យល់ដឹងឥឡូវនេះជួយជីវិតអ្នក ជៀសឆ្ងាយពីជម្ងឺ «កង្វះគ្រាប់ឈាមក្រហម» ដែលមនុស្សជាច្រើន កំពុងកើតមាន

អ្វីទៅជា «ជម្ងឺកង្វះគ្រាប់ឈាមក្រហម»?

ជំងឺកង្វះគ្រាប់ឈាមក្រហម (Anemia) ជាស្ថានភាពជម្ងឺមួយ កើតឡើងនៅពេលរាង្គកាយមនុស្សយើង មានកោសិកាឈាមក្រហម ឬអេម៉ូក្លូប៊ីន មិនគ្រប់គ្រាន់។ អេម៉ូក្លូប៊ីនជាផ្នែកមួយសំខាន់ នៃកោសិកាឈាមក្រហម និងសំរាប់ចងភ្ជាប់ទៅកាន់អុកស៊ីសែន។

ប្រសិនបើអ្នកមានកោសិកាឈាមក្រហម ឬអេម៉ូក្លូប៊ីនមិនប្រក្រតី ឬតិចតួច នោះកោសិកាដែលមាននៅក្នុងរាង្គកាយនឹងមិនអាចទទួយយក ឧស្ម័នអុកស៊ីសែនបានគ្រប់គ្រាន់នោះទេ។

រោគសញ្ញាជម្ងឺខ្វះឈាមក្រហម មានដូចជា «ការអស់កម្លាំង» ដែលកើតមានឡើងដោយសារតែសរីរាង្គមិនទទួលយកបាន នូវអ្វីដែលជាតម្រូវការសម្រាប់ដំណើរការឲ្យបានត្រឹមត្រូវ។ ក្នុងនោះ ស្ត្រី កុមារ និងមនុស្សដែលមានជម្ងឺរ៉ាំរ៉ៃ សុទ្ធតែមានហានិភ័យខ្ពស់ ប្រឈមនឹងការខ្វះឈាមនេះ។

=> មូលហេតុនៃជំងឺខ្វះឈាមក្រហម៖

១. បណ្តាលមកពីការបាត់បង់ឈាម

ការបាត់បង់ឈាម អាចកើតមានឡើង «យ៉ាងឆាប់រហ័ស» និង «រ៉ាំរ៉ៃ»។ ឧទាហរណ៍ការបាត់បង់ឈាមយ៉ាងឆាប់រហ័ស រួមមាន៖ «ការវះកាត់» «ការសម្រាលកូន» ឬ«ការដាច់សរសៃឈាម» ជាដើម។ ចំណែកការបាត់បង់ឈាមរ៉ាំរ៉ៃ អាចមកពី «បញ្ហាដំបៅក្រពះ» «មហារីក ឬដុះដុំសាច់»។ ស្ត្រីដែលហូរឈាមរដូវច្រើន ក៏អាចមានហានិភ័យប្រឈមនឹងជំងឺនេះផងដែរ។

២. បណ្តាលមកពី ការផលិតកោសិកាឈាមក្រហមថយចុះ ឬផលិតខុសប្រក្រតី

របបអាហាររបស់អ្នកជម្ងឺ អាចជាមូលហេតុនៃជម្ងឺខ្វះគ្រាប់ឈាម។ កង្វះអាហារដែលសម្បូរជាតិដែក ឬវីតាមីន ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សមត្ថភាពរបស់រាង្គកាយក្នុងការផលិតកោសិកាឈាមក្រហម ដែលមានសុខភាពល្អឲ្យបានគ្រប់គ្រាន់។ ស្ថានភាពដែលទាក់ទងនឹងបញ្ហានេះមានដូចជា៖

• កោសិកាឈាមរាងដូចកណ្តៀវ (បង្កការឈឺចាប់, គ្រាប់ឈាមងាយបែក ដែលធ្វើឲ្យអុកស៊ីសែន មិនអាចឆ្លងចូលសរីរាង្គបាន)

• កង្វះជាតិដែក (បើគ្មានជាតិដែកគ្រប់គ្រាន់ រាង្គកាយមិនអាចផលិត អេម៉ូក្លូប៊ីនសម្រាប់កោសិកាឈាមក្រហមទេ)

• កង្វះជាតិវីតាមីន (វីតាមីនB12 និងអាស៊ីតFolic មិនគ្រប់គ្រាន់មិនអាចបង្កើតកោសិកាឈាមក្រហមបានទេ)

• បញ្ហាខួរឆ្អឹង និងកោសិកាដើម (ដូចជាជំងឺមហារីកគ្រាប់ឈាម ដែលវានឹងបង្អាក់រាងកាយពីការផលិតកោសិកាគ្រាប់ឈាមក្រហម)

• ស្ថានភាពសុខភាពផ្សេងទៀត (មហារីក, ទឹកនោមផ្អែម, រលាកសន្លាក់រ៉ាំរ៉ៃ...-ល-)

