ទំនាក់​ទំនង​រកាំរកូស​រវាង​សង្គម​ស៊ីវិល​និង​រដ្ឋាភិបាលកម្ពុជា

ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ទៅលើមន្ដ្រីទាំង៤រូបនៃសមាគមអាដហុក នាពេលថ្មីៗនេះ បានស្ដែងឲ្យឃើញយ៉ាងច្បាស់អំពីការធ្លាក់ចុះនៃទំនាក់ទំនង ក៏ដូចជាកិច្ចសហការរវាងភាគីទាំងពីរ។ នេះមិនមែនជារឿងប្លែកទេ ព្រោះមែនទែនទៅ កិច្ចសហការល្អប្រសើរ ព្រមទាំងភាពជឿទុកចិត្តគ្នា មិនដែលមានទេ រវាងសង្គមស៊ីវិល និងរាជរដ្ឋាភិបាល។ ហេតុអ្វីបានជាដូច្នេះ?

ស្ថាប័នរដ្ឋាភិបាល ត្រូវបានបង្កើតឡើងដោយសន្លឹកឆ្នោតរបស់ពលរដ្ឋ ដើម្បីបម្រើប្រជាពលរដ្ឋ។ អង្គការសង្គមស៊ីវិលក៏ដូច្នោះដែរ។ តួនាទីរបស់សង្គមស៊ីវិល គឺការពារផលប្រយោជន៍ពលរដ្ឋ និងផលប្រយោជន៍សាធារណៈ។ មានតួនាទីដូចគ្នា រដ្ឋាភិបាលនិងសង្គមស៊ីវិល គួរតែចាប់ដៃគ្នាធ្វើការ។ ប៉ុន្តែជាការកត់សម្គាល់ នៅកម្ពុជា ទំនាក់ទំនងរវាងស្ថាប័នទាំងពីរដែលមានតួនាទីដូចគ្នានេះ បែរជាជួបភាពរកាំរកូសយ៉ាងខ្លាំង។

កន្លងមក រាជរដ្ឋាភិបាល បានបង្ហាញពីនិន្នាការមិនត្រូវគ្នាជាមួយសង្គមស៊ីវិល។ ប្រមុខរដ្ឋាភិបាលកម្ពុជាជារឿយៗ បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ឆ្លើយតបទៅនឹងការរិះគន់របស់អង្គការសង្គមស៊ីវិល។ ក្រៅពីនោះ អាជ្ញាធរ ជារឿយៗតែងតែប្រើអំណាចរបស់ខ្លួន រំខានការងារ និងការជួបជុំនានារបស់សង្គមស៊ីវិល។ ការរំខានទាំងនោះស្ដែងចេញតាមរយៈការរឹតត្បិត ការហាមឃាត់ ការពង្រាយកម្លាំងព័ទ្ធ និងពេលខ្លះ ឈានទៅដល់ការឃាត់ខ្លួននិងឃុំខ្លួនថែមទៀតផង។ ការតស៊ូមតិ ការសម្ដែងទស្សនៈ ព្រមទាំងសិទ្ធិសេរីភាពក្នុងនាមអង្គការសង្គមស៊ីវិល តែងតែត្រូវបានរឹតត្បិតដោយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច។ នៅក្នុងក្រសែភ្នែករបស់អាជ្ញាធរ អង្គការសង្គមស៊ីវិលមួយចំនួន មានសកម្មភាពដូចជាគណបក្សប្រឆាំង ដែលតែងតែរិះគន់ ដើម្បីសុំជំនួយបន្ថែមពីបរទេសតែប៉ុណ្ណោះ។

ទំនាក់​ទំនង​រកាំរកូស​រវាង​សង្គម​ស៊ីវិល​និង​រដ្ឋាភិបាលកម្ពុជា

ចំណែកអង្គការសង្គមស៊ីវិលខ្លួនឯង ក៏កម្របង្ហាញពីភាពជឿទុកចិត្តរបស់ខ្លួន ចំពោះអាជ្ញាធរមានសមត្ថកិច្ចដូចគ្នាដែរ។ ប្រតិកម្មខ្លាំងៗ ការរិះគន់ និងការមិនចូលរួមរបស់សង្គមស៊ីវិលជាមួយអាជ្ញាធរ តែងតែកើតមានជាញឹកញាប់។ ទាំងនេះបានបង្ហាញពីភាពចុះខ្សោយនៃទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

