ប្រធាន​គ​.​ជ​.​ប​ ៖ ​លោក​នី ចរិយា អាច​បាត់បង់​តំណែង​ប្រសិនបើ​តុលាការ​សម្រេច​ថា​ មាន​ទោស​មែន

ប្រធាន​គ​.​ជ​.​ប​ ៖ ​លោក​នី ចរិយា អាច​បាត់បង់​តំណែង​ប្រសិនបើ​តុលាការ​សម្រេច​ថា​ មាន​ទោស​មែន



ភ្នំពេញ​ ៖​ លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​​(​គ​.​ជ​.​ប​) កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៦ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​២៩​ និង​មាត្រា​៥៤៨ ​នៃ​ក្រមព្រហ្មទណ្ឌ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ចៅក្រម​ចាត់ការ​បន្ត​តាម​នីតិវិធី និង​ក៏​បាន​សម្រេច​ឃុំ​ខ្លួន​ផង​ដែរ។

ទាក់ទង​បញ្ហា​នេះ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​មាន​ប្រសាសន៍​ថា ទាក់ទង​នឹង​ករណី​លោក​នី ចរិយា ជា​អគ្គលេខាធិការ​រង គ​.​ជ​.​ប ​ដែល​ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ គឺ​ត្រូវ​រង់ចាំ​មើល​ការ​សម្រេច​របស់​តុលាការ​សិន ហើយ​ប្រសិនបើ​មានការ​ចោទប្រកាន់​មែន លោក នី ចរិយា អាច​នឹងត្រូវ​បាត់បង់​តំណែង​របស់ខ្លួន ប៉ុន្តែ​បើ​តុលាការ​សម្រេច​ថា មិនមាន​ទោស​ទេ គឺ​ឋានៈ តួនាទី មិន​បាត់បង់​ទេ តែ​យើង​ចាំមើល​ការ​សម្រេច​របស់​តុលាការ​សិន។

លោក​ស៊ិ​ក ប៊ុន​ហុក បាន​ប្រសាសន៍​យ៉ាង​នេះ​ថា “​នៅ​ក្នុង​ការគ្រប់គ្រង​មន្ត្រីរាជការ​នេះ ​វា​មាន​ច្បាប់ និង​មាន​ក្រឹត្យ​ ហើយ​ច្បាប់​នេះ​បាន​ចែង​យ៉ាង​ច្បាស់​ថា បើ​អ្នកណា​មាន​ទោស​នៅ​ក្នុង​មាត្រា​មួយ​នៃ​ច្បាប់ គ​.​ជ​.​ប គឺ​មាន​មាត្រា​៥៦​ ហើយ​បើជា​អគ្គលេខាធិការរង គឺ​ត្រូវ​បាត់បង់​តំណែង​ក្នុងករណី​ដែល​សាមីខ្លួន​ត្រូវ​ផ្តន្ទាទោស ហើយ​ក្នុងករណី ដែល​មិនទាន់​កាត់ទោស​ទេ ចូល​នៅក្នុង​ក្រឹត្យ​របស់​លក្ខន្តិកៈ​នៃ​មន្ត្រីរាជការ គ​.​ជ​.​ប ដែល​មានចែង​ល្អិតល្អន់​ពី​ករណី​របស់លោក នី ចរិយា ហើយ​នៅក្នុង​ក្រឹត្យ​ស្តីពី​លក្ខន្តិកៈ​មន្ត្រីរាជការ​នៅ គ​.​ជ​.​ប នេះ មាន​សរសេរ​នៅ​ក្នុង​ជំពូក​មួយ​ច្បាស់លាស់​តែ​ម្តង គឺ​ជំពូក​ទី​៨ ដែល​និយាយ​អំពី​ការចោទប្រកាន់​តាមផ្លូវ​តុលាការ ហើយ​ចំណុច​នេះ គឺ​ចំ​ទៅ​នឹង​ករណី​លោក នី ចរិយា ដែល​មាន​និយាយ​អំពី​អ្នករាជការ​របស់​ គ​.​ជ​.​ប ប្រសិនបើ​មានការ​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ គឺ​មាន​៣ មាត្រា គឺ​មាត្រា​៤២,៤៣,៤៤”។

