បើក​ម៉ូតូ​បុក​កង់​មុខ​រថយន្ត ​របួស​ធ្ងន់​២នាក់

បើក​ម៉ូតូ​បុក​កង់​មុខ​រថយន្ត ​របួស​ធ្ងន់​២នាក់



ពោធិ៍សាត់ ​៖​ បុរស​ពីរ​នាក់​ បាន​រង​របួស​ធ្ងន់ធ្ងរ​​កាលពី​រំលង​អធ្រាត្រ ​នៅ​លើ​បន្ទាត់​ផ្លូវជាតិ​លេខ​​៥ ​​​​​​ហើយ​​ផ្អើល​ដល់​សមត្ថកិច្ច​​​ស្វែងរក​​​រថយន្ត​ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ក្រោយ​ពី​ជនរងគ្រោះ​​​បើក​ម៉ូតូ​ទៅ​បុក​កង់​មុខ​រថយន្ត​ ដែល​កំពុង​ចរាចរណ៍​ច្រាស​ទិស។

ហេតុការណ៍​នេះ ​បាន​កើត​ឡើង​កាលពី​វេលា​​ម៉ោង​២​និង​៣០​នាទី​យប់​​ឈាន​ចូល​ ថ្ងៃ​ទី​០១ ខែ​ឧសភា​ ឆ្នាំ​២០១៦​ ស្ថិត​ក្នុង​ភូមិ​ក្រាំង​ធំ ឃុំ​អូ​សណ្ដាន់​ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

ជនរងគ្រោះ​ទាំង​ពីរ​​​នាក់​នោះ​​​ ទី១. ​ឈ្មោះ សំ​សេក អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​អង្គ្រង​ ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់ ជា​អ្នក​ឌុប​ ទី២. ​ឈ្មោះ គីម គឹម​លី ​អាយុ​១៨​ឆ្នាំ ​រស់នៅ​ភូមិ​ថ្មី​ ឃុំ​បឹងកន្ទួត ​ស្រុក​ក្រគរ ​ខេត្ត​​ពោធិ៍សាត់​ជាមួយគ្នា។

បើ​តាម​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ នៃ​អធិការដ្ឋាន​ស្រុក​ក្រគរ​ ម្នាក់​ឈ្មោះ​មោ​ល សាវ៉ា​ន​ដែល​ បាន​ប្រាប់​​ថា​ ៖ ​មុន​ពេល​មាន​ហេតុការណ៍​នេះ​ ជនរងគ្រោះ​មាន​គ្នា​ពីរ​នាក់ បាន​​ជិះ​ម៉ូតូ​ ម៉ាក​ហុងដា ​សេ​១២៥​ ពណ៌​​ខ្មៅ​ ពាក់​ស្លាក​លេខ​ពោធិ៍សាត់​1A.05-42 ​ឌុប​គ្នា​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ដោយ​ល្បឿន​មធ្យម​ កាត់​ស្បៃ​រាត្រី​​លើ​បន្ទាត់​ផ្លូវជាតិ​លេខ​០៥។ ពេល​​​បើកបរ​មក​ដល់​ចំណុច​​កើតហេតុ ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦៣​ និង​១៦៤​​ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ ពណ៌​ស​ ​ពាក់​ស្លាកលេខ​ព្រះសីហនុ​3A.14.92​ ​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ច្រាស​ទិស​គ្នា​ ដោយ​ល្បឿន​លឿន​ និង​បើក​លើ​ចំណី​ផ្លូវ​អាទិភាព​ខាងឆ្វេង​ដៃ​របស់​ម៉ូតូ ​ឆ្លង​គំនូស​លឿង​ប្រមាណ​ជា​៧​តឹក។ ពេល​នោះ ​អ្នក​បើក​ម៉ូតូ​​​ ​ចាំង​ភ្លើង​ផង​ ក៏​បើក​បុក​ចំ​កង់​មុខ​រថយន្ត​ផ្នែក​ខាងឆ្វេង​​ ​បណ្ដាល​ឲ្យ​មនុស្ស​ទាំងពីរ​នាក់​ជិះ​ម៉ូតូ​របួស​ធ្ងន់ធ្ងរ។ ដោយឡែក​ម៉ូតូ​ខូចខាត​ស្ទើរ​ទាំង​ស្រុង​ ព្រម​ទាំង​កង់​រថយន្ត​នោះ​ ផ្ទុះ​បែក​ផង​ដែរ​ ដែល​មិន​អាច​បើក​គេច​បាន។ ឯ​ម្ចាស់​រថយន្ត​ក៏បាន​ចុះ​រត់​គេច​បាត់​ស្រមោល។

លោក​មោ​ល សាវ៉ាន ​បន្ត​ថា ​៖ ​ក្នុង​ករណី​នោះ​ ក្រោយ​កើតហេតុ​នគរបាល​បាល​មូលដ្ឋាន​​ប៉ុស្តិ៍​រដ្ឋបាល​អូរ​សណ្ដាន់​ និង​នគរបាល​ចរាចរណ៍​អធិការដ្ឋាន​ស្រុក​ក្រគរ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្ត​សង្គ្រោះ។ ដោយឡែក​វត្ថុតាង​សងខាង​យក​ទៅ​ទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​រង់ចាំ​ដោះស្រាយ​តាមច្បាប់​ចរាចរណ៍​ បន្ទាប់ពី​វាស់វែង​រួចរាល់៕
បើក​ម៉ូតូ​បុក​កង់​មុខ​រថយន្ត ​របួស​ធ្ងន់​២នាក់