ដាច់ខ្លាំង! សូម្បីNចុចពិលក៏ប្លន់ដែរ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹងថា ជនសង្ស័យ​៤នាក់ រួម​ទាំង​អ្នក​ទទួល​ផល​ចោរ​កម្ម ត្រូវកម្លាំងនគរបាល​ប៉ុស្តិ៍​ប្ញស្សី​កែវ​ចាប់​ខ្លួន កាលពីវេលាម៉ោង​១១ និង​៣០នាទី​ព្រឹកថ្ងៃទី០២ មេសា ២០១៦ នេះ ស្ថិតនៅចំណុច​ផ្លូវបេតុង ក្នុងភូមិ​​មិត្តភាព សង្កាត់​ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ខណៈ​កំពុង​យកទូរស័ព្ទNចុចពិល​មួយគ្រឿងទៅលក់ បន្ទាប់ពី​​គំរាម​ប្លន់ពី​សិស្ស​បឋម​ម្នាក់ ។

ប្រភពឱ្យ​​​ដឹងថា ជន​សង្ស័យ​ទាំង​៤នាក់ ១-​ឈ្មោះ​សុខ ស៊ីថា អាយុ​១៨​ឆ្នាំ មានទី​លំនៅភូមិ​គីឡូម៉ែត្រ​លេខ៦ ២-​ឈ្មោះ​សុពី អាយុ​១៩​ឆ្នាំ ៣-​ឈ្មោះ​​ជីវ័ន្ត អាយុ​១៨​ឆ្នាំ ​និង​៤-​ឈ្មោះ​អៀម​ ពៅ អាយុ​១៧​ឆ្នាំ ទាំង៣នាក់នេះ ស្នាក់​នៅក្នុងវត្ត​ រីឯ​អ្នក​ទទួល​ផល​ចោរ​កម្ម​ឈ្មោះ​សម ស៊ីថេន ។ ចំណែក​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ​ម៉ាច វិសាល អាយុ​១៣ឆ្នាំ រៀនថ្នាក់ទី៦គ២ ។

ប្រភពបន្តថា កាលពីវេលាម៉ោង០៩ព្រឹកថ្ងៃដដែល ជនសង្ស័យទាំង​៤នាក់​បាន​ធ្វើ​សកម្មភាព​គំរាម​ដោយច្របាច់.ក​ក្មេងប្រុស​រង​ គ្រោះ​យកទូរស័ព្ទដៃម៉ាកNចុចពិល រួចពួកគេ​គេចខ្លួនអស់ ហើយត្រូវ​ក្មេង​ប្រុស​រូបនោះទៅ​រៀបរាប់ប្រាប់​ឪពុក-ម្តាយ ទើប​មាន​ប្តឹង​ទៅសមត្ថកិច្ចឱ្យចាប់ខ្លួន ។

បន្ទាប់​មក ខណៈជន​សង្ស័យទាំង៤នាក់ ​កំពុង​យកទូរស័ព្ទទៅ​លក់​ឱ្យ​អ្នកទទួលផល​ក្នុងតម្លៃ​២ម៉ឺន​រៀលនោះ​ ក៏ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​ទាំង​អស់តែម្តង ។