គាំទ្រ ឬ​មិន​គាំទ្រ ចំណាត់ការ​របស់​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ?

គាំទ្រ ឬ​មិន​គាំទ្រ ចំណាត់ការ​របស់​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ?



រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ផែនការ​ដាក់​បំរាម​របស់​អភិបាល​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លង​មក​នោះ ពេល​នេះមន្ទីរ​សង្គមកិច្ច​ និង​អតីត​យុទ្ធ​ជន​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​អនុវត្ត​នូវ​វិធានការ​ក្តៅ គឺ​ចុះ​ចាប់ និង​ប្រមូល​ឧបករណ៍​របស់​តន្ត្រី​ជន​ពិការ ដែល​មាន​សកម្មភាព​ប្រគំ​រៃ​អង្គាសប្រាក់​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ ដែល​អាជ្ញាធរ​នេះបាន​ចោទប្រកាន់​ថា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សា​ធា​ណៈ និង​បន្ទាប់​ពី​អប់រំ ណែនាំ​មិន​ស្តាប់​នោះ ។

លោក​សន សុផល ប្រធាន​មន្ទីរ​សង្គមកិច្ច​ និង​អតីត​យុទ្ធ​ជន​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា អនុវត្ត​តាម​ផែនការ​របស់​សាលា​រាជធានី​ភ្នំពេញ គឺ​មិន​អនុញ្ញាត​ឱ្យ​ជន​ពិការ​មានការ​ប្រគំ​តន្ត្រី នៅ​តាម​ចិញ្ចើម​ផ្លូវ​ទៀត​ទេ គឺ​ត្រូវ​លុប​បំបាត់​ឱ្យ​អស់ ។

លោក​បន្ត​ថា ការ​លេងភ្លេង​នេះ​មិនមែន​ហាមឃាត់ ឬ​បិទ​សិទ្ធិ​ទាំងស្រុង​នោះ​ទេ ប៉ុន្តែ​ត្រូវ​រក​កន្លែង​ណា​សមរម្យ ដែល​មិន​មានការ​ប៉ះពាល់ ដោយ​មិន​អាច​ឱ្យ​ដាក់​តាម​ការ​នឹកឃើញ​បាន​ទេ ហើយ​អាជ្ញាធរ​ក៏​មានការ​ពិចារណា​ផង​ដែរ បើ​ជន​ពិការ​ណា​មានការ​លំបាក គ្មាន​ទីពឹង​ពិត​ប្រាក​ដ​មែន អាច​ស្នើ​សុំ​ឱ្យ​ជួយ​បាន​ដូច​ជា​មាន​របប​ប្រចាំខែ បើ​មាន​ជា​សមាគម​ គេ​មាន​មូលនិធិ​គេ​ជួយ គឺ​មិន​អនុញ្ញាត​ឲ្យ​ដើរ​រហេតរហូត ឬ​អនាថា​ទេ អាជ្ញាធរ​ក៏​មិន​ចង់​ធ្វើ​បែប​នេះ​ដែរ មុន​នឹង​ធ្វើ​មានការ​អប់រំ និង​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ។

លោក សន សុផល បាន​ឲ្យ​ដឹង​ទៀត​ថា កាល​ចាប់ផ្តើម​ដំបូង​មាន​ជាង​១០​ទីតាំង ក្រោយមក​អាជ្ញាធរ​បាន​ធ្វើការ​ណែនាំ គឺ​បាត់​អស់​ច្រើន នៅ​សល់​ប្រមាណ​៣​កន្លែង ដែល​មន្ទីរ​បាន​ចុះ​ឃាត់​គាត់​ដែរ តែ​មិន​ស្តាប់ រហូត​មក​ដល់​ពេល​នេះ ទើប​សម្រេចចិត្ត​ធ្វើការ​ដកហូត​ឧ​បករ​ណ៏ និង​សម្ភារៈ​តែ​ម្តង ដែល​អ្នក​ទាំងនេះ​មិនមែន​ជា​សមាគម​​ទេ គឺជា​ជន​ពិការ​ឯកជន​បាន​ធ្វើ​សកម្មភាព​ខ្លួនឯង​តែម្តង ។

ជាក់ស្តែង ខៈណៈ​នេះ មន្ទីរ​សង្គមកិច្ច​រាជធានី បាន​ចុះ​ណែនាំ និង​ដកហូត​សម្ភារ​តន្ត្រី​ជន​ពិការ​២​ក្រុម នៅ​តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត ដែល​រឹងរូស​ឱ្យ​បញ្ឈប់​សកម្មភាពដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​ជា​ការ​ព្រមាន​ឲ្យ​រាងចាល​តែ​ម្តង ។

គួរ​រំលឹក​ថា លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៤ កុម្ភៈ ២០១៦ បាន​លើក​ឡើង​ក្នុង​អង្គប្រជុំ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ក្រោម​ឱ​វាត នៅ​សាលា​រាជធានី​ភ្នំពេញថា រាល់​ការ​ប្រគំ​តន្ត្រី ដើម្បី​រៃ​អង្គាសប្រាក់​នៅ​តាម​ភ្លើងស្តុប និង​នៅ​តាម​ទី​សាធារណៈ​នានា​របស់​បងប្អូន​ជន​ពិការ ដែល​បាន​កំពុង​ធ្វើ​សកម្មភាព​រាល់ថ្ងៃ​នោះ គឺ​ចាប់ពី​ពេល​នេះ​តទៅ សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​បន្តសកម្មភាព​របស់​ខ្លួន​ទៀត​ទេ ៕