៣. បណ្តាលមកពីការបំផ្លិចបំផ្លាញ កោសិកាឈាមក្រហម

កោសិកាឈាមក្រហម ជាធម្មតាមានអាយុ 120ថ្ងៃ ក្នុងចលនាប្រព័ន្ធឈាម ប៉ុន្តែអាច ត្រូវបានបំផ្លាញចោល ឬជំនួសចេញផងដែរ។ នៅពេលដែលកោសិកាឈាមក្រហមមានភាពផុយស្រួយ និងមិនអាចទប់ទល់ភាពតានតឹងក្នុងអារម្មណ៍បាន កោសិកាឈាមទាំងនោះ អាចនឹងខូចមុនអាយុ បណ្តាលឱ្យកើតជំងឺខ្វះឈាមក្រហមប្រភេទ Hemolytic។ ជំងឺខ្វះឈាមក្រហមប្រភេទ Hemolytic អាចមានពីកំណើត ឬក៏កើតនៅពេលក្រោយ។ ពេលខ្លះមិនដឹងមកពីមូលហេតុអ្វីដែរ។ មូលហេតុដែលអាចមើលដឹងរួមមាន «ការឆ្លងមេរោគ» «ការប្រើប្រាស់ថ្នាំ» «ជាតិពុលពីថ្លើម» «ជំងឺតម្រងនោម» ជាដើម -ល-)។

=> រោគសញ្ញានៃជម្ងឺខ្វះគ្រាប់ឈាមក្រហម

រោគសញ្ញាទូទៅ នៃជម្ងឺនេះ មានច្រើនប្រភេទ ដូចជា៖

• ឆាប់អស់កម្លាំង និងបាត់បង់ថាមពល

• ចង្វាក់បេះដូងលោតលឿន ខុសពីធម្មតា ជាពិសេសជាមួយការធ្វើលំហាត់ប្រាណ

• ពិបាកដកដង្ហើម និងឈឺក្បាល ក្នុងពេលធ្វើលំហាត់ប្រាណ

• ពិបាកក្នុងការប្រមូលផ្តុំអារម្មណ៍

• ស្បែកមានភាពស្លេកស្លាំង

• រមួលក្រពើ

• គេងមិនលក់

• ឈឺចាប់នៅត្រង់ដើមទ្រូង

• ក្តៅខ្លួន

• វិលមុខ

=> ការព្យាបាលជំងឺខ្វះឈាមក្រហម

ការផ្លាស់ប្តូររបបអាហារ៖

អ្នកគួរផ្លាស់ប្តូរមកញ៉ាំរបបអាហារ សម្បូរជាតិដែក ដែលអាចជួយកាត់បន្ថយរោគសញ្ញានៃជម្ងឺនេះបាន។ អ្នកជំងឺអាចបរិភោគបន្លែស្រស់ សាច់ និងអាហារបន្ថែមផ្សេងទៀត។ ជាតិដែក និងថ្នាំគ្រាប់វីតាមីន ក៏អាចប្រើបានដែរ ជាពិសេសមានប្រយោជន៍សម្រាប់អ្នកជម្ងឺដែលប្រកាន់របបអាហារតឹងរឹង។ ការផ្លាស់ប្តូររបបអាហាររបស់អ្នកអាចជួយបង្កើនកម្រិតជាតិដែក វីតាមីនB12 និងអាស៊ីតFolic ដែលសារធាតុទាំងអស់នេះ សុទ្ធតែដើរតួសំខាន់់ នៅក្នុងការផលិតកោសិកាឈាមក្រហម ឲ្យមានសុខភាពល្អឡើងវិញ។

វេជ្ជសាស្ត្រ៖

ប្រសិនបើជំងឺខ្វះឈាមក្រហមនេះធ្ងន់ធ្ងរ គួរពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីអាចចេញវេជ្ជបញ្ជា និងរកមូលហេតុនៃជំងឺខ្វះឈាមក្រហម ឲ្យបានច្បាស់លាស់។

សម្រាប់ការប្រើប្រាស់ថ្នាំ អាចបញ្ចូលថ្នាំ Antibiotics ដើម្បីព្យាបាលការឆ្លងមេរោគ និងការប្រើថ្នាំជួយគ្រប់គ្រងការហូរឈាមរដូវ មកច្រើនរបស់ស្ត្រីផងដែរ។ នៅក្នុងករណីខ្លះ ការបញ្ចូលឈាម ជាវិធីល្អបំផុត ដើម្បីបង្កើនកម្រិត នៃកោសិកាឈាមក្រហម។ ប្រសិនបើខួរឆ្អឹង មានជម្ងឺ និងមិនអាចផលិតកោសិកាឈាមក្រហមបានល្អ នោះអ្នកជម្ងឺនឹងត្រូវទទួលយក ការផ្លាស់ប្តូរខួរឆ្អឹងផងដែរ៕

ប្រភព៖  | 

ចុចអានបន្ត៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

យល់ដឹងឥឡូវនេះជួយជីវិតអ្នក ជៀសឆ្ងាយពីជម្ងឺ «កង្វះគ្រាប់ឈាមក្រហម» ដែលមនុស្សជាច្រើន កំពុងកើតមាន