មក​ខុសច្បាប់​ហើយ​រកស៊ី​ខុសច្បាប់​ទៀត

ខេត្តតាកែវ ៖ ជនសង្ស័យ​ជនជាតិ​វៀតណាម​៣​នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ខណៈ​កំពុង​ជិះ​ម៉ូតូ​ចែកចាយ​ថ្នាំ​ញៀន​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងកើត​វរៈ​សេនា​តូច​លេខ​៦០៣​ការពារ​ព្រំដែន ស្ថិត​ក្នុងភូមិ​ជ្រោយ​ស្លែង ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ ។

លោក​វរសេនីយ៍ទោ យុគ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គិរីវង់ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ប៉ូលិស​ចាប់ខ្លួន​បាន​មានឈ្មោះ ហា តាំង​មួ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​ជនជាតិ​វៀតណាម រស់នៅ​ឃុំ​ជី​ឡាំង ស្រុក​ទន់​ហៀ​ង ខេត្ត​អាន​យ៉ាង និង​ឈ្មោះ ង្វៀ​ង យូ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ឃុំ​-​ស្រុក​ជាមួយ​គ្នា ។ ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ី​រូស ពាក់​ស្លាក​លេខ 67.Z1.67.33 (​ស្លាក​លេខ​វៀតណាម​) ដោយ​ដកហូត​បាន​​ថ្នាំ​ញៀន​ម៉ា​ទឹកកក​៣​កញ្ចប់​តូច ។ ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​នេះ​ហើយ ក្រុម​ល្បាត​ក៏​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ បូ សុ​បាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​តា​រុង ឃុំ​ភ្នំ​ដិ​ន នៅ​វេលា​ម៉​១០ និង​២០​នាទី​យប់​ថ្ងៃ​ដដែល នៅ​ភូមិ​ព្រៃ​តា​ម៉ៅ ឃុំ​គិរី​ចុង​កោះ ដោយ​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ម៉ា​ទឹកកក​១​កញ្ចប់​តូច និង​ម៉ូតូ​វ៉េវ​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ១H-9865 ។

លោក​អធិការ​បាន​បន្ត​ទៀត​ថា មុន​ពេល​ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន កម្លាំង​ប៉ូលិស​ស្រុក​បាន​ចេញ​ល្បាត​នៅ​បរិវេណ​មូលដ្ឋាន​ស្រុក​គិរីវង់​ជា​រៀង​រាល់​យប់ ហើយ​ក៏​ឃើញ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ក៏​ឃាត់​សួរនាំ​លុះ​ពេល​ឆែក​ខ្លួន​ក៏​មាន​ថ្នាំ​ញៀន​ម៉ា​ទឹកកក ទើប​កម្លាំង​ឃាត់ខ្លួន​យក​ទៅ​អធិការដ្ឋាន​ស្រុក​តែ​ម្ដង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​ជិះ​ម៉ូតូ​ដើរ​ចែកចាយ​ថ្នាំ​ញៀន​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តា​ង​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