លោក ប្រា​យុទ្ធ បញ្ជា​ឲ្យ​បង្កើត​ភ្លៀង​សិប្បនិម្មិត​ជួយសង្គ្រោះ​តំបន់​រីងស្ងួត​ខ្លាំង

​មកទល់ពេលនេះ​បាតុភូត El Nino  ដែលជា​បាតុភូត​នៃ​ការឡើង​កម្តៅ​ខ្លាំង​នៅតែ​បន្ត​វាយប្រហារ​ទៅលើ ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​។ ដោយសារតែ​បញ្ហា​នេះ ក៏បាន​បង្ក​ឲ្យ​ប្រទេស​ទាំងនោះ ត្រូវ​ប្រឈម​នឹង គ្រោះរាំងស្ងួត​ដែល​ធ្វើ​ឲ្យ​បាត់បង់​នូវ​ផលិតផល​កសិកម្ម​ជាច្រើន​ផងដែរ​។ ជុំវិញ​បញ្ហា​នេះ រដ្ឋាភិបាល​ថៃ បានចេញ​បញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ​ត្រៀម​ការបង្កើត​ភ្លៀង​សិប្បនិម្មិត​ដើម្បី​សង្គ្រោះ​ប្រជាកសិករ​ផងដែរ​។​

​នាយករដ្ឋមន្ត្រី​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ អូ​ចា បានចេញ​បញ្ជា​ទៅកាន់​អាជ្ញាធរ​ដើម្បី​ផលិត ភ្លៀង​សិប្បនិម្មិត​ដើម្បី​ធានា​ឲ្យ​មានទឹក​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់ ខណៈ បញ្ហា​គ្រោះរាំងស្ងួត​នៅតែ វាយប្រហារ​ទៅលើ​តំបន់​ជាច្រើន​ក្នុងប្រទេស​។ នេះ​បើ​យោងតាម​សារព័ត៌មាន បាងកក​ប៉ុស្តិ៍​។

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​លោក Sansern Kaewkamnerd បាន​អះអាង​នៅ​ថ្ងៃទី​០១ ខែមេសា​ម្សិលមិញ ថា​មជ្ឈមណ្ឌល​ប្រតិបត្តិ​ការបង្កើត​ភ្លៀង កំពុងតែ​ត្រៀម​បង្កើត​ទឹកភ្លៀង​ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តី​បង្គាប់បញ្ជា​របស់លោក ប្រា​យុទ្ធ ច័ន្ទ អូ​ចា​។ ប្រតិបត្តិការ​ភ្លៀង​នោះ មាន​គោលបំណង​ដើម្បី​សង្គ្រោះ​តែ​តំបន់​ដែល​រីងស្ងួត​ខ្លាំង​។ តែ​លោក មិនបាន​បញ្ជាក់ថា​តើ ប្រតិបត្តិការ​នោះ ចាប់ផ្តើម​នៅពេលណា​នោះទេ​។​

​ខណៈ តំបន់​មួយចំនួន​កំពុង​ទទួលរង​ដោយ​គ្រោះរាំងស្ងួត មាន​តំបន់​មួយចំនួន​នៅក្នុង​ប្រទេស ក៏​កំពុងតែ​រង​នូវ​ការវាយប្រហារ​ដោយ​ព្យុះ និង​ទឹកជំនន់​ផងដែរ​។ ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​ដដែល​នោះ បាន​សង្កត់ធ្ងន់ថា លោក ប្រា​យុទ្ធ ច័ន្ទ អូ​ចា ពិតជា​ព្រួយបារម្ភ​ចំពោះ​ប្រជា​ពល រដ្ឋ​ដែល​បាននិងកំពុង​តែ​រង​ដោយសារតែ​គ្រោះទឹកជំនន់ ហើយ​លោក ក៏បាន​បញ្ជា​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​យោធា បង្កើន​ចំណាត់ការ​ដើម្បី​ជួយសង្គ្រោះ​ដល់​ពលរដ្ឋ​រងគ្រោះ​។

​សូមបញ្ជាក់​ផងដែរ​ថា El Nino គឺជា​បាតុភូត​មួយ​ដែល​បង្ក​ឲ្យ​មាន​ការឡើង​សីតុណ្ហភាព​ក្តៅ​ខ្លាំង​។ ហើយ វា​បាននិងកំពុង​តែ​វាយប្រហារ​ទៅលើ​តំបន់​មួយចំនួន​នៃ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​រួមមាន ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន ថៃ និង​កម្ពុជា​ផងដែរ​។

​ជុំវិញ​បញ្ហា​នេះ សេដ្ឋវិទូ លោក Rajiv Biswas ប្រធាន​សេដ្ឋកិច្ច IHS Global Insight បាន​អះអាងថា សេដ្ឋកិច្ច​អាស៊ាន អាច​នឹង​ខាតបង់​ដោយសារ​បាតុភូត​នេះ លើសពី​១០​ពាន់​លាន​ដុល្លារ និង​ច្រើនជាង​នេះ ប្រសិនបើ​វា​នៅតែ​បន្ត​​៕