ក្រុមសូហ្វតិន្នីសកម្ពុជា នាំមេដាយចំនួន១៧គ្រឿងមកពីប្រទេសម៉ាឡេស៊ី

ក្រុមអត្តពលិកកីឡាសូហ្វតិន្នីសកម្ពុជា បានវិលមកដល់មាតុប្រទេសវិញ កាលពីព្រឹកថ្ងៃចន្ទនេះ ដោយបាននាំមេដាយប្រាក់ និងសំរឹទ្ធចំនួន១៧គ្រឿងពីការប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ាន ឆ្នាំ២០១៦ នៅប្រទេសម៉ាឡេស៊ី មកវិញ ហើយការឈ្នះមេដាយយ៉ាងច្រើននេះបានផ្តល់ឱកាសថ្មីមួយនេះឲ្យក្រុមតំណាងឲ្យកម្ពុជាមួយនេះ ទៅចូលរួមការប្រកួតជើងឯកអាស៊ី នៅប្រទេសជប៉ុន។
nocc3
នៅក្នុងចំណោមមេដាយទាំង១៧គ្រឿង ដែលទទួលបានពីការប្រកួតនេះ គឺមានមេដាយប្រាក់ចំនួន៨គ្រឿង និងមេដាយសំរឹទ្ធចំនួន៩គ្រឿង ដោយក្រុមកីឡាសូហ្វតិន្នីសកម្ពុជា បានឈ្នះនៅក្នុងការប្រកួតចំនួន១២វិញ្ញាសា គឺឯកត្តជនចំនួន៨វិញ្ញាសា ប្រកួតជាគូ៣វិញ្ញាសា និងប្រកួតជាក្រុម១វិញ្ញាសា។
nocc2
លោក ជា ប៊ុនហេង ប្រធានប្រតិភូ និងជាគ្រូបង្វឹកកីឡាសូហ្វតិន្នីសកម្ពុជា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកម៉ោង១០ ថ្ងៃចន្ទនេះថា៖«យើងដណ្តើមមានមេដាយចំនួន១៧ គឺប្រាក់៨ និងសំរឹទ្ធចំនួន៩ ប៉ុន្តែយើងបានឆ្លងកាត់ការប្រកួតយ៉ាងតានតឹងបំផុត ព្រោះការប្រកួតវិញ្ញាសាឯកត្តជន និងជាគូ មានប្រទេសចូលរួមចំនួន១០ ឯការប្រកួតជាក្រុមយើងត្រូវប្រកួតវិលជុំដោយមាន៦ប្រទេសចូលរួម(អវត្តមានវៀតណាម) ហើយចុងក្រោយយើងបានឈ្នះក្រុមហ្វីលីពីន ដើម្បីឈ្នះបានមេដាយប្រាក់ លើវិញ្ញាសានេះ»។
nocc
លោក ជា ប៊ុនហេង ដែលជាប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជាក់ថា៖«តាមរយៈការឈ្នះមេដាយនេះ ក្រុមសូហ្វតិន្នីសកម្ពុជា ត្រូវបានផ្តល់ឱកាសឲ្យទៅចូលរួមការប្រកួតជើងឯកអាស៊ី នៅប្រទេសជប៉ុន នាខែវិច្ឆិកាខាងមុខនេះ ហេតុនេះយើងសូមប្តេជ្ញាថា នឹងប្រឹងប្រែងហ្វឹកហាត់ឲ្យកាន់តែខ្លាំង ដើម្បីត្រៀមការប្រកួតកម្រិតអាស៊ីមួយនេះ»៕