តុលាការ​ចោទ​ប្រកាន់​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី គ.ជ.ប ពី​បទ​សូក​ប៉ាន់​សាក្សី

នៅព្រឹកថ្ងៃទី២ ឧសភា នេះ មន្ត្រីសង្គមស៊ីវិល ទាំង៤រូប រួមទាំងមន្ត្រីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ត្រូវបានព្រះរាជអាជ្ញាសាលាដំបូងរាជធានីចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងបញ្ជូនបន្តទៅចៅក្រមស៊ើបសួរ។ ចំណែកលោក នី ចរិយា ត្រូវបានចោទប្រកាន់ បទផ្សំគំនិតក្នុងអំពើសូកប៉ាន់សាក្សី។

ក្រោយពីបានសាកសួរទាំងថ្ងៃទាំងយប់ ចាប់តាំងពីថ្ងៃទី១ ឧសភា មក ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ មន្ត្រីសង្គមស៊ីវិលនៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជាហៅកាត់ថា ADHOC ទាំង៤រូប និងមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត១រូបពីបទសូកប៉ាន់សាក្សី។

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ពួកគាត់ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។ ជំហានបន្តពួកគាត់ទាំង៥រូបនឹងត្រូវបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរនៅរសៀលថ្ងៃទី២ ឧសភានេះ។ តាមការចោទប្រកាន់ពីព្រះរាជអាជ្ញា បទល្មើសនេះអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។

ចំណែកលោក នី ចរិយា ជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគជប ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទផ្សំគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និងមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមលោក សំ សុគង មេធាវីការពារក្តីលោក នី ចរិយា។ លោក សំ សុគង បានបញ្ជាក់ថានៅដំណាក់កាលចៅក្រមស៊ើបសួរ កូនក្តីរបស់ធ្វើកំណត់ហេតុដើម្បីប្រមូលភស្តុតាងជាបឋមសម្រេចថាតើនៅក្រៅឃុំ ឬនៅឃុំខ្លួនបណ្តោះអាសន្ន។

មន្ត្រីទាំង៤រូបរបស់សមាគមអាដហុករួមមាន លោក នី សុខា ប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៅសមាគមអាដហុក និងអនុប្រធានពីរូបរបស់លោកគឺ លោក យី សុខសាន្ត និងលោក ណៃ វ៉ង់ ដា។ ចំណែកលោកស្រី លឹម មុនី ជាអ្នកស៊ើបអង្កេតជាន់ខ្ពស់នៅអាដហុក។ លោក នី ចរិយា អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគជប។

សូមបញ្ជាក់ថា មន្ត្រីសមាគមអាដហុក និងអគ្គលេខាធិការរង គ.ជ.ប ទាំងនោះ ត្រូវបាន ACU ឃាត់ខ្លួន កាលពីថ្ងៃទី២៨ ខែមេសា បន្ទាប់ពីអ្នកទាំងនោះបានចូលខ្លួនទៅបំភ្លឺជាបន្តបន្ទាប់តាមការកោះហៅ កាលពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមេសា កន្លងមកដែលពាក់ព័ន្ធនឹងការឆ្លើយដាក់ពីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ក្នុងសំណុំរឿងខ្សែអាត់សំឡេង ដែលគេសង្ស័យថាពាក់ព័ន្ធនឹងលោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ៕

ប្រភពៈ RFI