មែនទែនទៅ អង្គការសង្គមស៊ីវិល ត្រូវបានបង្កើតឡើងដើម្បីចូលរួមធ្វើឲ្យប្រសើរ និងកាត់បន្ថយនូវវិសមភាព ក៏ដូចជាភាពក្រីក្ររបស់ប្រទេស។ អង្គការសង្គមស៊ីវិល ជាតួអង្គមិនអាចខ្វះបាន ក្នុងការចូលរួមអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ សេដ្ឋកិច្ច និងសង្គមកិច្ចរបស់ប្រទេស។ ហើយរដ្ឋាភិបាល គឺជាភាគីដែលត្រូវបំពេញតួនាទីយ៉ាងសំខាន់ ដើម្បីជំរុញឲ្យមានបរិយាកាសអំណោយផលសមស្របដល់អង្គការសង្គមស៊ីវិល ក្នុងការចូលរួមដោះស្រាយបញ្ហា និងអភិវឌ្ឍប្រទេសរបស់ខ្លួន។

សំណួរសួរថា តើហេតុអ្វីបានជាកិច្ចសហការដ៏ប្រសើរមួយ មិនដែលកើតឡើងសោះ រវាងអង្គការសង្គមស៊ីវិលនិងអាជ្ញាធរមានសមត្ថកិច្ច? ហេតុអ្វីបានជាភាគីទាំងនេះ តាំងខ្លួនជាសត្រូវនឹងគ្នា ទាំងដែលមានគោលដៅរួមគ្នាតែមួយ គឺចូលរួមអភិវឌ្ឍប្រទេស?

ប្រសិនបើគេពិតជាចង់ចូលរួមអភិវឌ្ឍប្រទេស ឬចូលរួមដោះស្រាយបញ្ហាណាមួយមែននោះ សង្គមស៊ីវិល និងរដ្ឋាភិបាល អាចជួបប្រជុំទល់មុខគ្នា ស្ដាប់គ្នា និងពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយ។ នៅក្នុងសង្គមខ្មែរដែលអាជ្ញាធរចូលចិត្តស្ដាប់តែពាក្យពិរោះពិសារ ការបរិហាររិះគន់ ព្រមទាំងការធ្វើបាតុកម្មតវ៉ា ហាក់ដូចជាមិនបានជំរុញឲ្យមានដំណោះស្រាយអ្វីទេ ក្រៅតែពីធ្វើឲ្យភាគីម្ខាងទៀតក្ដៅក្រហាយ និងពន្យឺតពន្យារពេលការដោះស្រាយបញ្ហាតែប៉ុណ្ណោះ។ ភាគីទាំងសងខាង គួរតែបើកចិត្តឲ្យទូលាយជាមួយគ្នា ចៀសវាងប្រកាន់ទិដ្ឋិជាប់ជានិច្ចថា មានតែខ្លួនទេ ដែលយល់ត្រូវ និងធ្វើត្រូវជាងគេ។

ការរកឲ្យឃើញភាពជាដៃគូរវាងសង្គមស៊ីវិលនិងរាជរដ្ឋាភិបាលកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ពន្លឿនការអភិវឌ្ឍន៍ប្រទេស។ ភាពទន់ភ្លន់និងការសម្របសម្រួលត្រូវគេមើលឃើញថាជាគន្លឹះដើម្បីសម្រេចគោលដៅនេះ។ ផ្ទុយទៅវិញ ប្រសិនបើរដ្ឋាភិបាលនិងសង្គមស៊ីវិល ដែលអះអាងថាជាអ្នកបម្រើប្រជាពលរដ្ឋដូចគ្នា តែបែរជាតាំងខ្លួនជាគូបដិបក្ខ បន្តទៀតនោះ វាគឺជាបរាជ័យដ៏គួរឲ្យសោកស្តាយបំផុត។

តទៅនេះ ដល់ពេលហើយដែលអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល ត្រូវផ្លាស់ប្ដូរឥរិយាបទនៃការធ្វើការរបស់ខ្លួន ហើយងាកមកពួតដៃគ្នាធ្វើការ ដើម្បីជាប្រយោជន៍របស់ប្រទេសជាតិ។ ប្រសិនបើ សង្គមស៊ីវិលនិងអាជ្ញាធរ នៅតែគ្មានកិច្ចសហការល្អប្រសើររវាងគ្នាទេ នោះបញ្ហាប្រទេសជាតិរាប់រយជំពូកដែលនៅសេសសល់ ក៏ប្រហែលជាមិនអាចដោះស្រាយប្រកបដោយប្រសិទ្ធិភាពបានដែរ៕

ប្រភពៈ RFI