​គន្លឹះ​សម្អាតផ្ទះ មិនឲ្យ​មាន​ធូ​លីដី និង​មេរោគ​

​គន្លឹះ​សម្អាតផ្ទះ មិនឲ្យ​មាន​ធូ​លីដី និង​មេរោគ​

​ធូលី​ដី មាន​ផ្ទុក​ទៅ​ដោយ​មេរោគ សរសៃ​ឈើ លម្អង​ផ្កា រោម​សត្វ និង​សារធាតុពុល​ផ្សេងៗ​ទៀត ដែល​អាច​គម្រាមកំហែង ដល់​សុខភាព​ទូទៅ ដូចជា ឧស្សាហ៍​ឈឺ អា​លែ​ក​ស៊ី បញ្ហា​ដកដង្ហើម និង​ភ្នែក​។​ល​។ ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន និង​រៀបចំ​ផ្ទះសំបែង ឲ្យមាន​អនាម័យ ដើម្បី​ចាក​ឆ្ងាយ ពី​ជំងឺ​ឈឺ​ថ្កាត់​នានា​។​

​គ្រឿង​សង្ហា​រឹម​តិច​បាន​ហើយ​
​គ្រឿង​សង្ហា​រឹម​តូចៗ ហើយ​ច្រើន​ពេក គឺ​ជា​ដើម​ហេតុ​នៃ​ធូលី​ដី ពេល​អ្នក​បោសសម្អាត ដូច្នេះ ចូរ​ប្រាកដថា អ្នក​មិន​សូវ​មាន​គ្រឿង​សង្ហា​រឹម​តូចៗ ដែល​វា​ពិតជា​ពិបាក ក្នុងការ​បោសសម្អាត​ណាស់​។​

​កុំ​ប្រើ​កម្រាល​ព្រំ​
​ជា​ការពិត កម្រាល​ព្រំ មិន​សាក​សម​ទាល់តែសោះ ក្នុងប្រទេស​កម្ពុជា​យើង ពីព្រោះ វា​ស្រូប​ធូលី​ដី​ខ្លាំងណាស់ ហើយ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា ប្រទេស​យើង​សម្បូរ​ធូលី​ដី ប៉ុន្តែ បើ​អ្នក​ចង់​ប្រើ អ្នក​ត្រូវ​ឧស្សាហ៍​សម្អាត​បន្តិច បើ​មិន​ចង់​អា​លែ​ក​ស៊ី ឬ​ឈឺ​ច្រើន​។​

​ទូរ​ដាក់​អីវ៉ាន់​
​ប្រសិនបើ​អ្នក មាន​ទូរ​ដែល​គ្មាន​ទ្វារ​បិទ អ្នក​គួរតែ​ឧស្សាហ៍បោ​សម្អាត ដើម្បី​កម្ចាត់​ធូលី​ដី និង​បាក់តេរី​ចេញ​។ ហើយ​ទោះបីជា​ទូរ​មាន​ទ្វារ​បិទ​ជិត​ក្តី ក៏​អ្នក​មិន​ត្រូវ​ធ្វេសប្រហែស ហើយ​ទុក​វា​ចោល​យូរ​ដែរ​។​

​ដឹង​កន្លែង​ដាក់​ស្បែកជើង​
​ធូលី​ដី និង​មេរោគ​ភាគច្រើន នៅជាប់​នឹង​ស្បែកជើង ដូច្នេះ ចូរ​រក​កន្លែង​ទុកដាក់​ស្បែកជើង​របស់​អ្នក ឲ្យនៅ​ជិត​មាត់​ទ្វារ​ចេញ​ចូល ដើម្បី​កាត់បន្ថយ​ធូលី​ដី និង​មេរោគ​ចូលទៅ​ក្នុង​ផ្ទះ​។​

​បោក​សម្អាត​វាំងនន និង​ស្រោមពូក​ស្រោម​ខ្នើយ​
​អ្នក​ប្រហែល​ជា​កម្រ​បោក​វាំងនន​ណាស់ ពីព្រោះ អ្នក​យល់ថា វា​មិន​ប្រឡាក់​ច្រើន​នោះទេ ប៉ុន្តែ ខុស​ពី​ការគិត​របស់​អ្នក វាំងនន ផ្ទុក​ទៅដោយ​ធូលី​ដី និង​មេរោគ​ជាច្រើន ដែល​អ្នក​មើល​មិនឃើញ​។ ដូច្នេះ ចូរ​បោក​សម្អាត​វា ឲ្យបាន​យ៉ាងហោចណាស់​ពីរ​ខែ​ម្តង​។ រីឯ​ស្រោមពូក​ស្រោមខ្នើយ​វិញ ត្រូវ​ឧស្សាហ៍​បោក​បន្តិច ពីព្រោះ អ្នក​ត្រូវ​ប៉ះពាល់ និង​គេង​លើ​វា​រាល់ថ្ងៃ​។ យក​ល្អ បោក​សម្អាត​វា​រៀងរាល់ ១ ឬ ២ អាទិត្យ​ម្តង​។​

​ប្រដាប់​លេង​របស់​កូន​
​បើ​កូន​របស់​អ្នក ឧស្សាហ៍​លេង​ឧបករណ៍​ទាំងនោះ នៅ​ខាងក្រៅ​ផ្ទះ អ្នក​ត្រូវ​ឧស្សាហ៍​លាង​សម្អាត​វា មុន​នឹង​យក​ចូល​ក្នុងផ្ទះ ពីព្រោះ របស់​ទាំងនោះ ពិតជា​គគ្រេច និង​គ្រោះថ្នាក់​ខ្លាំងណាស់​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។