ប្រធាន ​គ​.​ជ​.​ប រូប​នោះ​អះអាង​ថា “​នៅ​ក្នុង​មាត្រា​៤២ បាន​បញ្ជាក់​ថា បើ​តុលាការ​កំពុង​ចោទប្រកាន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ជំនុំជម្រះ​មន្ត្រីរាជការ​នោះ អាច​ត្រូវ​ផ្អាក​ការងារ​ជា​បណ្ដោះអាសន្ន ហើយ​ឥឡូវនេះ​ករណី​របស់​លោក​នី ចរិយា មិន​ទាន់​មាន​ការចោទប្រកាន់​ទេ ទើបតែ​បញ្ជូន​ទៅ​ហើយ​នៅក្នុង​មាត្រា​៤២ នេះ​ដែរ បើ​អ្នករាជការ​ណា​ម្នាក់​បាន​ប្រព្រឹត្ត​ល្មើស​ព្រហ្មទណ្ឌ ហើយ​ព្រះរាជអាជ្ញា​បានធ្វើការ​ចោទប្រកាន់ ព្រះរាជ​អាជ្ញាធរ​ត្រូវ​ជូនដំណឹង​ពី​ការចោទប្រកាន់​ទៅ គ​.​ជ​.​ប ក្នុង​រយៈ​៧២ ម៉ោង (៣​ថ្ងៃ​)”​។​
លោក ស៊ិ​ក ប៊ុន​ហុក បាន​លើក​ឡើង​ដែរ​ថា បញ្ហា​ខាង​លើ​នេះ ក៏​មាន​ចែង​នៅ​ក្នុង​ច្បាប់​យ៉ាង​ច្បាស់​ផង​ដែរ​ថា ក្នុង​ករណី​បទល្មើស​នោះ កើត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការបម្រើ​ការងារ​បោះឆ្នោត គ​.​ជ​.​ប ត្រូវ​ការពារ​អ្នករាជការ​នោះ ​តាម​ផ្លូវច្បាប់​ តែ​បើ​ធ្វើ​រឿង​មិន​ស្ថិតនៅ​ក្នុង​ការងារ​បោះឆ្នោត​ទេ គឺ​ត្រូវ​ទទួលខុសត្រូវ​ខ្លួនឯង ហើយ​នៅក្នុង​មាត្រា​៤៣ នៅពេល​អ្នករាជការ​ត្រូវបាន​ផ្អាក​ការងារ​តាម​បទ​ចោទ​របស់​តុលាការ​ហើយ តែ​តុលាការ​សម្រេច​ថា​មិន​មានទោស អ្នករាជការ​នោះ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលធ្វើការ​វិញ​ភ្លាម​តែម្តង ហើយ​អតីតភាព និង​ឋានន្តរសក្ដិ និង​ប្រាក់បៀវត្សរ៍​ផ្សេងៗ​ត្រូវ​គិតគូរ​ទាំងអស់​ឲ្យ​អ្នកនោះ​វិញ។ ចំណែក​មាត្រា​៤៤ អ្នករាជការ​ ដែល​ត្រូវ​តុលាការ​កាត់ទោស​បទមជ្ឈិម ឬ​ឧក្រិដ្ឋ​ត្រូវ​លុបឈ្មោះ​ចេញពី​មន្ត្រីរាជការ គ​.​ជ​.​ប នេះ​គឺ​មាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​ច្បាប់​ស្ដីពី​ គ​.​ជ​.​ប ប៉ុន្តែ​បើ​ធ្វើ​ការងារ​ក្រៅ​មិន​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់ គ​.​ជ​.​ប ជួយ​ទេ។

ជាមួយនឹង​បញ្ហា​ខាងលើនេះ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ស៊ិ​ក ប៊ុន​ហុក បាន​អះអាងថា លោក​បានរៀបចំ​ក្រុមការងារ​មួយ ដើម្បី​ចុះទៅ​សួរនាំ​លើ​បញ្ហា​លោក​នី ចរិយា​នេះ​ផងដែរ ពីព្រោះ​យើង​ជា​ម៉ែ​ជា​ឪ​របស់​គេ ដូច្នេះ​យើង​កំពុង​រង់ចាំ​របាយការណ៍ តែ​នៅក្នុង​អនុវត្ត​យើង​មិនអាច​ប្រាសចាក​អំពី​ច្បាប់ និង​ក្រឹត្យ​នោះទេ​។​

សូមបញ្ជាក់ថា មន្ត្រី​សមាគម​អាដហុក​៤ រូប និង​អគ្គលេខាធិការរង គ​.​ជ​.​ប មួយរូប ត្រូវបាន​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង ចោទប្រកាន់​ជា​ផ្លូវការ​ហើយ ពីបទ​សូកប៉ាន់​សាក្សី ដែល​ក្នុងនោះ លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វ៉ង់​ដា និង​លោកស្រី លឹម មុន្នី ជា​មន្ត្រី​អាដហុក ត្រូវបាន​ចោទ​ពីបទ​សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​លោក នី ចរិយា អគ្គលេខាធិការរង គ​.​ជ​.​ប ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី តាម​មាត្រា​២៩ និង​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​។ ដោយឡែក​លោក សឺ​ន សាលី ជា​ម​ន្ត្រី​អង្គការសហប្រជាជាតិ (UN) ដែល​កំពុង​គេចខ្លួន ក៏ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ផងដែរ៕