បត់​មិន​ប្រយ័ត្ន បង្ក​ឲ្យ​មាន​មនុស្ស​ចំនួន​៣​នាក់​រង​របួស​

បត់​មិន​ប្រយ័ត្ន បង្ក​ឲ្យ​មាន​មនុស្ស​ចំនួន​៣​នាក់​រង​របួស​



បាត់ដំបង ៖ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ចំនួន​២​នាក់​ដែរ ដែល​រង​របួស​រហូត​បាក់ជើង​នៅ​ក្នុង​ចំណោម​ជនរងគ្រោះ​ចំនួន​៣​នាក់ ដែល​កំពុង​បើកបរ​ម៉ូតូ​ជា​ធម្មតា ហើយ​ត្រូវ​បាន​គោយន្ត​ដែល​បើក​ស្រប​ទិស​នៅ​ខាង​មុខ បត់​កាត់​ទទឹង​ចូល​ផ្ទះ​តែម្ដង ដោយ​គ្មាន​ផ្តល់​សញ្ញា​អ្វី​បន្តិច​ទាល់តែសោះ ទើប​ធ្វើ​ឲ្យ​ពួកគេ​ខំប្រឹង​គេច​ធ្លាក់​ប្រឡាយ​តែម្ដង។

ហេតុការណ៍​ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​ចំនួន​២​នាក់​ត្រូវ​បាក់ជើង​នេះ បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩ ចន្លោះ​បង្គោល​គីឡូម៉ែត្រ លេខ​៨៣ និង​៨៤ ស្ថិត​ក្នុង​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង រវាង​ម៉ូតូ​ជា​មួយ​នឹង​គោយន្ត​កន្ត្រៃ​ដឹក​ដំឡូង។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម ស៊េរី​ឆ្នាំ​2013 ពាក់​ស្លាក​លេខ បាត់ដំបង 1O-0089 បើកបរ​ដោយ​ឈ្មោះ ផុន ដា​វីដ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ​ដែល​ពួកគេ​ជិះ​គ្នា​៣​នាក់ ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន។

តាម​របាយការណ៍​បាន​បន្ត​ថា ខណៈ​ពេល​ដែល​ម៉ូតូ​កំពុង​ធ្វើដំណើរ ក៏​ស្រាប់​តែ​មាន​គោយន្ត​មួយ​គ្រឿង​បាន​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ច្រាស់​គ្នា​បាន​បត់​កាត់​ពីមុខ​ដើម្បី​ចូល​ផ្ទះ ទើប​ធ្វើ​ឲ្យ​​អ្នកបើកបរ​ម៉ូតូ​ខំប្រឹង​បួង​ចង្កូត​គេច​ពី​ឧបសគ្គ ហើយក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ដែល​គ្មាន​ទឹក ធ្វើ​ឲ្យ​ពួកគេ​រង​របួស​ទាំង​៣​នាក់​យ៉ាង​ដំណំ។

នៅ​ពេល​សមត្ថកិច្ច​ចុះទៅ​ដល់​គេ​សង្កេត​ឃើញ​ថា អ្នកបើកបរ​ម៉ូតូ​របួសស្រាល ដោយ​ឡែក​អ្នក​រួម​ដំណើរ​ឈ្មោះ​ ផុន សុធា ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ របួស​បាក់​ជើង​ឆ្វេង និង​ឈ្មោះ ហួរ សីហា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ របួស​បាក់​ជើង​ឆ្វេង​ដូចគ្នា ដែល​អ្នក​ទាំងអស់​គ្នា​រស់នៅ​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក។

នៅ​ពេល​នោះ​ដែរ ​ភាគី​គោយន្ត​ដែល​បើកបរ​ដោយ​ឈ្មោះ សែន ផា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ពុំបាន​គេចខ្លួន​ទៅ​ណា​នោះ​ទេ ដោយសារតែ​ទីលំនៅ​របស់​គេ​នៅ​ក្បែរ​កន្លែង​កើតហេតុ​នេះ​ស្រាប់ ដោយ​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក ​ស្រុក​សំពៅ​លូន។

ចំណែក​មធ្យោបាយ​បង្កហេតុ សមត្ថកិច្ច​យើង​យក​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់៕
បត់​មិន​ប្រយ័ត្ន បង្ក​ឲ្យ​មាន​មនុស្ស​ចំនួន​៣​នាក់​រង​របួស​