ក្រុមការងារ​យោធា​ចិន​ប្រចាំ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ​មក​ធ្វើ​បទ​បង្ហាញ​ស្ដីពី “​តួនាទី​របស់​យុវជន​”

ក្រុមការងារ​យោធា​ចិន​ប្រចាំ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ​មក​ធ្វើ​បទ​បង្ហាញ​ស្ដីពី “​តួនាទី​របស់​យុវជន​”



ភ្នំពេញ ៖ ​ដើម្បី​ចូលរួម​ខួប​លើក​ទី​១៣០​នៃ​ទិវា​ពលកម្ម​អន្តរជាតិ​១ ឧសភា ១៨៨៦-២០១៦ និង ខួប​លើក​ទី​៩៧​នៃ​ទិវា​យុវជន​ចិន​៤ ឧសភា ១៩១៩-២០១៦ ទើប​ព្រឹក​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦​នេះ វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ​បាន​អញ្ជើញលោក​វរសេនីយ៍ឯក លាំង ឡី ប្រធាន​ក្រុម​ការងារ​របស់​យោធា​ចិន​ប្រចាំ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​មក​ធ្វើ​បទ​បង្ហាញ​ស្ដីពី “​តួនាទី​របស់​យុវ​ជ​ន​”​។

លោក​បាន​ពន្យល់​ថា ប្រទេស​ចិន​គឺជា​ប្រទេស​ដ៏​ធំ​សម្បើម​មួយ​ ដែល​មាន​ប្រជាជន​១៣​ពាន់​លាន​នាក់ និង​៥៦​ជនជាតិ​។ រដ្ឋាភិបាល​ចិន​ បាន​ទទួល​ស្គាល់​គុណ​តម្លៃ​របស់​គ្រប់​ជនជាតិ ដែល​ញ៉ាំង​ឲ្យ​គុណ​តម្លៃ​ ដែល​មាន​លក្ខណៈ​លេចធ្លោ និង​គួរ​ឲ្យ​ទាក់ទាញ​បំផុត​។ យុវជន​ចិន​ទោះ​មាន​ឈាមជ័រ​ក្នុង​ជនជាតិ​ណាក៏ដោយ ក៏​កំពុងធ្វើការ​ដោយ​បេះដូង​តែមួយ និង​ចិត្ត​តែមួយ ​ដើម្បី​សម្រេច​បាន​នូវ​ការ​រួប​រួម​គ្នា​ជា​ធ្លុង​មួយ​។ សកម្មភាព​នេះ​កំពុង​កំណត់​អនាគត និង​ជោគវាសនា​ជាតិ ក៏ដូចជា​សុភមង្គល និង​សុខុមាលភាព​របស់​ប្រជាជន​ចិន​ទាំងមូល​នៅក្នុង​ផ្ទៃ​ប្រទេស ​និង​ក្នុង​ពិភពលោក​។​

លោក​បណ្ឌិត ជា មុនី​ឫទ្ធិ នាយក​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​បញ្ជាក់​ថា យុវជន​ពិតជា​មាន​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​កិច្ច​អភិវឌ្ឍ​ជាតិ​។ កម្លាំង​យុវជន ជា​កម្លាំង​ចលនា ​ដែល​សង្គម​ជាតិ​មិនអាច​ខ្វះ​ និង​មើល​រំលង​បាន​។ រាល់​សម័យកាល​សុទ្ធ​តែ​មាន​ស្មារតី​នៃ​សម័យកាល​នីមួយៗ​និង​សុទ្ធតែ​មាន​នូវ​គុណ​តម្លៃ​ជា​មូលដ្ឋាន​នីមួយៗ​។ ដោយឡែក​ក្នុង​សម័យ​តេ​ជោ​សែន​នេះ យុវជន​កម្ពុជា​កំពុង​ប្រកាន់​យក​នូវ​គោលជំហរ​៤​គឺ ទី​១-​សុជីវធម៌ ទី​២-​គុណធម៌ ទី​៣-​សុចរិត​ភាព និង​ទី​៤-​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​ការងារ​។

ជាមួយ​គ្នា​នេះ​ដែរ គណៈ​គ្រប់គ្រង​របស់​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​និង​កំពុង​ផ្តល់​គុណ​តម្លៃ​ជា​មូលដ្ឋាន​ដល់​ សិស្ស និស្សិត និង​សិក្ខាកាម​ទាំងអស់​ប្រកាន់ខ្ជាប់​នូវ​វិបុលភាព លទ្ធិប្រ​ជាធិបតេយ្យ សេចក្ដីថ្លៃថ្នូរ ភាព​សុខដុមរមនា សេរីភាព សមភាព យុត្តិធម៌ នីតិរដ្ឋ ចលនា​ជាតិនិយម ការ​លះបង់​ខ្ពស់ សុចរិត​ភាព និង​ភាតរភាព​។ ជាមួយ​គ្នា​នេះ​លោក​ក៏បាន​ជំរុញ ​និង​លើក​ទឹក​ចិត្ដ​ដល់​គ្រូបង្រៀន​ជនជាតិ​ចិន​ ដែល​ភាគច្រើន​ជា​យុវជន​មក​បម្រើ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​ចូល​រួម​ចំ​ណែក​យ៉ាងសកម្ម​ក្នុង​ចលនា ជួយ​ដល់​សង្គម ជាពិសេស​ថ្មីៗ​នេះ គ្រូបង្រៀន​ទាំងអស់​របស់​វិទ្យាស្ថា​ន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ចូលរួម​ឧបត្ថម្ភ​ទាំង​ថវិកា ទាំង​កម្លាំងកាយ​ចិត្ត​យ៉ាង​ផុសផុល​ក្នុង​ការ​ជួយ​ផ្តល់​ទឹក​ស្អាត​ ដល់​ប្រជាពលរដ្ឋ​កម្ពុជា ​នៅ​តាម​តំបន់​មួយចំនួន​ ដែល​កំពុង​ប្រឈមមុខ​នឹង​កង្វះ​ទឹក​ស្អាត​ប្រើប្រាស់​។

ក្នុង​កិច្ច​រួមចំណែក​បង្កើន​ធនធាន​យុវជន​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​បើក​សាខា​របស់​ខ្លួន​នៅ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តតាកែវ កាលពី​ឆ្នាំ​២០១៥ ហើយ​គ្រោង​នឹង​បង្កើត​ថ្នាក់រៀន​ថ្មី​របស់​ខ្លួន​នៅ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​រតនគីរី​នា​ចុងឆ្នាំ​២០១៦​ទៀត​ផង​៕