កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ដើរ​ល្បាត​ព្រៃ​ព្រះ​រកា​ និង​រឹបអូស​វត្ថុតាង​បទល្មើស​ព្រៃឈើ​មួយ​ចំនួន​ធំ​

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ដើរ​ល្បាត​ព្រៃ​ព្រះ​រកា​ និង​រឹបអូស​វត្ថុតាង​បទល្មើស​ព្រៃឈើ​មួយ​ចំនួន​ធំ​



ព្រះវិហារ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួមមាន​ មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​,​ជាំ​ក្សាន្ត ​និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប ​សហការ​ជាមួយ​នគរបាល​,​ទាហាន​ទាំង​០៣​ស្រុក ​ចុះ​បេសកកម្ម​ល្បាត​ការពារ​ព្រៃ​ព្រះ​រកា​ ចាប់ពី​ថ្ងៃ​ទី​៣០​មេសា ​ដល់​០២​ឧសភា​ ឆ្នាំ​២០១៦ ​ក្នុង​នោះ​ដកហូត​បាន​វត្ថុតាង​បទល្មើស​ព្រៃឈើ ​និង​សត្វព្រៃ​មួយ​ចំនួន។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០២​ឧសភា​នេះ​ថា​ កម្លាំង​ចម្រុះ​បាន​ដើរ​ល្បាត​ជា​ច្រើន​កន្លែង​ ក្នុង​ព្រៃ​ព្រះ​រកា​ ដែល​សង្ស័យ​មាន​ជនខិលខូច​កំពុង​ប្រព្រឹត្ត​បទល្មើស​ដូចជា​ អារ​ឈើ​ និង​បរបាញ់​សត្វព្រៃ​។​ ក្រុមការងារ​ដឹកនាំ​សហការ​ចុះ​ល្បាត​រួមមាន​ នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​,​នាយ​ នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​,​នាយ​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ជាំ​ក្សាន្ត​និង​នាយ​នាយរង​ផ្នែក​ឆែប​ រួម​ទាំង​នាយ ​នាយរង​ សង្កាត់​រដ្ឋបាល​ព្រៃឈើ​កំពង់​ស្រ​ទ្បៅ​ម្លូ​ព្រៃ។​

លទ្ធផល​បឋម​ នៃ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​កម្លាំង​ចម្រុះ​ដកហូត​បាន​ពី​ជនល្មើស​រួមមាន​ ឈើ​អារ​ និង​ឈើ​តាប់​សន្លឹក ​និង​តុ​មូល​ចំនួន​០២​ គោយន្ត​កន្ត្រៃ​,​រណា​យន្ត​០១​គ្រឿង​,​កាំភ្លើង​ខ្យល់​០១​ដើម​,​ពស់ថ្លាន់​០១​ក្បាល ​និង​ឃាត់ខ្លួន​ជនល្មើស​ម្នាក់​កំពុង​ធ្វើ​សកម្មភាព​អារ​ឈើ​ក្នុង​ព្រៃ។​ ទោះ​បី​យ៉ាង​ណា​ កម្លាំង​សមត្ថកិច្ច​មិនបាន​ចុះទៅ​បិទ​ទីតាំង​រោង​សិប្បកម្ម​ដ៏​ធំ​មួយ​កន្លែង​របស់​ឈ្មួញ​ឈើ​ដុះ​ស្លែ​ម្នាក់​ឈ្មោះ​ គិត ​នៅ​ឡើយ​ទេ​។ ​ទីតាំង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​នេះ​នៅ​ក្បែរៗ​ព្រៃ​ព្រះ​រកា​ ស្ថិត​នៅ​ក្នុង​ឃុំ​ម្លូ​ព្រៃ​១ ​ស្រុក​ឆែប​ ហើយ​ឈើ​តាប់​ប្រណីត និង​ឈើ​លេខ​១ ខុសច្បាប់​មួយ​ចំនួន​ធំ ​ត្រូវ​បាន​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ម្នាក់​នេះ​ជា​រៀងរាល់ថ្ងៃ។

តាម​ការ​ឲ្យ​ដឹង នេះ​ជា​បេសកកម្ម​ចុងក្រោយ​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ​ ដែល​អាច​មាន​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​ដើរ​ល្បាត​នៅ​ព្រៃ​ព្រះ​រកា​បាន​នៅ​ឡើយ​ គឺ​រង់​ចាំ​តែ​ធ្វើ​ពិធី​ផ្ទេរ​ការគ្រប់គ្រង​តំបន់​នោះ​ជា​ផ្លូវ​ការ​ប្រគល់​ទៅ​ឲ្យ​ក្រសួងបរិស្ថាន​គ្រប់គ្រង​វិញ​ យោង​តាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល​ថ្មីៗ​នេះ​។​ ដល់ពេល​នោះ​ ខាង​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​ជា​អ្នក​ដើរតួ​ជា​សមត្ថកិច្ច​ជំនាញ​ការពារ ​និង​អភិរក្ស​ព្រៃ​ព្រះ​រកា​បន្តវេន​ពី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​វិញ​ម្តង ​ហើយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែល​បម្រើ​ការងារ​ឲ្យ​អង្គការ​អន្តរជាតិ​​WCS​ នឹង​ត្រូវ​កាត់​រំសាយ​ថែមទៀត​៕