួញរា​ដែរ ដោយ​ប្រឹងប្រែង​អស់​លទ្ធភាព​មិន​គិត​ពី​ការងារ​ផ្ទាល់ខ្លួន​ឡើយ។ ដោយ​ខ្ញុំ​ចេះ​គូរ​គំនូរ និង​តែង​កំណាព្យ​ខ្លះ​ដែរ ខ្ញុំ​តែងតែ​ជូន​នាង​ជា​ញឹកញាប់ ទុកជា​វត្ថុ​អនុស្សាវរីយ៍។
ស្នេហា​ក្លែងក្លាយ

(រូបគំនូរមួយ ដែលរដ្ឋាធ្លាប់គូឱ្យនាង)

 

នា​វេលា​ថ្ងៃមួយ​ដែល​ពេល​នោះ​គឺ​ជិត​ដល់​ថ្ងៃ​ប្រលង​បញ្ចប់​ឆមាស​ផង​នោះ​ខ្ញុំ​បាន​រៀប​ចំ​ឯកសារ​សម្រាប់​​ត្រៀម​ប្រលង ពេល​នោះ​នាង​បាន​ទូរសព្ទ​មក​ខ្ញុំ​ហើយ​សួរ​ខ្ញុំ​តើ​មាន​ឯកសារ​អ្វី​មើល​ទេ ? ហេតុតែ​យើង​បាន​ស្រលាញ់​គេ ​ខ្ញុំ​ក៏​សុខចិត្ត​ប្រគល់​ឯកសារ​នោះ​ទៅ​ឲ្យ​នាង​ដែល​ខ្ញុំ​មិន​ទាន់​បាន​មើល​ឲ្យ​ចាំ​ផង។

 

នាង​បាន​ណាត់​ឲ្យ​ខ្ញុំ​ជួប​នាង​នៅមុខ​សាកលវិទ្យាល័យ ។ ដោយ​ការ​គោរព​ពេលវេលា​ខ្ញុំ​បាន​អង្គុយ​ចាំ​នៅមុខ​សាលា​តាំងពី​កន្លះ​ម៉ោង​មុន។ ប្រមាណ​ជាមួយ​ម៉ោង​ទៅ​ហើយ​នៅតែ​មិន​ឃើញ ស្រាប់តែ​នាង​ទូរសព្ទ​មក​ប្រាប់​ថា​នាង​ជាប់រវល់​ហើយ​នាង​ឲ្យ​បង​ជីដូន​មួយ​របស់​នា​ង​មក​យក​ជំនួស។

 

មួយ​សន្ទុះ​បុរស​ម្នាក់​នោះ​បាន​មក​យក​ឯកសារ​ទៅ ហើយ​នា​វេលា​យប់​នាង​បាន​ទូរស័ព្ទ​មក​អគុណ​ខ្ញុំ ហើយ​នាង​បាន​សួរ​ពាក្យ​មួយ​ថា «តើ​បង​ជីដូន​មួយ​ខ្ញុំ​ស្អាត​អត់?» ខ្ញុំ​ឆ្លើយ​ទាំង​ការ​ងឿង​ឆ្ងល់​ហេតុអី​សួរ​ចឹង​តែ​ខ្ញុំ​ឆ្លើយតប​ថា«ស្អាត​តើ» ។

 

ដោយ​ការសង្ស័យ​ខ្ញុំ​ក៏បាន​ស្វែងរក​ទំនាក់​ទំនង​រវាង​បុរស​ម្នាក់​នោះ​ជាមួយ​នាង ។ ទាំង​ការ​សាកសួរ​មិត្ត​អ្នក​ធ្លាប់​រៀន​ជាមួយ​នាង និង Facebook ខ្ញុំ​ក៏​បាន​ដឹង​ពី​ទំនាក់ទំនង​បុរស​ម្នាក់​នោះ​ជាមួយ​នាង។ ខ្ញុំ​ពិត​ជា​មានការ​ក្ដុកក្ដួល​ក្នុង​អារម្មណ៍​ជា​ខ្លាំង ស្ទើរ​តែ​ទប់ទឹក​ភ្នែក​មិនបាន ព្រោះ​បុរស​ម្នាក់​នោះ​មិន​មែន​ជា​បង​ជីដូន​មួយ​នាង​ទេ តែ​ជា​សង្សារ​របស់​នាង​ដែល​មិនទាន់​បែក​គ្នា​​។

 

តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាងណា បើ​កាលដើមឡើយ​ស្នេហា​ដំបូង​របស់ខ្ញុំ​ជា​សំណល់​ពី​គេ? តែ​ខ្ញុំ​មិន​ប្រកាន់​ឡើយ ហើយ​ទីបំផុត​ការ​ស្រលាញ់​របស់​នា​ង​ជា​ការ​ស្រលាញ់​ក្លែងក្លាយ​ទៀត។ ពេលនេះ​ទោះ​ខ្ញុំ​ចង់​យំ​ក៏​យំ​លែង​ចេញ​ដែរ។

 

គិត​ទៅ​ខ្ញុំ​ខំ​​ប្រឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​គេ តែ​ទីបំផុត​គេ​យក​ស្នេហា ដើម្បី​ប្រើប្រាស់​ខ្ញុំ​សោះ! តែ​ណ្ហើយចុះ​ខ្ញុំ​មានតែ​ខំប្រឹង​ព្យាបាល​របួស​ដួងចិត្ត​ខ្លួនឯង ដែល​មាន​ពេលវេលា​ជា​ឱសថ​៕

 

រៀន​ពូកែ​តែ​ចាញ់កល​ស្រី ចិត្ត​ខំ​ភក្ដី​ត្រូវ​ស្រី​បោក​ប្រើ!

 

អានអត្ថបទ៖ មនុស្សដែលខ្ញុំលួចស្រឡាញ់
អត្ថបទ៖ រដ្ឋា

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: [email protected]

ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧
ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា…